ព័ត៌មានអន្ដរជាតិ
ពន្ធ ត្រាំ លើវៀតណាម អាចបង្កើនបញ្ហាសម្រាប់ Nike និង Adidas
ក្រុមហ៊ុនផលិតស្បែកជើងអន្តរជាតិធំៗរួមមាន Nike និង Adidas នឹងប្រឈមមុខនឹងបញ្ហាធំថ្មីឆាប់ៗនេះ នោះគឺវិធានការពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិកលើប្រទេសជុំវិញពិភពលោក ជាពិសេសវៀតណាម ដែលជាប្រទេសផលិតកម្មសំខាន់របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រោមវិធានការពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលប្រកាសឡើងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ (៣ មេសា ម៉ោងនៅកម្ពុជា) វៀតណាមបានទទួលរងនូវអត្រាពន្ធ ៤៦ ភាគរយ លើគ្រប់មុខទំនិញនាំចូលទៅសហរដ្ឋអាមេរិក ដោយនឹងចូលជាធរមាននៅថ្ងៃទី ៩ មេសា តទៅដូចប្រទេសផ្សេងទៀតដែរ។ វាគឺជាអត្រាបន្ថែមលើពន្ធដែលមានស្រាប់។
Nike គឺជាក្រុមហ៊ុនសម្លៀកបំពាក់/ស្បែកជើងកីឡាមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលពឹងផ្អែកខ្លាំងលើផលិតកម្មក្នុងប្រទេសវៀតណាម។ អត្រាពន្ធខ្ពស់លើវៀតណាម នឹងបង្ខំឱ្យក្រុមហ៊ុនត្រូវចំណាយថ្លៃដើមខ្ពស់ ឬដំឡើងតម្លៃទំនិញរបស់ខ្លួន ខណៈពេលនេះក្រុមហ៊ុនកំពុងបញ្ចុះតម្លៃទំនិញមួយចំនួនរួចហើយដើម្បីសម្អាតស្តុក។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន Nike ស្បែកជើង ៥០ ភាគរយ និងសម្លៀកបំពាក់ ២៨ ភាគរយ ត្រូវបានផលិតក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ Adidas ជាគូប្រជែងឯណោះវិញ មានតិចជាងនេះ ដោយស្បែកជើង ៣៩ ភាគរយ និងសម្លៀកបំពាក់ ១៨ ភាគរយ របសក្រុមហ៊ុនផលិតនៅវៀតណាម។
អត្រាពន្ធជាមធ្យមរបស់សហរដ្ឋអាមេរិកលើស្បែកជើងនាំចូលពីប្រទេសវៀតណាមគឺ ១៣,៦ ភាគរយ ខណៈដែលអត្រាលើសម្លៀកបំពាក់គឺ ១៨,៨ ភាគរយ។ បើយោងតាមការគណនាដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មខែមករា របស់លោក Sheng Lu សាស្ត្រាចារ្យផ្នែកម៉ូដ និងសិក្សាសម្លៀកបំពាក់ នៅសាកលវិទ្យាល័យ Delaware ។

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Morningstar លោក David Swartz បាននិយាយថា៖ «ប្រសិនបើពន្ធគយត្រូវបានបង្កើន នោះ Nike នឹងមានបញ្ហា»។ លោកបន្តថា Nike និង Adidas មិនរងគ្រោះតែម្នាក់ឯងនោះទេ។
វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ស្បែកជើងរត់ប្រណាំង សម្លៀកបំពាក់កីឡា និងសម្លៀកបំពាក់ដើរក្រៅផ្សេងៗទៀត ខណៈម៉ាកក្រុមហ៊ុននានាព្យាយាមកាត់បន្ថយផលិតកម្មនៅចិន ដោយសារតែជម្លោះពាណិជ្ជកម្មចិន-អាមេរិក។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការប្រកាសពន្ធលើប្រទេសទូទាំងពិភពលោក រួមទាំងវៀតណាម របស់លោក ត្រាំ ធ្វើឡើងក្រុមហ៊ុន Nike បាត់បង់ចំណែកទីផ្សារដល់ដៃគូប្រកួតប្រជែងផ្សេងៗ ដូចជាក្រុមហ៊ុនផលិតស្បែកជើង On និងក្រុមហ៊ុន Hoka ជាដើម ដែលជាដើមហេតុនៃការធ្លាក់ចុះនៃប្រាក់ចំណូល។
រ៉យទ័របានចុះផ្សាយដោយស្រង់សម្ដីអ្នកវិភាគផ្សេងទៀតដែលអះអាងថា ការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសវៀតណាម ក៏មិនមែនជារឿងសាមញ្ញដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាកម្ពុជា និងឥណ្ឌូណេស៊ី ក៏ទទួលរងនូវការយកពន្ធរបស់ ត្រាំ ផងដែរ ស្របពេលដែលតម្លៃផលិតកម្មក្នុងប្រទេសទាំងនេះ ក៏កំពុងកើនឡើង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


