ព័ត៌មានជាតិ
TAFTAC សាទរចំពោះការសម្រេចរបស់តុលាការអាមេរិកចំពោះការលុបចោលពន្ធបដិការ និងពន្ធមូលដ្ឋាន១០%របស់ត្រាំ
សមាគមរោងចក្រកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលអ្នកដំណើរនៅកម្ពុជា (TAFTAC) បានសម្តែងសាទរជាមួយការសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងការដាក់ពន្ធមូលដ្ឋាន និងគម្រោងដាក់ពន្ធគយបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំដែលបានប្រកាសកាលពីដើមខែមេសាកន្លងទៅនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់ការអនុវត្តពន្ធរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ដោយរកឃើញថា ប្រធានាធិបតីអាមេរិករូបនេះបានធ្វើលើសពីអំណាចរបស់ខ្លួនចំពោះការដំឡើងពន្ធលើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មរបស់អាមេរិក។
តុលាការសហរដ្ឋអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ បានប្រកាសថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យសភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ហើយអំណាចរបស់ប្រធានាធិបតីមិនអាចបំពានវាបាននោះទេ។
តុលាការក៏ចាត់ទុកជាមោឃៈភ្លាមៗផងដែរ នូវរាល់ការបញ្ជាទិញពន្ធរបស់ ត្រាំ ដែលបានចេញឡើងតាំងពីខែមករា ក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលជាច្បាប់មួយប្រើសម្រាប់ពេលមានការគំរាមកំហែង «មិនធម្មតា និងវិសាមញ្ញ»អំឡុងពេលមានអាសន្នជាតិ។

លោក ត្រាំ បានដំឡើងពន្ធស្ទើរតែគ្រប់ប្រទេស និងតំបន់ ដោយមិនលើកលែងឡើយ សូម្បីតែសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប ខណៈកម្ពុជាទទួលរងនូវពន្ធបដិការនេះក្នុងអត្រាមួយដ៏ខ្ពស់ជាងគេគឺ៤៩%។
TAFTAC បានចេញនូវសេចក្តីជូនដំណឹងបច្ចុប្បន្នភាពសម្រាប់សមាជិករបស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភានេះអំពី តុលាការពាណិជ្ជកម្មអាម៉េរិកសម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ។
សមាគមសូមជម្រាបសមាជិកទាំងអស់អំពីការវិត្តន៍ដ៏សំខាន់មួយចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ សហរដ្ឋអាម៉េរិក។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបាន សម្រេចថាពន្ធគយ ទិវារំដោះ»របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់អត្រាពន្ធមូលដ្ឋាន១០%លើ ការនាំចូជាច្រើន គឺខុសច្បាប់។ តុលាការបានសម្រេចថាពន្ធនេះលើសពីសិទ្ធិអំណាចដែលបានផ្តល់ឱ្យក្រោម ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ដោយសង្កត់ធ្ងន់ថាអំណាចក្នុងការដាក់បញ្ញត្តិពាណិជ្ជកម្មគឺ ស្ថិតនៅសភា។

«យោងតាមការពន្យល់ណែនាំពីក្រុមហ៊ុនឡប់ប៊ីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនរបស់សមាគមយើង នេះគឺជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលនឹងរារាំងការអនុវត្តបន្ថែមទៀតក្នុងការដាក់ពន្ធរបស់លោក ប្រធានាធិបតីត្រាំ។ វាជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលសម្រេចជាឯកច្ឆន្ទដោយចៅក្រមទាំងបី រូប»។
បើយោងតាម TAFTAC ដើម្បីជំទាស់នឹងសេចក្តីសម្រេចនេះ លោកប្រធានាធិបតីអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ បណ្ដឹងឧទ្ធរណ៍ដំបូងនឹងទៅសាលាឧទ្ធរណ៍ ហើយបន្ទាប់មកអាចទៅតុលាការកំពូល។ សម្រាប់ពេលបច្ចុប្បន្ន នេះ សេចក្តីសម្រេចរបស់តុលាការនេះបានបញ្ឈប់ការយកពន្ធបដិការ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៦ថា ទីផ្សារអាមេរិកគឺជាទីផ្សារធំមួយសម្រាប់ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ជាពិសេសផលិផលអ្នកដំណើរ។
លោកថាគិតមកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់ និង៣លាននាក់ទៀតបានកំពុងអាស្រ័យផលពីវិស័យនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


