Connect with us

ព័ត៌មានជាតិ

​IMF​៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនក្នុងអត្រា៤,៨ ភាគរយ​នៅឆ្នាំនេះ

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការកែតម្រូវសេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើន ៤,៨ ភាគរយ​នៅឆ្នាំ ២០២៥ ថយចុះពីកំណើន ៦ ភាគរយនៃអត្រាកំណើនកាលពីឆ្នាំមុន។ ការថយចុះនេះបង្ហាញពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម​ និងវិបត្តិព្រំដែនជាមួយប្រទេសថៃ ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ ការនាំចេញ និងចំណូលផ្ញើប្រាក់ពីក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបេសកកម្មពិគ្រោះយោបល់រយៈពេលពីសប្តាហ៍នៅកម្ពុជាដែលដឹកនាំដោយលោក ​ Kenichiro Kashiwase IMF បានព្យាករណ៍ថា កំណើន GDP ពិត​នឹងថយចុះមកនៅត្រឹម ៤,៨ ភាគរយ បន្ទាប់ពីកំណើន ៦ ភាគរយក្នុងឆ្នាំ ២០២៤។ ការថយចុះនេះបណ្តាលមកពីបញ្ហាខាងក្រៅ ដូចជា ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម និងការកើនឡើងនៃភាពតានតឹងតំបន់ ជាពិសេសបញ្ហាសង្រ្គាមជាមួយប្រទេសថៃ។

លោក Kenichiro បានលើកឡើងថា៖ «កំណើន​រំពឹងថា​នឹងថយចុះ ខណៈដែលភាពតានតឹងពាណិជ្ជកម្ម និងវិបត្តិព្រំដែនចាប់ផ្តើមប៉ះពាល់ដល់តម្រូវពីក្រៅ ​ វិស័យទេសចរណ៍ និងចំណូលពីការផ្ញើរប្រាក់ពីក្រៅប្រទេស។»

សម្រាប់អត្រាអតិថរណា​រំពឹងថា​នឹងកើនឡើងបន្តិចទៅដល់អត្រា ២,៨ ភាគរយ ខណៈដែលហានិភ័យមកលើសេដ្ឋកិច្ចនៅតែមានទំនោរអវិជ្ជមាន។ IMF បានព្រមានថា បំណុលឯកជនខ្ពស់ និងការកើនឡើងនៃឥណទានមិនដំណើការ (NPL)—ជាពិសេសក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យ—អាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពហិរញ្ញវត្ថុ។

IMF បានអំពាវនាវឱ្យកម្ពុជាធ្វើការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាបន្ទាន់ មុនពេលការឈានទៅដល់ការផ្លាស់ប្តូរពីភាពជាប្រទេសអភិវឌ្ឍន៍តិចបំផុតក្នុងឆ្នាំ ២០២៩ខាងមុខនេះ។ បញ្ហាអាទិភាពរួមមាន ការកែលម្អផលិតភាព ការពង្រឹងការគ្រប់គ្រង និងការវិនិយោគលើធនធានមនុស្ស។

កាលពីចុងខែសីហាកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ ត្រឹមក្នុងអត្រា ៥ ភាគរយ ដោយកែពីការព្យាករណ៍ក្នុងអត្រា៦,៣ ភាគរយកាលពីដើមឆ្នាំ ដោយយោងទៅតាមផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ និងអត្រាពន្ធ ១៩ ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចេញពីកម្ពុជា។ កំណើនឧស្សាហកម្ម​រំពឹងថា​នឹងកើនដល់អត្រា ៧,១ ភាគរយ សេវាកម្ម ៣,៨ ភាគរយ និងកសិកម្មត្រឹមតែ ០,៩ ភាគរយប៉ុណ្ណោះ។

ក្នុងការប្រឈមមុខនឹងភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក ទាំង IMF និងក្រសួងសេដ្ឋកិច្ច បានលើកឡើងពីតម្រូវការចាំបាច់នៃភាពធន់ ការកែប្រែជារចនាសម្ព័ន្ធ និងការប្ដូរយុទ្ធសាស្ត្រនានា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម