Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញវៀតណាមរំពឹង​ពីការស្ទុះងើបឡើងវិញនៃការនាំចេញអង្ករ

បានផុស

នៅ

ខណៈតម្លៃអង្ករស្ថិតនៅក្នុងកម្រិតទាបនាពេលបច្ចុប្បន្ន​ អ្នកជំនាញវៀតណាម​រំពឹង​ថា​ ការនាំចេញអង្កររបស់ប្រទេស​នឹង​ស្ទុះងើប​ឡើងវិញ នៅពេលមាន​​តម្រូវការច្រើន ដែល​អាច​នឹង​ជំរុញ​តម្លៃជាថ្មី​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អនុប្រធានសមាគមស្បៀងអាហារវៀតណាម (VFA) លោក Đỗ Hà Nam បាននិយាយថា តម្រូវការអតិថិជននៅតែមានកម្រិតខ្ពស់ ដោយវៀតណាមបាននាំចេញអង្ករជាង ១ លានតោនក្នុងរយៈពេល ២ ខែដំបូង ដើម​ឆ្នាំនេះ។

លោក​បន្ត​ថា ការ​ប្រមូល​ផល​រដូវ​រងា​ គឺជា​ការប្រមូលផល​នៃស្រូវមាន​គុណភាពល្អបំផុតប្រចាំឆ្នាំ ដែលវា​​ជា​រយៈពេល​ទិញ​ដ៏សំខាន់​សម្រាប់​ប្រទេស​​នាំ​ចូល។ ជាមួយ​គ្នា​នោះ ប្រទេសដែលមានតម្រូវការខ្ពស់ ទំនងជានឹងបន្តទិញ​របស់ខ្លួន​វិញ​ក្នុងពេលឆាប់ៗនេះ ដើម្បីជៀសវាងកង្វះខាត​ការផ្គត់ផ្គង់។

ចំណែកឯ​ លោក V. Subramanian សហស្ថាបនិកនៃវេទិកាទីផ្សារអង្ករពិសេស SSricenews បានបន្ទរពីទស្សនវិស័យកំណើន​តម្រូវការ​។ ថ្លែងក្នុងសន្និសីទនាពេលថ្មីៗនេះនៅទីក្រុងហូជីមិញ​ លោកបានចង្អុលបង្ហាញពីការកើនឡើងនៃតម្រូវការពីម៉ាឡេស៊ី ចិន និងអាហ្វ្រិក ដែល​រៀបចំសម្រាប់​ការទិញ។ និន្នាការនេះ បង្ហាញពី​ការលទ្ធភាព​នៃការជួញដូរ​អង្ករ​ធំ នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ។

ជុំវិញ​បញ្ហា​នេះផងដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Đỗ Đức Duy មានប្រសាសន៍ថា ស្ថានភាពទីផ្សារបច្ចុប្បន្ន ស្ថិតនៅក្នុង​ដំណាក់កាលកែតម្រូវ ដែលអ្នកជំនាញចាត់ទុកថាជាការប្រែប្រួលធម្មតាសម្រាប់ទំនិញ រួមទាំងអង្ករផងដែរ។ យ៉ាងណាមិញ​ រដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្ន តាមដានយ៉ាងដិតដល់នូវស្ថានភាព​ទីផ្សារ និងអនុវត្តគោលនយោបាយ ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្រូវការទាំងក្នុង និងក្រៅប្រទេស។

គួរគូស​បញ្ជាក់ថា​ ឧស្សាហកម្មអង្ករវៀតណាមនឹងរក្សាគោលដៅនាំចេញរបស់ខ្លួនប្រមាណ ៧,៨ លាន​តោន នៅឆ្នាំនេះ ខណៈធានានូវតម្លៃប្រកួតប្រជែងលើមុខប្រភេទ​អង្ករដែលមានគុណភាពខ្ពស់ ដើម្បីទទួលបានប្រាក់ចំណេញរឹងមាំសម្រាប់អាជីវកម្ម និងកសិករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម