Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ បើកដំណើរការសំដៅជំរុញឧស្សាហកម្មអាហារក្នុងស្រុក

បានផុស

នៅ

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះ​ជា​វឌ្ឍនភាព​ដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បី​លើក​កម្ពស់​ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌល​នេះ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ រួម​មាន​ខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែក​គាំទ្រ​បច្ចេកទេស​សម្រាប់​សហគ្រាស, និង​សាល​ពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និង​ផលិត​ផល​ពី​ប្រទេសកូរ៉េ។

គម្រោងសហប្រតិបត្តិការនេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និង​ជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។

លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌល​ថ្មី​នេះ​តំណាង​ឱ្យ​ជំហាន​ឆ្ពោះ​ទៅមុខ​ដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះ​នឹងដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​តម្លៃ​បន្ថែម​សម្រាប់​ផលិតផល​ក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូ បំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣ គ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាក​ល្បងកែច្នៃ​ផលិតផល​អាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថភាពកែច្នៃវត្ថុធាតុដើម ដូចជាសាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាពជាច្រើនប្រភេទ។

ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់នៃអតិសុខុមប្រាណ ដែល គាំទ្រផលិតផលអាហារកម្ពុជាឱ្យទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា HACCP និង GMP ជាដើម។

លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា គម្រោង​នេះ​មិនត្រឹមតែ​ផ្តល់ការគាំទ្រ​ផ្នែកបច្ចេកទេស​ប៉ុណ្ណោះទេ តែ​ក៏​កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាល​អ្នកជំនាញ និង​គាំទ្រសហគ្រាសធុនតូចនិងមធ្យម​ឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការ​ឈាន​ចូលទីផ្សារ​ជាក់ស្តែង។ យើងសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អាហារ​របស់កម្ពុជា។

សហគ្រាសធុនតូច និងមធ្យម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រចាំបាច់។ លើសពីនេះ សាលពិព័រណ៍នៃមជ្ឈមណ្ឌល នឹងផ្តល់ជាវេទិកាមួយសម្រាប់ការតាំងបង្ហាញផលិតផល បង្ហាញករណីជោគជ័យ លើកកម្ពស់ទំនុកចិត្តអ្នកប្រើប្រាស់ និងជំរុញកិច្ចសហការរវាងសហគ្រាសផលិតអាហារកម្ពុជា និងសហគ្រាសនៅប្រទេសកូរ៉េផងដែរ។

នា​ឱកាស​នោះ​ លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថាន​អភិវឌ្ឍន៍​បច្ចេកវិទ្យាកូរ៉េ (KIAT) បានលើកឡើងថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ យើងចង់រួម​ចំណែកបង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​កែច្នៃ​អាហារកម្ពុជា​ប្រកប​ដោយ​ចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រមជ្ឈមណ្ឌលនេះ ឱ្យក្លាយជា​មជ្ឈមណ្ឌល​នៃ​កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសទាំងពីរ។

ជា​ចុង​ក្រោយ លោក​រដ្ឋមន្ត្រី​ ហែម វណ្ណឌី ក៏បានលើកទឹកចិត្តវិស័យឯកជន ពិសេសសិប្បកម្ម និងសហគ្រាស​កម្មន្តសាល​ក្នុងស្រុក ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ​​ ដើម្បី​ពង្រឹង​សមត្ថភាពនវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្ដង់ដាជាតិ និងអន្ដរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម