ព័ត៌មានអន្ដរជាតិ
IMF ព្យាករកំណើនសេដ្ឋកិច្ចសកល ៣,៣% សម្រាប់ឆ្នាំ ២០២៦ ប៉ុន្តែព្រមានពីបញ្ហាប្រឈមផ្សេងៗ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៦ នេះបន្តិច ដល់ ៣,៣% ដោយលើកឡើងពីភាពស្រាកស្រាន្តនៃសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិក និងការវិនិយោគដ៏រឹងមាំលើបញ្ញាសិប្បនិម្មិត (AI) ខណៈព្រមានពីហានិភ័យសំខាន់ៗផ្សេងៗ។

ក្នុងរបាយការណ៍ស្ដីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃចន្ទ IMF បាននិយាយថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៦ នឹងកើនឡើងដល់ ៣,៣% ដោយខ្ពស់ជាងការព្យាករនៅខែតុលា ឆ្នាំមុន ០,២%។ កំណើនឆ្នាំ ២០២៥ ក៏រំពឹងស្ថិតនៅក្នុងអត្រា ៣,៣% ផងដែរ ខណៈកំណើនឆ្នាំ ២០២៧ រំពឹងថានឹងថយចុះបន្តិចមកត្រឹម ៣,២%។
ប្រធានសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas បាននិយាយថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់ ទោះបីជាមានការរំខានផ្នែកពាណិជ្ជកម្មនៅឆ្នាំ ២០២៥ ក៏ដោយ។
លោក Gourinchas បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា៖ «យើងឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។ ដូច្នេះ ក្នុងន័យមួយ សេដ្ឋកិច្ចពិភពលោកស្ទុះងើបឡើងវិញពីការរំខានផ្នែកពាណិជ្ជកម្ម និងពន្ធគយនៅឆ្នាំ ២០២៥»។
IMF បាននិយាយថា អាជីវកម្មនានាបានសម្របខ្លួនទៅនឹងពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក តាមរយៈការរៀបចំរចនាសម្ព័ន្ធខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការប្តូរទិសដៅនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារក្រៅសហរដ្ឋអាមេរិក បានធ្វើឱ្យផលប៉ះពាល់ថយចុះ។
សម្រាប់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន IMF បានព្យាករកំណើន ១,៨% នៅឆ្នាំនេះ និង ១,៧% នៅឆ្នាំក្រោយ។ ដោយឡែកប្រទេសមានទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ រំពឹងថានឹងកើនឡើង ៤,២% នៅឆ្នាំនេះ និង ៤,១% នៅឆ្នាំក្រោយ។

ជាលម្អិត IMF បានព្យាករ ២,៤% សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ ដែលជំរុញដោយការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ AI ដូចជាមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីបទំនើប និងការផលិតថាមពល ខណៈព្យាករ ៤,៥% សម្រាប់ចិន ដែលជំរុញដោយការធូរស្រាលនៃបរិយាកាសពាណិជ្ជកម្មសកល និងគោលនយោបាយជំរុញក្នុងស្រុក ទោះបីជាអត្រានេះទាបជាងកំណើន ៥% នៅឆ្នាំ ២០២៥ ក្ដី។ ការវិនិយោគ AI ក៏បានគាំទ្រដល់កំណើនក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប រួមទាំងអេស្ប៉ាញ និងចក្រភពអង់គ្លេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ IMF បានព្រមានថា ការរីកចម្រើននៃ AI ក៏នាំមកនូវហានិភ័យផងដែរ។ លោក Gourinchas បាននិយាយថា ការវិនិយោគយ៉ាងឆាប់រហ័សលើវិស័យនេះ អាចជំរុញអតិផរណា ហើយប្រសិនបើ AI មិនធ្វើឱ្យផលិតភាពប្រសើរឡើងដូចគេរំពឹងទុកទេ នោះវិនិយោគិនអាចបាត់បង់ទំនុកចិត្ត ហើយតម្លៃទ្រព្យសកម្ម ដូចជាភាគហ៊ុន អាចនឹងធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃទីផ្សារនេះ អាចធ្វើឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មចំណាយ និងវិនិយោគតិចជាងមុន ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ។
ក្រៅពីបញ្ហានេះ IMF ក៏បានគូសបញ្ជាក់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការផ្ទុះឡើងជាថ្មីនៃជម្លោះពាណិជ្ជកម្ម ថាជាហានិភ័យអវិជ្ជមានធំៗផងដែរ។
ដោយឡែក អតិផរណាសកលរំពឹងថានឹងបន្តថយចុះ ដោយធ្លាក់ចុះពី ៤,១% ក្នុងឆ្នាំ ២០២៥ មកត្រឹម ៣,៨% ក្នុងឆ្នាំ ២០២៦ និង ៣,៤% ក្នុងឆ្នាំ ២០២៧ ដែលផ្តល់ឱ្យបណ្ដាធនាគារកណ្តាលនូវឱកាសកាន់តែច្រើន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈគោលនយោបាយរូបិយវត្ថុដែលសមស្រប៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


