សេដ្ឋកិច្ច
រដ្ឋលើកទឹកចិត្តគម្រោងវិនិយោគ និងអគារជាប់គាំងចំនួន ១៧ បន្ថែមទៀត ដែលមានទុនប្រមាណ ២៦០ លានដុល្លារ
រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៧ គម្រោងបន្ថែមទៀត ដែលមានទុនវិនិយោគប្រមាណជិត ២៦០លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៨០០ កន្លែង។

ការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៧នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្តការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងវិនិយោគនិងធុរកិច្ចចំនួន១៧ គម្រោងរួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៦ និងគម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិយោគប្រមាណ ២៥៧ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារប្រមាណ ១ ៧៨០ កន្លែង។

គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និងកែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារឹម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ។
ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធីការសម្របសម្រួល និងការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគឱ្យប្រព្រឹត្តទៅបានឆាប់រលូន និងមានប្រសិទ្ធភាព។
ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៩១ លានដុល្លារអាមេរិក និងអាចបង្កើតការងារ ៥៦ ៧០០ កន្លែង។
គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៣ គម្រោង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនទាំងអស់ រួសរាន់មកដាក់ពាក្យ ឬស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន រួមមាន ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការបញ្ចុះអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដែលជាបញ្ហាប្រឈមផង និងជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពី កម្មវិបាកផ្នែកសង្គម-សេដ្ឋកិច្ច កើតចេញពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម រំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល, ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល។
ការណ៍នេះទាមទារឱ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវមានការគិតគូរតាមដាន ថែទាំការវិនិយោគ និងបន្តអនុវត្តការងារដោយបុរេសកម្ម និងទាន់ពេល ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ស្របតាមយន្តការក្រុមការងារ សំដៅជំរុញការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត។
ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសម្ទុះទេសចរណ៍, ទាក់ទាញវិនិយោគ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក, បង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រីកផលិតកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ព្រមទាំងការប្រើប្រាស់ផលិតផល និងធាតុចូលផលិតក្នុងស្រុក៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


