ព័ត៌មានជាតិ
មន្រ្តីអាកាសចរណ៍ស៊ីវិល៖ មកដល់បច្ចុប្បន្ន ជើងហោះហើរតាមផ្លូវអាកាសរវាងកម្ពុជា-ថៃនៅមិនទាន់មានផលប៉ះពាល់ឡើយ
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យ«កម្ពុជាថ្មី»ដឹងថា ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាកាសចរណ៍ស៊ីវិលគឺបានតាមដានសភាពការយ៉ាងយកចិត្តទុកដាក់ ក្នុងនោះចំពោះបញ្ហានៅតាមផ្លូវអាកាសរហូតមកដល់ពេលបច្ចុប្បន្ន គឺនៅមិនទាន់មានបញ្ហា ឬមានការផ្លាស់ប្តូរអ្វីជាធំដុំនោះទេ។

នៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ពាក់ព័ន្ធទៅនឹងជើងហោះហើរទៅមករវាងប្រទេសទាំងពីរកម្ពុជា-ថៃ ចំនួនជើងហោះហើរមិនមានការលុបចោល ឬប្តូរទិសដៅនោះទេ ប៉ុន្តែដូចយើងបានដឹងស្រាប់ហើយថា នេះជារដូវកាលបៃតង (Green Season) ផង ដូច្នេះសកម្មភាពភ្ញៀវទេសចរអាចមានការថយចុះតិចតួចផងដែរ។
«ជាក់ស្តែង ក៏មានកត្តាមួយចំនួនប៉ះពាល់តិចតួចដូចគ្នាដែរពីតាំងពីការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ ដោយបានធ្វើឱ្យចំនួនភ្ញៀវមានការថយចុះតិចតួច ប៉ុន្តែយើងមិនអាចវាយតម្លៃបានថា វាប៉ះពាល់ទាំងស្រុងនោះទេ ព្រោះនេះជារដូវកាលបៃតង ប៉ុន្តែតាមការមើលឃើញមកដល់ពេលនេះ គឺមិនមានការផ្លាស់ប្តូរជើងហោះហើរនោះទេ»។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល រូបនេះ ក៏បានបន្តដែរថា ចំពោះជើងហោះហើរនៅចន្លោះថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនជើងហោះហើរដូចជាមិនមានការថមថយនោះទេ ប៉ុន្តែចំនួនភ្ញៀវអាចថយចុះមួយចំនួនតូច ដោយសារតែទី១ បញ្ហាវិបត្តិព្រំដែនរវាងប្រទេសទាំងពីរ ទី២ ដោយសារនេះជារដូវកាលបៃតងនេះផង ដូច្នេះជាហេតុដែលធ្វើឱ្យពិបាកនៅក្នុងការសន្និដ្ឋានបានថា មូលហេតុអ្វីបានជាធ្វើឱ្យភ្ញៀវមានការថមថយ។
លោកថា៖«ប្រសិនបើយើងគិតទៅដល់ដែនអាកាស យើងដឹងហើយថា ដែនអាកាស គឺជាអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដូច្នេះរាល់ការហោះហើរគឺត្រូវតែគោរព និងអនុវត្តនូវរាល់លក្ខខណ្ឌតម្រូវរបស់អន្តរជាតិ ហើយប្រសិនបើតំបន់នោះមានការប្រយុទ្ធគ្នាតាមផ្លូវអាកាស ឬក៏បាញ់បោះដាក់គ្នានោះ យើងត្រូវតែប្តូរទិសការហោះហើរពីតំបន់នោះទៅកន្លែងផ្សេង។ ដូច្នេះប្រសិនមានបញ្ហាអ្វីកើតឡើង យើងអាចប្តូរជើងហោះហើរទៅផ្លូវផ្សេងវិញបាន គ្រាន់តែត្រូវចំណាយពេលវេលាយូរជាង ប៉ុន្តែរហូតមកដល់ពេលនេះអ្វីៗនៅមិនទាន់មានការប្រែប្រួល គឺនៅរក្សាស្ថានភាពដើមទាំងអស់»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា «អាជ្ញាធររបស់យើង ក៏ដូចជាអាកាសចរណ៍ស៊ីវិល ក៏បានធ្វើការតាមដាន គិតគូរ និងពិភាក្សាយ៉ាងហ្មត់ចត់ចំពោះស្ថានភាពព្រំដែននេះ ដូច្នេះប្រសិនមានអ្វីកើត យើងនិងមានផែនការរួចជាស្រេចដើម្បីដោះស្រាយលើបញ្ហាដែលកើតឡើង ព្រោះជាទូទៅ គឺយើងត្រូវតែគោរពតាមវិធានរបស់អន្តរជាតិ ដោយគេមានរបៀបណែនាំស្តីពីទំនាស់ព្រំដែន ឬនៅតំបន់ដែលមានទំនាស់ជាមួយគ្នា»។

លោកបានបញ្ជាក់ថា ជាបទពិសោធន៍ដូចជាជម្លោះព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងសមាគមអាកាសចរអន្តរជាតិក៏បានសម្រេចគ្នាផ្លាស់ប្តូរផ្លូវហោះហើរកាត់តាមប្រទេសទាំងពីរកាត់មកប្រទេសតួកគី និងអាស៊ីកណ្តាល គ្រាន់តែត្រូវចំណាយពេលវេលាយូរជាងតែប៉ុណ្ណោះ។
មួយវិញទៀត ជុំវិញជម្លោះអ៊ីរ៉ង និងអ៊ីស្រាអែល ក៏មានបិទដែនអាកាសទាំងអស់នោះដែរ គឺកម្រិតយកផ្លូវហោះហើរវាងដែនអាកាសទាំងអស់នោះ មកកាត់តាមប្រទេសតួកគីវិញ គ្រាន់តែត្រូវចំណាយពេលយូរជាង និងចំណាយថវិកាច្រើនជាង ដោយបញ្ហាប្រឈមអាចមានផលប៉ះពាល់ទី១ ដល់តម្លៃ អាចនឹងមានការឡើងថ្លៃ ទី២ អាចប៉ះពាល់ដល់ការហោះហើរយូរជាង ឬអាចមានការយ៉ើតយ៉ាវ ឬក៏អាចមានការលុបចោលជើងហោះហើរដោយសារប្រការផ្សេងៗ។
យោងតាមកាសែត Bangkok Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ថា ប្រទេសថៃនឹងជំរុញការត្រួតពិនិត្យនៅតាមព្រំដែនគោក និងរារាំងភ្ញៀវទេសចរដែលចាកចេញ ដោយក្នុងនោះមានតែនិស្សិត អ្នកជំងឺពេទ្យ និងអ្នកផ្សេងទៀតដែលត្រូវការទិញទំនិញសំខាន់ៗប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពីប្រទេសថៃ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


