Connect with us

សេដ្ឋកិច្ច

វិស័យឯកជន៖ ព្រលានយន្តហោះថ្មី មិនត្រឹមផ្តល់ផលចំណេញផ្នែកទេសចរណ៍ តែក៏នឹងទាក់ទាញសក្ដានុពលផ្នែកពាណិជ្ជកម្ម

បានផុស

នៅ

លោក ហូ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ទេសចរណ៍​កម្ពុជា មើល​ឃើញ​ថា វឌ្ឍនភាព​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ថ្មី មិន​ត្រឹម​តែ​ផ្តល់​ផល​ចំណេញ​ផ្នែក​ទេសចរណ៍​​នោះ​ទេ តែ​ក៏​នឹង​ទាក់ទាញ​សក្តានុពល​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់ ​«កម្ពុជា​ថ្មី​» លោក ហូ វណ្ឌី បាន​មាន​ប្រសាសន៍​ថា ព្រលាន​យន្តហោះ​ថ្មី​នេះ​ទាំង​រាជរដ្ឋាភិបាល ​ប្រជាពលរដ្ឋ​ ទេសចរ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​លេង​កម្ពុជា សុទ្ធ​សឹង​តែ​ចង់​ឃើញ​នូវ​សមិទ្ធផល​នេះ​លេច​ចេញ​ជា​រូប​រាង​ឡើង។

ជាក់ស្ដែង ក្រោយព្រលាន​យន្តហោះនេះ​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​​ គឺ​បានផ្តល់​ផល​ចំណេញ​ជា​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា។ ដូច​យើង​បាន​ឃើញ​ហើយ​ថា​ មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរ​ចេញ​ និង​ចូល​មក​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​ទាក់ទាញ​ទៅ​ដល់​សក្ដានុពល​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ ជា​ពិសេស​ការ​ដឹក​ទំនិញ​នាំ​ចេញ និង​នាំ​ចូល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ព្រោះព្រលាន​យន្តហោះ​ថ្មី​មាន​ផ្លូវ​ចុះ​ចត​វែង​ជាង​មុន​ ដែលផ្តល់ភាពងាយស្រួល​អាច​ឱ្យ​យន្តហោះ​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​ចុះចត​បាន​យ៉ាង​ងាយ​ស្រួល​។

លោក ហូ វណ្ឌី បានបន្ថែមថា «​មក​ដល់​​ពេល​បច្ចុប្បន្ន​នេះ​ជាង ៣០ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាននិងកំពុង​រៀប​ចំ​ជើង​ហោះ​ហើរ​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​ថ្មី​ ដូច្នេះ​ សមិទ្ធផល​ថ្មី​នេះ​ គឺ​ជា​រឿង​មួយ​ដែល​កម្ពុជា អាច​ទទួល​បាន​ ទី​១ ភ្ញៀវ​ទេសចរ​ ទី​២ ការ​ដឹក​ទំនិញ​ចេញ​ចូល និង​ទី​៣ គឺ​នឹង​ទាក់ទាញ​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្ងាយ​ៗ​ មក​កម្ពុជា​បន្ថែម​ទៀត​»។

«ទេសចរណ៍​គឺ​ត្រូវ​ការ​មាន​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​អាច​ធ្វើ​តែ​ឯកឯង​បាន​ទេ ចាំបាច់​ត្រូវ​មាន​ការ​ផ្សារ​ភ្ជាប់​ក្នុង​តំបន់​ និង​ពិភព​លោក​។ ជាក់ស្តែង​ទេសចរ​ ដែល​មក​ទស្សនា​ប្រទេស​នីមួយ​ៗ​ចាំ​បាច់​​ត្រូវ​ចំណាយ​ពេល​វេលា និង​ចំណាយ​ថវិកា​ជា​ច្រើន ដូច្នេះ​ពួក​គេ​ចាំ​បាច់​ត្រូវទស្សនា ៣ ទៅ ៤ ប្រទេស​ក្នុង​ពេល​តែ​មួយ​។ នេះ​គឺ​ជា​រឿង​ល្អ​ដែល​កម្ពុជា​មាន​ប្រលាន​យន្ត​ហោះ​អាច​ចុះ​ចត​បាន​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ ដើម្បី​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ទៀត»។ លោក ហូ វណ្ឌី ​បន្ថែមបែបនេះ។

