ព័ត៌មានជាតិ
វិនិយោគិនមានសក្តានុពលខ្ពស់ ២ រូប ស្នើចូលសញ្ជាតិខ្មែរ គ្រោងបោះទុនវិនិយោគរយលាននៅខេត្តព្រះសីហនុ
បើយោងតាមប្រភពពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានឲ្យដឹងថា មានការស្នើសុំចូលសញ្ជាតិខ្មែររបស់វិនិយោគិនដ៏មានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគទុនរយលានដុល្លារក្នុងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ព្រមទាំងពិនិត្យការស្នើចូលសញ្ជាតិខ្មែររបស់វិនិយោគិន ២ រូប ដែលមានគម្រោងវិនិយោគដ៏ធំក្នុងខេត្តព្រះសីហនុក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”។

បើតាមមន្រ្តីក្នុងកិច្ចប្រជុំបានឲ្យដឹងថា ក្នុងកិច្ចប្រជុំបានពិនិត្យនិងពិភាក្សា ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការស្នើចូលសញ្ជាតិខ្មែររបស់វិនិយោគិនដែលមានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និង ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបចំនួន ១១០ លានដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ ហិកតា។

ពាក់ព័ន្ធការស្នើសុំចូលសញ្ជាតិរបស់វិនិយោគិនដ៏មានសក្តានុពលនេះ កម្ពុជាថ្មីមិនទាន់អាចសាកសួរព័ត៌មានបន្ថែមពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុជុំវិញអត្តសញ្ញាណវិនិយោគិនទាំង ២ រូប ដែលស្នើសុំចូលសញ្ជាតិខ្មែរ ហើយដែលគ្រោងបោះទុនវិនិយោគរយលានដុល្លារនៅខេត្តព្រះសីហនុ ខណៈដែលលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កម្ពុជាថ្មីបានទំនាក់ទំនងសាកសួរតាមតេលេក្រាម តែលោកមិនទាន់មានការឆ្លើយតបទេមកដល់ពេលនេះ។
បើយោងតាមច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ២០១៨ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិជូនជនបរទេសបានកំណត់នូវលក្ខខណ្ឌមាន ០៤ (បួន) ករណីគឺ (១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (២) ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង (៤) ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
នៅចំណុចទី ៤ ពាក់ព័ន្ធការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម គឺសំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេសដោយផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ ការវិនិយោគ អំណោយសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស។
តាមមាត្រា ២១ នៃច្បាប់សញ្ជាតិខ្មែរបានបញ្ជាក់ថា ជនបរទេសណាដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្ដែងក្នុងប្រទេសកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន។
ដោយឡែក (មាត្រា២២) ចំពោះជនបរទេសណាដែលបានផ្ដល់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ជនបរទេសនោះនឹងអាចសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌពេញលេញ ហើយដែលចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគគឺត្រូវកំណត់ដោយអនុក្រឹត្យ។
ចំណែក (មាត្រា២៣) ជនបរទេសដែលបានបង្ហាញភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិ ឬថ្វីដៃអ្វីមួយអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន
សរុបមកជនបរទេសដែលស្នើសុំសញ្ជាតិខ្មែរត្រូវគោរពតាមបែបបទ និងនីតិវិធីនៃច្បាប់ស្តីពីសញ្ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេសគឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ ហើយត្រូវចូលទៅធ្វើសម្បថនៅចំពោះមុខតុលាការកំពូល៕
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


