Connect with us

ព័ត៌មានអន្ដរជាតិ

IMF ព្រមានពី​អតិផរណា និងកំណើនសេដ្ឋកិច្ចសកលយឺតយ៉ាវ ដោយសារសង្រ្គាមមជ្ឈិមបូព៌ា

បានផុស

នៅ

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃចន្ទ (៦ មេសា) ថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹង​បង្ក​អតិផរណាខ្ពស់ និងភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចពិភពលោក​ ​មុនពេលស្ថាប័នជំនាញមួយនេះចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចនៅសប្ដាហ៍ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

ការព្រមាននេះ ធ្វើឡើងខណៈសង្រ្គាមរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​បំបិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិប្រមាណ ២០% នៃតម្រូវការពិភព​លោក ធ្វើឱ្យទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងវិបត្តិ។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រង IMF បាននិយាយថា ទោះបីជាជម្លោះត្រូវបានដោះស្រាយ​ឆាប់ៗក៏ដោយ ក៏​ IMF នៅតែកាត់បន្ថយការព្យាករ​របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើន​ការព្យាករសម្រាប់អតិផរណា។

IMF គ្រោងនឹងចេញរបាយការណ៍​សេដ្ឋកិច្ចថ្មីនៅថ្ងៃទី ១៤ ខែមេសា ដែលទំនង​បន្ទាបទស្សនវិស័យ​សកលដោយសារតែសង្គ្រាម និងការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាល​។ ​ក្នុងរបាយការណ៍ពីលើកមុន IMF​ បាន​រំពឹងថា សេដ្ឋកិច្ចសកលនឹង​កើនឡើង​ ៣,៣% ក្នុងឆ្នាំ ២០២៦ និង ៣,២% នៅឆ្នាំ ២០២៧​។

ប៉ុន្តែក្នុងបរិបទនៃសង្រ្គាមបច្ចុប្បន្ននេះ លោកស្រី ចចជីវ៉ា បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ផ្លូវទាំងអស់ឥឡូវនេះ នាំឆ្ពោះទៅរកតម្លៃខ្ពស់ និងកំណើនយឺតយ៉ាវ​»។ លោកស្រី និងប្រធានធនាគារពិភពលោក លោក អាជៃ បាងហ្គា (Ajay Banga) នឹងផ្តល់ព័ត៌មាន​បន្ថែមទៀតនៅក្នុង​សប្តាហ៍នេះ។

ច្រកហ័រមូហ្ស

លោកស្រី ចចជីវ៉ា បាន​បន្តថា ពិភពលោកកំពុងស្ថិតនៅក្នុងភាព​មិនប្រាកដប្រជាខ្ពស់ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា វិបត្តិអាកាសធាតុ និងការផ្លាស់ប្តូរប្រជាសាស្ត្រ។ លោកស្រីថ្លែងយ៉ាងដូច្នេះថា៖ «ទាំងអស់នេះមានន័យថា បន្ទាប់ពីយើងងើបឡើងវិញពីវិបត្តិនេះ យើងត្រូវបើកភ្នែកមើល​វិបត្តិបន្ទាប់​»។

លោកស្រី ចចជីវ៉ា បានកត់សម្គាល់ថា សង្គ្រាមនៅមជ្ឈិមបូព៌ា​បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងសកលចំនួន ១៣% ដែលរំខានដល់ការដឹកជញ្ជូនថាមពល និងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សម្រាប់ទំនិញដូចជា អេលីយ៉ូម និងជី។ ទោះបីជាជម្លោះបញ្ចប់យ៉ាងឆាប់រហ័សក៏ដោយ ការព្យាករ​កំណើនសេដ្ឋកិច្ច ទំនងជាធ្លាក់ចុះ ខណៈពេលដែលអតិផរណាកើនឡើង ហើយ​សង្គ្រាមដែលកាន់តែយូរនឹងបណ្តាលឱ្យខូចខាតកាន់តែច្រើន។

នាយិកាគ្រប់គ្រង IMF ដដែល បានព្រមានថា ប្រទេសក្រីក្រដែលគ្មានទុនបម្រុងថាមពល ប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយសារពួកគេខ្វះថវិកាដើម្បីទូទាត់​កំណើន​តម្លៃ ដែលបង្កើនការគំរាមកំហែងនៃភាពចលាចលក្នុងសង្គម។ ​​ប្រទេសមួយចំនួនបានស្នើសុំជំនួយរួចហើយ ខណៈ IMF មានគម្រោងពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីដែលមានស្រាប់ ដើម្បីគាំទ្រដល់សមាជិករបស់ខ្លួន ដែល ៨៥% ក្នុងនោះជាប្រទេសនាំចូលថាមពល។ ​

លោកស្រីបានព្រមានប្រឆាំងនឹងការឧបត្ថម្ភធនថាមពល​ទ្រង់ទ្រាយធំ​របស់រដ្ឋាភិបាល​ ដោយ​កត់​សម្គាល់​ថា វាអាចធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ។ ​ជាការឆ្លើយតប IMF, ភ្នាក់ងារថាមពលអន្តរជាតិ​ (IEA) និងធនាគារពិភពលោក កំពុងសម្របសម្រួលដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាម។

លើសពីនេះ IMF កំពុងធ្វើការជាមួយភ្នាក់ងារអង្គការសហប្រជាជាតិលើសន្តិសុខស្បៀងអាហារ។ ​ទោះបី​វិបត្តិស្បៀងអាហារសកល​មិនទាន់ចាប់ផ្តើមនៅឡើយ​ក្ដី លោកស្រី ចចជីវ៉ា បានព្រមានថា ការផ្គត់ផ្គង់ជីដែលរងការ​រំខានពីជម្លោះមជ្ឈិមបូព៌ា អាចបង្កឱ្យមានវិបត្តិនេះក្នុងពេលឆាប់ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម