Connect with us

សេដ្ឋកិច្ច

អ្នកដំណើរជាង ៣,៦ លាននាក់ ចេញ-ចូល តាមផ្លូវអាកាសនៅឆមាសទី១

បានផុស

នៅ

កម្ពុជាទទួលបានអ្នកដំណើរជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ នៅ​ក្នុង​ឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង​២០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល មានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើង​វិញយ៉ាងខ្លាំងនៃចំនួនទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើ​ដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយ​ការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាព​ក្រុមហ៊ុនអា​កាសចរណ៍​ឡើង​វិញ។

លោកបានបន្ថែមថា ការងើបឡើងវិញ និងការពង្រីកសមត្ថភាពក្រុមហ៊ុន​អាកាសចរណ៍​ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំនួនអ្នកដំណើរ។

វិស័យអាកាសចរណ៍កម្ពុជាកំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួល​នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តរក្សាកិច្ចប្រតិបត្តិការរបស់ខ្លួនបានយ៉ាងល្អ ទោះបីជាអាចមានផលប៉ះពាល់បន្តិចបន្ទួចពីភាពតានតឹងនៃស្ថានភាពព្រំដែនក៏ដោយ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) មាន​ប្រសាសន៍ថា ពិភពលោកកំពុងច្របូកច្របល់ ជុំវិញភូមិ​សាស្ត្រនយោបាយ និងបញ្ហាផ្សេងៗ ខណៈកម្ពុជាក៏កំពុងមានបញ្ហាជាមួយថៃ ដែលស្ថានភាពមិនប្រាកដប្រជានេះ បានបង្ខំឱ្យ​កម្ពុជាពិបាក។

លោកស៊ីណាន យល់ថា៖ «តួលេខអ្នកដំណើរកើនឡើង យើងសារទរក្នុងកាលទេសៈនេះ យើងអត់អាចប្រៀបធៀបកម្ពុជា​យើងទៅប្រទេសគេផ្សេងទេ ពីព្រោះ ខ្ញុំលើកឧទាហរណ៍ដូចជាវៀតណាម គេប្រទេសធំជាងយើង មានប្រជាជនច្រើន មធ្យោ​បាយផ្លូវអាកាសច្រើនជាងយើង និងការផ្សព្វផ្សាយទូលំទូលាយ នៅក្នុងកាលៈទេសៈមួយផ្សេង»។

ក្នុងរយៈពេល ៦ខែឆ្នាំនេះ ប្រទេសដែលរួមចំណែកច្រើន​ជាងគេនៃចំនួនអ្នកធ្វើដំណើរតាម​ផ្លូវអាកាសមាន៖ ចិន ឈរនៅចំណាត់ថ្នាក់លេខ១ បន្ទាប់មក ថៃ, វៀតណាម, កូរ៉េ, ជប៉ុន, សហរដ្ឋអាម៉េរិក និងអឺរ៉ុប។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម