Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជិត ២៦៦ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ក្នុងរយៈពេល ៧ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ២៦៦ លានដុល្លារ​កើនឡើង ៣% ពីការ​នាំ​ចេញជ័រកៅស៊ូចំនួន ១៤៧ ០៧១ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០​២៥ តម្លៃជ័រ​កៅ​ស៊ូកម្ពុជាជាមធ្យម ១ ៨១២ ដុល្លារ ក្នុងមួយតោន កើនឡើង ២៦៥ ដុល្លារ។

លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ បរិមាណនាំចេញបានកើនឡើង ៣% ប៉ុន្តែការប្រើប្រាស់ក្នុងស្រុកបានកើនឡើងរហូតដល់ ៧៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មីថា តម្លៃជ័រកៅស៊ូបានកើន​ឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។

លោក ម៉ែន សុភក្ដិបន្ថែមថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ឥឡូវ​មានរោង​ចក្រកង់ឡានដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោង​ចក្រ​ផលិតសំបកកង់រថ​យន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជា​កាន់តែរីក​ដុះ​ដាលនៅ​ពេល​អនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញ​ការ​វិនិ​យោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើ​ប្រាស់​កៅ​ស៊ូ​ក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោន​កាលពី​ឆ្នាំ​មុន។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំ​ចេញជ័រកៅស៊ូ​បាន​ទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។

កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង​៣៣ម៉ឺន​ហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សា​ហកម្មមាន​ចំនួន​ជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម