Connect with us

ព័ត៌មានជាតិ

ការនាំចេញតាមតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រេចបានជាង១,៨៨០លានដុល្លារក្នុងឆ្នាំ២០២៤

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរាយការណ៍ថា ការនាំចេញពីបណ្តារោងចក្រនានានៅក្នុងទីតាំងរបស់ខ្លួន នៅឆ្នាំ​២០២៤កន្លងទៅនេះទទួលបាននូវកំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១,៨៨០លានដុល្លារ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី១៨នេះ ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញបានកើនឡើងទ្វេដងពី ៣១៦លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារក្នុងឆ្នាំ២០២១។ ហើយការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយ ឈានដល់ ១,៦២១លានដុល្លារក្នុងឆ្នាំ២០២៣។

សម្រាប់ឆ្នា​២០២៤កន្លងទៅនេះ ​តម្លៃនាំចេញបានកើនឡើងដល់ ១,៨៨០លានដុល្លារ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំមុន។ «យើងខ្ញុំមានមោទនភាព យ៉ាងក្រៃលែងក្នុងការរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦,៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា»។

គួរបញ្ជាក់ថា​RGPPSEZ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦​ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។

«បន្ទាប់ពីរយៈពេល​១៩ឆ្នាំ យើងខ្ញុំមានមោទនភាពក្រៃលែង ដែលបានឃើញតំបន់នេះមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ តំបន់យើងខ្ញុំបានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥​ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី​ ការដំឡើង រថយន្ត និងគ្រឿងបង្គុំរថយន្ត»។ នេះបើយោងតាមតំបន់សេដ្ឋកិច្ចពិសេស។

បើយោងតាម RGPPSEZ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា​ចំនួន ៤៧,៨០០​ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

«ដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាតត្បាតនៃ ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព អ្នកវិនិយោគទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ នៅតែអាចបន្តប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។ នាពេលបច្ចុប្បន្ន ទូទាំងប្រទេស យើងអាចសង្កេតឃើញថា វិស័យសំខាន់ៗទាំងឡាយ កំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥បន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ដែលបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា»។ នេះបើតាមការគូសបញ្ជាក់ពី RGPPSEZ។

RGPPSEZ បានថ្លែងបន្តទៀតថា៖«ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សមិទ្ធិផលទាំងអស់នេះ ជាកម្លាំងចលករជំរុញឱ្យ យើងខ្ញុំបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការ បង្កើនឱកាសអាជីវកម្ម រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម