Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ខណៈបង្កើនការជំរុញ AI

បានផុស

នៅ

ក្រុមហ៊ុនពហុវិស័យបច្ចេកវិទ្យាអាមេរិក Microsoft កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ខណៈបង្កើនការវិនិយោគយ៉ាងក្រាស់ក្រែលទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Microsoft បានចាប់ផ្ដើមបញ្ឈប់បុគ្គលិកចំនួន ៦ ០០០ កាលពីថ្ងៃអង្គារ ពោលគឺជិត ៣ ភាគរយ នៃចំនួនបុគ្គលិក ទូទាំងសកលលោករបស់ខ្លួន និងជាការកាត់បន្ថយច្រើនបំផុត​រាប់តាំងពីដើមឆ្នាំ ២០២៣ នៅពេលក្រុមហ៊ុនបញ្ឈប់បុគ្គលិក ១០ ០០០ នាក់ ឬ ៥ ភាគរយ នៃបុគ្គលិកសរុបនាពេលនោះ។

រដ្ឋវ៉ាស៊ីនតោន ដែលជាស្រុក​កំណើតរបស់ Microsoft ​បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេ ដោយមាន​ការបញ្ឈប់បុគ្គលិកប្រមាណ ១ ៩៨៥ នាក់ នៅទីស្នាក់ការ​ក្រុង Redmond ​របស់ក្រុមហ៊ុន ដែលភាគច្រើននៅក្នុងផ្នែកវិស្វកម្មសុសវែរ និងការគ្រប់គ្រងផលិតផល។

​Microsoft បាននិយាយថា ការបញ្ឈប់ការងារនឹងធ្វើឡើងនៅគ្រប់កម្រិត ក្រុម និងភូមិសាស្ត្រទាំងអស់ ប៉ុន្តែ​​នឹងផ្តោតលើការកាត់បន្ថយចំនួនអ្នកគ្រប់គ្រង។ ការជូនដំណឹងស្ដីពីការបញ្ឈប់ដល់និយោជិតបានចាប់ផ្តើម​កាលពីថ្ងៃអង្គារកន្លងទៅ។

ការបញ្ឈប់ការងារនេះ ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយក្រុមហ៊ុន​ Microsoft បានរាយការណ៍ពីការលក់ និងប្រាក់ចំណេញដ៏រឹងមាំ លើសការរំពឹងទុករបស់ Wall Street សម្រាប់ត្រីមាស​ទី ១ ឆ្នាំ ២០២៥។ គិតត្រឹមខែមិថុនា ឆ្នាំមុន ​Microsoft ​មាន​បុគ្គលិកពេញម៉ោងចំនួន ២២៨ ០០០ ​នាក់ ដោយ​ប្រហែល ៥៥ ភាគរយ ក្នុងនោះ ឈរជើងនៅសហរដ្ឋអាមេរិក។ ​

​ក្រុមហ៊ុនមិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការបញ្ឈប់​បុគ្គលិកនោះទេ ​ប៉ុន្តែនិយាយថា វាជាផ្នែកមួយនៃ «ការផ្លាស់ប្តូររចនាសម្ព័ន្ធចាំបាច់ ដើម្បីកំណត់ជំហរក្រុមហ៊ុនឱ្យល្អបំផុត សម្រាប់ភាពជោគជ័យ​នៅក្នុងទីផ្សារថាមវន្ត»។

កន្លងមក ​Microsoft បាននិយាយថា ខ្លួនបានចំណាយប្រាក់ចំនួន ៨០ ​ប៊ីលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់​នៅខែមិថុនាខាងមុខ ទៅលើការកសាងមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែល​បម្រើក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួន។ ​ឧបករណ៍ AI របស់ក្រុមហ៊ុន ​ត្រូវ​បាន​​​ដាក់​ឱ្យ​ប្រើ​ជា​ «ការ​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ការ​» របស់​មនុស្ស រួម​ទាំង​កន្លែង​ធ្វើ​ការ​ផ្ទាល់​នៅក្រុមហ៊ុន Microsoft ផង​ដែរ។

ក្នុងព្រឹត្តិការណ៍ AI មួយកាលពីខែមេសា នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Meta លោក Mark Zuckerberg ​ថា៖ AI សុសវែរ ជាអ្នកសរសេរកូដ «ប្រហែលជា ២០-៣០ ភាគរយ​» ​ក្នុងគម្រោងសរសេរកូដមួយចំនួនរបស់ Microsoft។

យ៉ាងណាមិញ មាន​ការលើកឡើងខ្លះថា ការបញ្ឈប់បុគ្គលិកចុងក្រោយមិនបណ្ដាលមកជាចម្បងដោយសារតែ AI នោះទេ ប៉ុន្តែអាចជាការផ្លាស់ប្ដូរយុទ្ធសាស្រ្តធំ ដោយសារតែវាផ្ដោតលើតួនាទីផ្នែកគ្រប់គ្រង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម