ព័ត៌មានអន្ដរជាតិ
អតិផរណាចិនបន្តខ្សោយ ខណៈសេដ្ឋវិទូព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ចកាន់តែខ្លាំង
អតិផរណាអ្នកប្រើប្រាស់របស់ចិនប្រចាំខែវិច្ឆិកា មានកំណើនទាបបំផុតក្នុងរយៈពេល៥ខែ ខណៈបរិត្តផរណារបស់រោងចក្រនៅតែបន្ត ដែលវាបង្ហាញពីភាពនៅមានកម្រិតរបស់ប្រសិទ្ធភាពនៃគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កម្សោយនៃអតិផរណានេះ បន្តកើតឡើងខណៈចិននៅតែត្រដាបត្រដួសនឹងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលញ៉ាំញីដោយបរិត្តផរណា កម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យ ចំពេលដែលសេដ្ឋវិទូសម្ដែងការព្រួយបារម្ភពីហានិភ័យនៃសេដ្ឋកិច្ចថ្មី ដែលអាចកើតមានឡើងពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិ ចេញផ្សាយនាថ្ងៃចន្ទនេះ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅខែវិច្ឆិកា តិចជាងអត្រាកំណើន ០,៣ ភាគរយ នៅខែតុលា និងអត្រាព្យាករណ៍ ០,៥ ភាគរយ។
ជាមួយគ្នានេះ CPI ប្រចាំខែ បានធ្លាក់ចុះដល់ ០,៦ ភាគរយ នៅខែវិច្ឆិកា ធៀបការធ្លាក់ចុះ ០,៣ ភាគរយ នៅខែតុលា។

មន្រ្តីរបស់ការិយាល័យស្ថិតិជាតិ លោក Dong Lijuan បានថ្លែងថា ការធ្លាក់ចុះនៃ CPI ប្រចាំខែលឿនជាងមុន ភាគច្រើនគឺដោយសារតែការធ្លាក់ចុះនៃតម្លៃម្ហូបអាហារ។ លោកបន្តថា ចិនបានកត់ត្រាសីតុណ្ហភាពមធ្យមជាតិប្រចាំខែវិច្ឆិកា ខ្ពស់ជាងពេលណាៗទាំងអស់ ធៀបនឹងខែដូចគ្នា រាប់តាំងពីឆ្នាំ ១៩៦១។ ការណ៍នេះ បានផ្ដល់ជាអំណោយផលដល់ការផលិត និងការដឹកជញ្ជូនទំនិញកសិកម្ម ដែលជួយធ្វើឱ្យតម្លៃអាហារធ្លាក់ចុះ។
សូចនាករអតិផរណាផ្សេងទៀត ក៏ខ្សោយផងដែរ។ អតិផរណាស្នូល ដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើងដល់ ០,៣ ភាគរយ កាលពីខែវិច្ឆិកា ធៀបនឹងកំណើន ០,២ ភាគរយ កាលពីខែតុលា។
នៅក្នុងវិស័យរោងចក្រឯណោះវិញ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ ២,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅខែវិច្ឆិកា។ ថ្វីត្បិតតែវាទាបជាងការធ្លាក់ចុះ ២,៩ ភាគរយ នៅខែតុលា ប៉ុន្តែវាជាការបន្តធ្លាក់ចុះ ២៦ ខែជាប់ៗគ្នា។
អ្នកវិភាគមើលឃើញថា កំណើននៃអតិផរណាស្នូល និងការថមថយនៃការធ្លាក់ចុះនូវ PPI បង្ហាញពីប្រសិទ្ធភាពខ្លះៗនៃគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន។ យ៉ាងណាមិញ សមត្ថភាពផលិតលើសតម្រូវការក្នុងស្រុកចិន នឹងធ្វើឱ្យអតិផរណាស្ថិតនៅក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៥ និងអាចលើសនេះទៀតផង ខណៈគោលនយោបាយពន្ធរបស់អាមេរិក អាចនឹងធ្វើឱ្យបញ្ហានេះនៅតែដុនដាប៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី