ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវមួយនៅស្រុកថ្មគោល សម្រុកទិញស្រូវផ្ការំដួល ឲ្យតម្លៃ ១ ៣៦០ រៀល ក្នុង១គីឡូសើម
ឧកញ៉ា ឡាយ ឈុនហួ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» ដែលជារោងម៉ាស៊ីនធំជាងគេនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យ«កម្ពុជាថ្មី»ដឹងថា បច្ចុប្បន្ននេះ រោងម៉ាស៊ីនកំពុងសម្រុកបញ្ជាទិញស្រូវប្រភេទផ្ការំដួលលេខ១ ចន្លោះពី ១ ៤០០ ទី ១ ៦០០តោន ក្នុង ១ ថ្ងៃ សម្រាប់កិននាំចេញឆ្លើយតបឱ្យទាន់តម្រូវការទីផ្សារអន្តរជាតិ។

ឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ឱ្យដឹងថា សព្វថ្ងៃខាងក្រុមហ៊ុនបានកំពុងមានតម្រូវការខ្ពស់លើការនាំចេញអង្ករទៅទីផ្សារខាងក្រៅ។ ដូច្នេះដើម្បីអាចឆ្លើយតបឱ្យទាន់ទៅនិងតម្រូវការនៃការនាំចេញ បច្ចុប្បន្នរោងម៉ាស៊ីនបានប្រមូលទិញស្រូវតែមួយប្រភេទប៉ុណ្ណោះ គឺស្រូវផ្ការំដួល ដោយក្នុងមួយថ្ងៃទិញចូលចន្លោះពី ១ ៤០០ ទៅ ១ ៦០០ តោន ក្នុងតម្លៃ ១៣៦០រៀលក្នុង ១គីឡូសើម ដែលកសិករដឹកមកដល់រោងម៉ាស៊ីនផ្ទាល់ ឬស្មើនឹង ១ ៣៦០ ០០០ ក្នុង ១ តោនសើម ជាស្រូវប្រភេទលេខ១។ ស្រូវទាំងនេះ ភាគច្រើនខាងរោងម៉ាស៊ីនធ្វើការប្រមូលទិញពីតាមបណ្តាខេត្តចំនួន ៤ ដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តសៀមរាប។
ឧកញ៉ាបានសង្កត់ធ្ងន់បន្ថែមថា «បច្ចុប្បន្នដោយសារតែក្រុមហ៊ុនមានតម្រូវការនាំចេញខ្ពស់ទៅលើប្រភេទស្រូវផ្ការំដួល ហេតុដូចនេះហើយទើបខាងរោងម៉ាស៊ីន ធ្វើការប្រមូលទិញតែស្រូវមួយប្រភេទនេះប៉ុណ្ណោះដើម្បីបង្កើនល្បឿននៃការទិញចូល»។

លោកបន្តថា «កាលណារោងម៉ាស៊ីនទិញចូលច្រើនប្រភេទពេក ជាហេតុធ្វើឱ្យមានការបែងចែកឡនិងទីកន្លែងច្រើន នោះក៏ជាបញ្ហាដែលធ្វើឱ្យការប្រមូលទិញមានភាពយឺតយ៉ាវផងដែរ»។
យ៉ាងណាមិញ ពាក់ព័ន្ធទៅការផ្គត់ផ្គង់វិញ ឧកញ៉ាបានគូសបញ្ជាក់ថា «សព្វថ្ងៃយើងក៏ឃើញមានក្រុមហ៊ុនផ្សេងៗបានប្រមូលទិញនូវប្រភេទស្រូវផ្សេងៗដែរ ហើយទីផ្សារស្រូវទាំងនោះក៏ទទួលបានតម្លៃលើទីផ្សារល្អ ដូច្នេះខាងរោងម៉ាស៊ីនរបស់យើងក៏មិនបានចុះអន្តរាគមន៍ទៅលើប្រភេទស្រូវទាំងអស់នោះដែរ គឺរោងម៉ាស៊ីនផ្តោតលើការទិញចូលប្រភេទផ្ការំដួលមួយមុខប៉ុណ្ណោះ»។

ស្របពេលជាមួយគ្នានេះដែរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ ក៏បានអះអាងបន្ថែមថា សម្រាប់ទីផ្សារនាំចេញដោយសារតែបច្ចុប្បន្នក្រុមហ៊ុនមានទីផ្សារច្រើនទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ដូច្នេះហើយខាងរោងម៉ាស៊ីនគឺនៅមិនទាន់សម្លឹងមើលទីផ្សារផ្សេងទៀតនៅឡើយទេ ក្រៅតែពីខំពង្រីកទីផ្សារដែលកំពុងដើរបានល្អនាពេលបច្ចុប្បន្ននេះឱ្យដល់កម្រិតអតិបរមាសិន។

រយៈពេល ៨ ខែ ឆមាសទី១ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន «City Rice Import Export» បាននាំចេញអង្ករប្រមាណជិត ៥ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិដូចជា ប្រទេសនៅសហភាពអឺរ៉ុប ប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី អូស្ត្រាលី ណូវេហ្សេឡង់ ចក្រភពអង់គ្លេស បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក និងកោះ New Caledonia ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ លានដុល្លារអាមេរិក ខណៈបរិមាណនាំចេញមានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