ជា​មួយ​គ្នា​នេះ លោក ស សារិន អគ្គនាយក​ហ៊ុន​ទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បាន​ឱ្យ«កម្ពុជាថ្មី» ​ដឹង​ដែរ​ថា ព្រលាន​យន្តហោះអន្តរជាតិ​តេជោ​នេះ គឺ​ជា​ចលករ​ថ្មី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​នាំ​ចូល​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្សេងៗ ក៏​ដូច​ជា​អ្នក​វិនិយោគ​ និងការ​នាំយក​នូវ​កេរ្តិ៍​ឈ្មោះ កិត្តិយស​របស់​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​អ្នក​​ចូល​មក​ទស្សនា​នៅ​​កម្ពុជា​។

យ៉ាង​ណា​មិញ​ កន្លង​មក​យើង​ឃើញ​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស​ជំរុញ​ការ​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា​។ មែន​ទែន​ទៅ កម្ពុជា​ក៏​មិន​ពឹង​ទៅ​លើ​ប្រទេស​ជិត​ខាង​ក្នុង​ការ​នាំ​យក​នូវ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​រហូត​នោះ​ទេ ដូច្នេះព្រលាន​យន្តហោះ​អន្តរជាតិ​តេជោថ្មីនេះ លោក​ជឿ​ថា​ ការ​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​ធំៗ​ទាំង​ឡាយ​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក ស សារិន បានបន្តដែរថា ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ទាញ​យក​ភ្ញៀវ​ទេសចរ​ពី​ផ្លូវ​ឆ្ងាយ​មក​កាន់​កម្ពុជា នៅ​កំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ នឹងមាន​ក្រុមហ៊ុន​ហោះហើរ​ធំៗ​ចំនួន​ ២​ រួម​មាន ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines របស់​ប្រទេស​អារ៉ាប់រួម​ និង ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines របស់​ប្រទេស​តួកគី ក្រុមហ៊ុន​ទាំង​ពីរ​នេះ​និង​ធ្វើ​ការ​ហោះហើរ​ត្រង់​មក​កាន់​ព្រលាន​យន្តហោះ​របស់​កម្ពុជា​។

ទន្ទឹម​នេះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា «នៅ​ក្នុង​គោលជំហរ​របស់​ថ្នាក់​ដឹក​នាំ និង​គោលជំហរ​ខាង​សមាគម​ទេសចរណ៍​នា​នា​របស់​កម្ពុជា​ គឺ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា និង​ក្លាយ​ទៅ​​ជា​គោលដៅ​ទី​១ សម្រាប់​​ទេសចរណ៍ ​និង​ការ​វិនិយោគ ហើយ​អាច​នឹង​សាយភាយ​ទៅ​កាន់​ប្រទេស​ជិតខាង​ផ្សេង​ៗ​ទៀត»​។

និយាយ​ជា​រួម​ ក្នុង​នាម​វិស័យ​ឯកជន​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​ ​ពិត​ជា​ត្រេកអរ ពេល​​រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​បើកដំណើរការ​នូវ​ព្រលាន​យន្តហោះ​ថ្មី​នេះ ដោយ​​គ្រប់​គ្នាបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ ដំណាក់កាលទី១​ បានបិទបញ្ចប់ការ​សាងសង់​ទាំងស្រុង​​ ដែលបានបើកឱ្យ​ដំ​ណើរ​​ការកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥​កន្លងទៅថ្មីៗនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមាន​សមត្ថភាព​​បម្រើសេវា​កម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើសព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន ៣ ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ២ ពាន់​លាន​ដុល្លារ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ដោយ៖​ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម