ព័ត៌មានអន្ដរជាតិ
IMF ទម្លាក់ការព្យាករសេដ្ឋកិច្ច ដោយសារជម្លោះពាណិជ្ជកម្ម
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២៥ ដោយព្រមានថា កំណើននៃភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃគោលនយោបាយ ជាបន្ទុកសម្ពាធលើទស្សនវិស័យកំណើន ហើយជំរុញពិភពលោកឱ្យកាន់តែធ្លាក់ក្នុងដំណាក់កាលនៃការបែកខ្ញែកសេដ្ឋកិច្ច។
ក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ IMF បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សកលនឹងកើនឡើងត្រឹម ២,៨ ភាគរយ នៅឆ្នាំ ២០២៥ និង ៣ ភាគរយ នៅឆ្នាំបន្ទាប់ ដែលតួលេខទាំង២នេះ បង្ហាញពីការធ្លាក់ចុះពី ៣,៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។
របាយការណ៍ដដែលបង្ហាញថា ប្រទេសសេដ្ឋកិច្ចជឿនលឿន នឹងស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកំណើនសេដ្ឋកិច្ចរបស់ពួកគេ នឹងមានត្រឹម ១,៤ ភាគរយ នៅឆ្នាំ ២០២៥។
IMF ក៏បានទម្លាក់ទស្សនវិស័យកំណើនរបស់សហរដ្ឋអាមេរិកផងដែរ មកត្រឹម ១,៨ ភាគរយ ពោលគឺ ០,៩ ភាគរយ ទាបជាងការព្យាករកាលពីខែមករា។ កំណើនសេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក៏រំពឹងថានឹងធ្លាក់ចុះផងដែរ ដោយ IMF ទម្លាក់ការព្យាករមកនៅត្រឹម ០,៨ ភាគរយ។
ជាមួយគ្នានោះ កំណើនសេដ្ឋកិច្ចនៃប្រទេសមានទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ រំពឹងថានឹងធ្លាក់ចុះមកត្រឹម ៣,៧ ភាគរយ នៅឆ្នាំ ២០២៥ និង ៣,៩ ភាគរយ នៅឆ្នាំ ២០២៦។
បើតាម IMF ការទម្លាក់ការព្យាករកំណើននេះ បណ្ដាលមកពីកម្សោយនៃតម្រូវការ និងការប្រើប្រាស់ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកាន់តែខ្លាំង និងផលប៉ះពាល់នៃការរឹតបន្តឹងពាណិជ្ជកម្មនាពេលថ្មីៗនេះ។

ស្ថាប័នដដែលបាននិយាយថា អត្រាពន្ធគយដែលសហរដ្ឋអាមេរិកបានដាក់ចេញលើប្រទេសផ្សេងៗរាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសតវត្ស។ ទាំងនេះ រួមមានពន្ធដ៏ច្រើនលើទំនិញនាំចូលផ្សេងៗ ដែកថែប អាលុយមីញ៉ូម និងរថយន្ត ដែលបង្កជាវិធានការសងសឹកពីដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដូចជាកាណាដា សហភាពអឺរ៉ុប និងចិនជាដើម។ IMF ភាពតានតឹងនៃរបាំងពាណិជ្ជកម្ម បានបង្កការប្រែប្រួលខ្លាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។
បន្ថែមពីលើផលប៉ះពាល់ភ្លាមៗសម្រាប់កំណើនសេដ្ឋកិច្ច IMF បានព្រមានថា កំណើននៃភាពតានតឹងពាណិជ្ជកម្ម បានបង្កនូវហានិភ័យធ្លាក់ចុះសម្រាប់ទស្សនវិស័យផ្សេងៗ ការធ្លាក់ចុះទីផ្សារ ការប្រែប្រួលអត្រាប្តូរប្រាក់ វិបត្តិបំណុលសាធារណៈ ជាពិសេសក្នុងប្រទេសដែលមានចំណូលទាប ក៏ដូចជាភាពចលាចលក្នុងសង្គមជាដើម។
ក្រោមបញ្ហានេះ ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានថ្លែងថា៖ «សេដ្ឋកិច្ចពិភពលោក ត្រូវការបរិយាកាសពាណិជ្ជកម្មច្បាស់លាស់ ស្ថិរភាព និងអាចព្យាករបាន ដែលអាចដោះស្រាយគម្លាតមួយចំនួនក្នុងច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។ លោកបន្តថា៖ «គោលនយោបាយរូបិយវត្ថុគួរត្រូវរក្សាភាពបត់បែន ដោយរឹតបន្តឹងប្រសិនបើសម្ពាធអតិផរណាកើនឡើង ហើយបន្ធូរបន្ថយប្រសិនបើតម្រូវការខ្សោយ»៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


