Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កើប​ប្រាក់​ជាង ៥ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​កាហ្វេ សម្រាប់​ឆ្នាំ​ដាំដុះ ២០២៣-២៤

បានផុស

នៅ

កាសែត​​ក្នុង​ស្រុក​ Viet Nam News បាន​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​អង្គារ​ថា​ ការ​នាំ​ចេញ​កាហ្វេ​របស់​វៀត​ណាម​ ​បាន​កើន​លើស​ ៥ ប៊ីលាន​ដុល្លារ​ជា​លើក​ដំបូង​សម្រាប់​រដូវប្រមូលផល​ឆ្នាំ​ ២០២៣-២៤ ដែល​កំណត់​ចន្លោះ​ពី​ថ្ងៃ​ទី​ ០១ ​​តុលា​ ២០២៣ ដល់​ថ្ងៃ​ទី​ ៣០ កញ្ញា ២០២៤។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) លោក Nguyễn Nam Hải បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ​ប្រមូល​ផល​ ២០២៣-២៤ វៀតណាមបាននាំចេញកាហ្វេប្រមាណ ១,៤៦ លានតោន ដោយ​ថយចុះ ១២,១ ភាគរយ បើធៀបនឹងឆ្នាំមុន។

យ៉ាង​ណា​មិញ​ តម្លៃនៃការនាំចេញវិញ​ បានកើនឡើង ៣៣,១ ភាគរយ​ ដោយ​ឈាន​ដល់​ ៥,៤៣ ប៊ីលាន​ដុល្លារ​ ដែល​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ លោក Hải បាន​បន្ត​ថា នេះក៏ជាលើកទី១ផង​ដែរ ដែលការនាំចេញកាហ្វេរបស់វៀតណាម​គិត​តែ​១​រដូវ​កាល​ប្រមូលផល​ ​បាន​កើនលើសចំនួន ៥ ប៊ីលានដុល្លារ។

យោងតាមអគ្គនាយកដ្ឋានគយ គិត​តែ​ក្នុងខែកញ្ញា​ តម្លៃនាំចេញជាមធ្យមរបស់កាហ្វេវៀតណាម បាន​ឈានដល់ ៥ ៤៦៩ ដុល្លារ/តោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរហូតមកដល់ពេលនេះ ដោយ​កើនឡើង ៥,៨ ភាគរយ ធៀបនឹងខែសីហា និង ៦៨,៧ ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ ២០២៣។

សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់វៀតណាម ដែល​ប្រទេស​នាំ​ចូល​ធំ​ៗ​រួម​មាន​អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដោយ​សុទ្ធ​តែ​តម្លៃ​កើន​ឡើង​។ ទីផ្សារសំខាន់ៗផ្សេងទៀតដូចជាជប៉ុន និងរុស្ស៊ី ក៏បានឃើញកំណើនដ៏រឹងមាំនៃតម្លៃកាហ្វេ​នាំចេញផង​ដែរ​ បើទោះបីជាបរិមាណធ្លាក់ចុះក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម