សេដ្ឋកិច្ច
កសិករឃុំទួលសូភី ថា ទោះ តាសក់ផ្អរ ធ្លាក់ថ្លៃបន្តិចមែន តែមិនពិបាកលក់ទេ
កសិករនៅឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើទោះបី តាសក់ផ្អរ ធ្លាក់ថ្លៃបន្តិចមែន ប៉ុន្តែមិនពិបាកលក់ទេ ដោយមានម៉ូយចុះទិញដល់ចម្ការតែម្ដង ហើយអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរថែមទៀតផង។

កសិករប្រមាណ ១៥ គ្រួសារ ក្នុង ៣ ភូមិ នៃឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សប្បាយចិត្តក្នុងការប្រមូលផលតាសក់ផ្អរ ដោយប្រើរយៈពេលតែ ១ ខែ ៥ ថ្ងៃប៉ុណ្ណោះ អាចប្រមូលផលបានហើយ ដោយពួកគាត់មិនបង្អង់ដៃនោះទេ ជាផែនការក្នុង ១ ឆ្នាំ គឺបន្ថែមការដាំដុះឲ្យបាន ៥ ដង។ ឆ្នាំនេះ ទិន្នផលតាសក់ផ្អរឲ្យផលមិនខុសពីឆ្នាំទៅនោះទេ គ្រាន់តែទីផ្សារធ្លាក់តម្លៃជាងឆ្នាំទៅ។ ឆ្នាំទៅ តម្លៃ១ ៧០០ រៀល ដោយឡែក ឆ្នាំនេះ លក់បានតែ ៨០០ រៀល ប៉ុណ្ណោះ តែទោះយ៉ាងណាតាសក់មិនពិបាកលក់ទេ គឺមានម៉ូយចុះទិញដល់ចម្ការតែម្ដង។ នៅលើផ្ទៃដី ២០ អា ក្នុង ១ ឆ្នាំ កសិករ អាចប្រមូលផលបានរហូតដល់ ៤០ តោនឯណោះ ផលនេះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ។

លោក អាត សារ៉េត អាយុ ៣៧ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិ-ឃុំ ខាងលើ បញ្ជាក់ឲ្យដឹងថា ការដាំដុះតាសក់ផ្អរនៅលើផ្ទៃដីទំហំ ១៧ អា កសិករ ត្រូវប្រើដើមទុនអស់ជិត ២ លានរៀល ដាំរយៈពេល ១ ខែ ៥ ថ្ងៃ ហើយប្រមូលផល ១ ខែពេញតែម្ដង។ អាចដាំបាន ៥ ដង ក្នុង ១ ឆ្នាំ រៀងមមាញឹក ហត់នឿយខ្លាំង តែផលល្អ ហើយទីផ្សារក៏ស្រួលលក់ដែរ។

អ្នកស្រី យឿន លៃអ៊ា អាយុ ៣៩ ឆ្នាំ ជាប្រជាកសិករដូចគ្នា បានឲ្យដឹងដែរថា ការដាំដុះតាសក់ផ្អរនេះមិនស្រួលទេ ពេលប្រមូលផលកសិករប្រាថ្នាលក់ឲ្យបានតម្លៃខ្ពស់នោះទើបចំណេញ តែបើតម្លៃទីផ្សារដូចបច្ចុប្បន្នចំណេញតិចបំផុត ព្រោះការដាំដុះប្រើអស់លទ្ធភាពទៅលើការភ្ជួររាស់ដី ជ្រើសរើសពូជ ដាក់ជី ស្រោចទឹក កម្ចាត់សត្វល្អិត ការថែទាំសព្វបែបយ៉ាង ពេលលក់ហាងឆេងស្រេចលើឈ្មួញកណ្តាល។ បញ្ហាប្រឈមលើការដាំដុះ កម្មករមានបទពិសោធអាចទប់ទល់បាន តែទីផ្សារប្រឈមការឡើងចុះតម្លៃស្រេចលើឈ្មួញទៅវិញ។

ជាមួយនេះ កសិករ បានសំណូមពរដល់ជំនាញពាក់ព័ន្ធ មានមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន សូមមេត្តាជួយរក្សាតម្លៃឲ្យបានសមរម្យផង ដើម្បីអភិវឌ្ឍន៍ជីវភាពគ្រួសារពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរថែមទៀត។

ដោយឡែក លោក ស៊ូ សុផល មេឃុំទួលសូភី ក៏បានឲ្យដឹងដែរថា ឃុំទាំងមូលមានភូមិចំនួន ២៣ ភូមិ ក្នុងនោះ កសិករដែលប្រកបរបរដាំដុះតាសក់ផ្អរនេះ មានចំនួន ៣ ភូមិដែរ គឺ ភូមិថ្មដាកើត ភូមិដូនទេស និងភូមិក្បាលអូរ គិតទៅគ្រួសារដាំដុះតាសក់នេះមានចំនួន ១៥ គ្រួសារ។ ក្រៅពីនោះ កសិករប្រកបរបរកសិកម្មចម្រុះ ការចិញ្ចឹមសត្វ និង ទីផ្សារ ទៅតាមលទ្ធភាពរបស់ពួកគាត់ សម្រាប់ដោះស្រាយជីវភាពគ្រួសាររៀងៗ ខ្លួន៕
អត្ថបទ ៖ សាន វិឡែម







-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


