Connect with us

សេដ្ឋកិច្ច

​ការហូរចូលទុរេនតម្លៃថោកៗ​ពីវៀត​ណាម​ នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក

បានផុស

នៅ

តំណាងប្រជាកសិករ​ដាំទុរេនបានសម្ដែងក្ដីបារម្ភពីការហូរចូលទុរេនពីប្រទេសវៀតណាម ធ្វើឱ្យប៉ះពាល់តម្លៃទីផ្សារទុរេន​ក្នុង​ស្រុក​​​​ ខណៈអាជ្ញាធរបានបង្កើនវិធានការទប់ស្កាត់តឹងរ៉ឹង។ ពួកគេរំពឹងវិធានាការរបស់អាជ្ញាធរនឹងចូលរួមទប់ស្ងាត់ទុរេននាំចូលពីប្រទេសវៀតណាមដែលកំពុងជោរជន់ ដោយសារតែទីផ្សារចិនកាត់បន្ថយការនាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​បង្ហាញ​​​ក្ដីបារម្ភចំពោះការហូរចូលទុរេនពីប្រទេសវៀតណាមមកកម្ពុជា ដែលកំពុងចាល់ ហើយ​តម្លៃ​​ធ្លាក់ចុះ​ខ្លាំង នឹងប៉ះពាល់ដល់តម្លៃទីផ្សារទុរេននៅកម្ពុជា។

លោក ហេង ឆេងលីលើកឡើងថា៖ «ការនាំចូលមកតិច ឬច្រើន វាត្រូវតែប៉ះពាល់ ហើយ​បើតម្លៃកាន់តែទាបទៀត អាហ្នឹងវាប៉ះពាល់កាន់តែខ្លាំង។ ឧទាហរណ៍ថា តម្លៃយើងថ្លៃជាងគេ ៤ ដង គេលក់ឱ្យឈ្មួញខិលខូចដែលនាំចូលមកតម្លៃ ១ ដុល្លារ ហើយយើងចេញពីចម្ការ ៤ ដុល្លារ អញ្ចឹងធ្វើឱ្យឈ្មួញមួយចំនួនគាត់បន្លំ គាត់ទិញទុរេនហ្នឹងមក ហើយគាត់លក់ក្នុងតម្លៃខ្ពស់ទៅគាត់បានចំ​ណេញ​ច្រើន តែតាមពិតជាទុរេនក្លែងក្លាយសោះ»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់កម្ពុជាថ្មីថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមាន​​សារធាតុគីមីលួចនាំចូលមក។

លោកថា ក្រសួងពាណិជ្ជកម្ម បានសហការជិតស្និទ្ធជាមួយអាជ្ញាធរ​គយ និងមន្ត្រីអនាម័យ និងភូតគាមអនាម័យ របស់ក្រសួងកសិកម្ម ក្នុងការត្រួតពិនិត្យរកមើលទំនិញដែលផ្ទុកសារធាតុគីមី។

លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យ​មានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពីព្រោះឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម តម្លៃទុរេនវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គបានធ្លាក់​ចុះខ្លាំង មកនៅត្រឹម ៣៥ ០០០-៧០ ០០០ ដុង (១,៣៥-២,៦៩ដុល្លារ) ក្នុងមួយគីឡូក្រាមនៅចំពេលរដូវប្រ​មូលផល ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យ​ការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់​ដែលធ្វើឱ្យចាល់នៅលើទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម