ព័ត៌មានជាតិ
កសិករក្នុងក្រុងបាត់ដំបងកែច្នៃមើមរមៀតធ្វើជាឱសថ រកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ
មើមរមៀតមិនត្រឹមជាគ្រឿងទេសដ៏សំខាន់ ក៏ត្រូវគេបានយកទៅកែច្នៃជាម្សៅសម្រាប់ជួយដល់សុខភាព ជាពិសេសយកទៅផ្សំជាមួយរុក្ខជាតិផ្សេងទៀត ដែលអាចបង្កើតជាថ្នាំឱសថបុរាណយ៉ាងពូកែ។
មើមរុក្ខជាតិឱសថនេះត្រូវបានពលរដ្ឋក្នុងក្រុងបាត់ដំបងកែច្នៃកិនជាម្សៅលក់ ដែលអាចរកចំណូលទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

ជាស្ត្រីមេផ្ទះរស់នៅក្នុងក្រុងបាត់ដំបង អ្នកស្រី ឃន ធឿន បានចាប់យករបរកែច្នៃមើមរមៀត ដើម្បីដោះបន្ទុកជីវភាពគ្រួសារ ដោយការចាប់ផ្តើមដំបូង អ្នកស្រីបានចំណាយថវិកាទិញម៉ូទ័រកិនខ្នាតតូចមួយ ដើម្បីកិនមើមរមៀតលក់ដល់អតិថិជន។
ការកែច្នៃមើមរមៀត អ្នកស្រី ឃន ធឿន ប្រាប់ថា ប្រឈមផលលំបាកខ្លះៗ។ អ្នកស្រីត្រូវដើរទិញមើមរមៀតស្រស់ពីទីផ្សារ ហើយចំណាយពេលហាលឲ្យស្ងួត ទើបយកមកកិនជាម្សៅ។ យ៉ាងណាមិញ ទោះបីជួបការលំបាកខ្លះៗ តែចំណូលពីមុខរបរនេះបានជំរុញទឹកស្រីអ្នកស្រីឲ្យបន្តការងារ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ។

អ្នកស្រី ឃន ធឿន បានឲ្យដឹងថា ម្សៅរមៀតដែលអ្នកស្រីលើកឲ្យម៉ូយក្នុងមួយខាំលក់បាន ៦ ពាន់រៀល ហើយ ១ គីឡូក្រាម ៦ មុឺនរៀល ខណះអ្នកស្រីផលិតបានក្នុងមួយថ្ងៃបានចន្លោះពី ៥ ទៅ ៨ គីឡូក្រាម។
អ្នកស្រីបន្តថា អ្វីដែលធ្វើឲ្យអ្នកស្រីប្រឈមគឺដើរទិញមើមស្រស់តាមទីផ្សារក្នុងតម្លៃ ១ គីឡូក្រាម ៣៥០០ រៀល ខណះទិញតាមចម្ការឬតាមភូមិ ១ គីឡូក្រាមតម្លៃត្រឹមចន្លោះពី ៧០០ ទៅ ១៥០០ រៀល ហើយអ្នកស្រីក៏ត្រូវចំណាយពេលហាលឲ្យស្ងួតទៀត ដើម្បីកិនជាម្សៅលក់ឲ្យម៉ូយ។

សម្រាប់អ្នកស្រី ធឿន មុខរបរនេះដំណើរការបានល្អ ហើយអាចរកចំណូលបានគ្រាន់បើធ្វើឲ្យគ្រួសារអ្នកស្រីមិនលំបាកដូចមុន ដែលជំរុញឲ្យអ្នកស្រីកាន់តែតស៊ូធ្វើ ដើម្បីជីវភាពនិងអនាគតកូនៗ។
អ្នកស្រីបន្តថា បើគិតត្រួសៗក្នុងរយៈពេល ៥ ទៅ ១០ ថ្ងៃ អ្នកស្រីលក់ម្តងបានថវិកាចន្លោះពី ១២ ទៅ ២២ មុឺនរៀល ទៅតាមម៉ូយកម្ម៉ង់តិចឬច្រើន បើមានម៉ូយកម្ម៉ង់ច្រើនក៏បានចំណូលច្រើនជាងនេះដែរ។
កសិករម្នាក់ទៀតរស់នៅស្រុកសង្កែ គឺលោក សារុន បានឲ្យដឹងដែរថា ដំណាំរមៀតលោកបានដាំនៅក្នុងដីភូមិបានជិត ១ រ៉ៃដែរ ហើយក៏មានគេមកទិញជាបន្តបន្ទាប់ដោយលោកលក់ ១ គីឡូក្រាមត្រឹម ៧០០ រៀលប៉ុណ្ណោះ។ តែក្នុងរយះពេលប្រហែល ១ ខែចុងក្រោយនេះ បានកើនតម្លៃក្នុង ១ គីឡូក្រាមចន្លោះពី ៩០០ ទៅ ១០០០ រៀលក្នុង១គីឡូក្រាម។
លោកបន្តថា បើលោកប្រមូលផលហើយយកទៅលក់លើទីផ្សារខ្លួនឯងបានចំណូលច្រើនគួរសម ដោយលក់បានចន្លោះពី ២ ៥០០ ទៅ ៣ ០០០ រៀល ក្នុងមួយគីឡូក្រាម (សម្រាប់មើមរមៀត)។ ដោយឡែកក្បាលរមៀតលក់បានចន្លោះពី ៣ ៥០០ ទៅ ៤ ០០០ រៀល ក្នុងមួយគីឡូក្រាម ដែលភាគច្រើនគេទិញយកទៅកែច្នៃជាម្សៅរមៀតដើម្បីធ្វើជាឱសថ។
បើតាមមន្ត្រីនៃមន្ទីរសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំរមៀតមានកសិករដាំច្រើនក្នុងខេត្តបាត់ដំបង គឺក្នុងស្រុកកំរៀង មានផ្ទៃដី ១៥ ហិកតា និងស្រុកបាណន់ ០៧ ហិកតា។
ក្រៅពីនេះនៅមានក្នុងស្រុកសំឡូត និងរតនមណ្ឌល ហើយនៅក្នុងខេត្តក៏មានប្រជាពលរដ្ឋដាំតាមដីភូមិខ្លះៗដែរ សម្រាប់លក់លើទីផ្សារធ្វើជាគ្រឿងទេស។ ចំណែកកសិករដាំច្រើនគឺសម្រាប់លក់ចេញ ឲ្យក្រុមហ៊ុនកែច្នៃធ្វើជាម្សៅលក់តាមបណ្តាខេត្ត និងមាននាំចេញក្រៅស្រុកតាមរយះវិនិយោគជាមួយក្រុមហ៊ុនឥណ្ឌា៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


