ព័ត៌មានអន្ដរជាតិ
ឥណ្ឌាជំរុញ BRICS ដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មជាមួយខ្លួន
ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ បានអំពាវនាវដល់សមាជិកនៃសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច BRICS ដូចគ្នា ឱ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយឥណ្ឌា ខណៈប្លុកនេះកំពុងរួបរួមគ្នាក្នុងការប្រឆាំងនឹងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

ថ្លែងក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បាននិយាយថា៖ «ឱនភាពពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេស(ឥណ្ឌា) គឺជាមួយដៃគូ BRICS»។
ការថ្លែងរបស់លោក Jaishankar ធ្វើឡើងត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ក្រោយលោក ណារិនដ្រា មូឌី ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិន ដោយត្រូវគេមើលឃើញថាជាសញ្ញានៃការជំរុញទំនាក់ទំនងជាមួយចិន ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក។
BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងជាសមាជិកសំខាន់ៗ កន្លងមកបានរងការចោទប្រកាន់ពីលោក ត្រាំ ថា បម្រើគោលនយោបាយប្រឆាំងអាមេរិក។
សម្ដីរបស់ឥណ្ឌាលើកនេះ ហាក់ដូចជាប្រទាញប្រទង់គ្នាទៅនឹងអ្វីដែលប្រេស៊ីល ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ BRICS បានចោទប្រកាន់អាមេរិកថា «ជំរិតបង្ខំ» គេឯង។ ឥណ្ឌា និងប្រេស៊ីល បច្ចុប្បន្នជាសមាជិកប្លុក ដែលរងពន្ធរបស់លោក ត្រាំ រហូតដល់ ៥០ ភាគរយ។
មុនបន្ថែមពន្ធលើឥណ្ឌា ២៥ ភាគរយ ចំពោះការទិញប្រេងរុស្ស៊ី លោក ត្រាំ ដាក់ពន្ធលើប្រទេសនេះ ២៥ ភាគរយ រួចហើយ ក្នុងបរិបទពន្ធបដិការដូចទៅនឹងប្រទេសជាច្រើនទូទាំងពិភពលោក។ លោកសំអាងលើ «ពាណិជ្ជកម្មមិនស្មើគ្នា» ដែលបង្កឱនភាពពាណិជ្ជកម្មសម្រាប់អាមេរិក។

ចិនដែលរងសម្ពាធដូចគ្នា បានប្រឆាំងនឹងពន្ធ ត្រាំ ជាបន្តបន្ទាប់ ដោយប្រធានាធិបតីចិន លោក ស៊ី ជីពីង កន្លងមកបានព្រមានប្រឆាំងនឹង «អនុត្តរភាព ឯកតោភាគីនិយម និងការការពារនិយម» ហើយនិយាយថា «សង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធ ដែលធ្វើឡើងដោយប្រទេសមួយចំនួន បានរំខានយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យខូចដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។ មេដឹកនាំចិនរូបនេះ បានជំរុញឱ្យប្រទេសសមាជិក BRICS កាន់ដៃគ្នាក្នុងការជម្នះការគំរាមកំហែងទាំងនោះ។
អ្នកជំនាញលើកឡើងថា ឥណ្ឌាមើលឃើញ BRICS ជាគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចជាចម្បង ខណៈចិន និងរុស្ស៊ី មើលឃើញវាជាប្លុកភូមិសាស្ត្រនយោបាយ។
គួរគូសបញ្ជាក់ថា ឥណ្ឌាមានឱនភាពពាណិជ្ជកម្ម ៩៩,២ ប៊ីលានដុល្លារ ជាមួយចិន គិតត្រឹមឆ្នាំសារពើពន្ធ ដែលបញ្ចប់នៅខែមីនា ២០២៥។ ឱនភាពពាណិជ្ជកម្មជាមួយរុស្ស៊ីវិញ ក៏ខ្ពស់ដែររហូតដល់ ៥៩ ប៊ីលានដុល្លារ ដោយសារតែឥណ្ឌាទិញប្រេងរុស្ស៊ី៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


