ព័ត៌មានជាតិ
NBC៖ ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនឹងកើនឡើងក្នុងអត្រា៦%នៅឆ្នាំនេះ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងថា ប្រព័ន្ធធនាគារនឹងបន្តអភិវឌ្ឍដោយរឹងមាំ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចតាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថាកើនឡើងក្នុងអត្រាមធ្យម៦%ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់។

ការឡើកឡើងរបស់លោកស្រីបណ្ឌិតបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំ២០២៤ឆ្នាំ និងទិសដៅសម្រាប់ឆ្នាំ២០២៥ ចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងក្នុងអត្រា៦ភាគរយ នាឆ្នាំ២០២៤ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ។ ខណៈ អតិផរណាជាមធ្យមមានកម្រិតត្រឹម០,៨ភាគរយ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។
លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម៤.០៧១រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩វិញ។

លោកស្រីថាចំពោះប្រព័ន្ធធនាគារ ឥណទាននៅតែបន្តកើនឡើងតែក្នុងល្បឿនយឺតជាងមុន។ ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់»។
ទោះជាយ៉ាងណា លោកស្រីថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន១៦,៣ភាគរយ ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុននិងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី២១ ខែកុម្ភៈនេះថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅតែល្អប្រសើរ ទោះបីជាមានកំណើនយឺតជាងការរំពឹងទុក។ ប៉ុន្តែលោកថា វិស័យនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលលំបាកប៉ុន្មានឆ្នាំមកនេះ។

លោកបានថ្លែងថា៖«សម្រាប់ការព្យាករណ៍របស់ធនាគារជាតិគឺពិតជាមិនខុសពីអ្វីដែលយើងខ្ញុំបានព្យាករណ៍ដែរ តាមរយៈការមើលតាមរបាយការណ៍របស់សមាគមធនាគារ និងតាមរយៈស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង គឺការប៉ាន់ស្មានកំណើននៃវិស័យនេះក្នុងអត្រា៦%គឺត្រឹមត្រូវ។ យើងឃើញថាឥណទានកាលពីឆ្នាំ២០២៤កន្លងទៅយើងមានកំណើនក្នុងអត្រា៣% ដូច្នេះសម្រាប់ឆ្នាំ២០២៥អាចកើនក្នុងរង្វង់៦ឬជាង៦%»។
បើតាមលោកចៅចេក ធនាគាររបស់លោកបានធ្វើការព្យាករណ៍ថាកំណើនឥណទានរបស់ខ្លួននឹងកើនឡើងជាង១០%នៅឆ្នាំ២០២៥ ដោយសារតែកាលពីឆ្នាំ២០២៤ បានកើនឡើងក្នុងអត្រា១០%។
របាយការណ៍ប្រចាំឆ្នាំរបស់ NBC គិតត្រឹមឆ្នាំ២០២៤ ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានកើនឡើងក្នុងអត្រា ៣ ភាគរយដែលមានចំនួនរហូតដល់ ៥៩,៩ពាន់លានដុល្លារ ខណៈពេលដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ១៦,៣ភាគរយកើនដល់ ៥៧ ពាន់លានដុល្លារ។ ក្នុងនោះដែរ សម្រាប់ឥណទានមិនដំណើរការ (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអត្រា ៧,៩ភាគរយ និង ៩ ភាគរយរៀងៗគ្នា។

របាយការណ៍នេះបានឱ្យដឹងទៀតថាទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើងដល់ ៩១,១ពាន់លានដុល្លារនៅឆ្នាំត្រឹមដំណាច់ឆ្នាំ២០២៤ពោលគឺកើនឡើង ៧ភាគរយពីធៀបទៅឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៥និងគ្រឹះស្ថានឥណទានជនបទចំនួន ១១៤ ដែលមានគណនីបញ្ញើចំនួន ២៣,៣ លានគណនី និងគណនីឥណទានចំនួន ៤ លានគណនី៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


