Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​រដ្ឋ​ចិន​ដ៏​ធំមួយ ​ដាក់​ផែនការ​កែច្នៃ​ស្វាយចន្ទី​កម្ពុជា​ឱ្យបាន ៣ ម៉ឺនតោន

បានផុស

នៅ

ក្រុមហ៊ុន​ Sinomach Hainan Development Co., Ltd. ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចិន​ដ៏​ធំ​មួយ​ កំពុង​សហការ​ជា​មួយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដើម្បី​នាំ​ទៅ​ចែកចាយ​នៅ​ទីផ្សារ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​ Sinomach Hainan Development Co., Ltd. ​បាន​បង្ហាញនូវសុទិដ្ឋិនិយម​ក្នុងការគិត​គូរ​បណ្តាក់​ទុន​វិនិ​យោគ​នៅ​កម្ពុជា​ក្នុងវិស័យ​ឧស្សាហកម្មស្វាយចន្ទី ​ដោយ​គ្រោង​នឹង​កែច្នៃគ្រាប់​ស្វាយចន្ទី​ឱ្យ​បាន​ចំនួន ៣ម៉ឺនតោ ​ក្នុង​មួយ​ឆ្នាំនៅដំណាក់កាលទី១។

​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១២ ​ខែកញ្ញា ​ឆ្នាំ ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ​លោក David Zou Zhun ប្រធានផ្នែក​កសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd.។

​Sinomach Hainan Development Co., Ltd.​ គឺជាក្រុមហ៊ុន​ឈានមុខក្នុង​ការផលិតម៉ាស៊ីន​សម្រាប់​វិស័យ​ឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញ/ចូលផលិតផលកសិកម្ម នៅ​កោះ​ហៃណាន សាធារណរដ្ឋប្រជាមានិតចិន។​

​លោក ជា វុទ្ធី បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំ​សម្ងួត រហូត​ដល់ការកែច្នៃជាផលិតផលសម្រេច ហើយ​ដែល​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​កំពុងយកចិត្តទុកដាក់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្មស្វាយចន្ទី​នេះ និង​កំពុង​ត្រូវ​ការ​ក្រុមហ៊ុន​វិនិយោគ​កែច្នៃ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប។ ​

ក្រៅពីស្វាយចន្ទី លោក​អគ្គលេខាធិការ​ក៏បានជម្រាប​ជូន​គណៈប្រតិភូ​ពីសក្តា​នុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុន​អាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះ​ឱ្យកាន់តែមាន​តម្លៃ​បន្ថែម​ខ្ពស់ថែមទៀត។

​លោក David Zou Zhun បានប្រាប់ថា ​ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់​ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់​ដៃគូជាមួយក្រុមហ៊ុន Kampu Nuts Agro Products, ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែក​ចាយ​ទៅកាន់ទីផ្សារប្រទេសចិន។

​លោក David Zou Zhun បានឱ្យដឹងទៀតថា គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយ​ចន្ទីឱ្យ​បានចំនួន ៣ម៉ឺនតោន/ឆ្នាំ, ដំណាក់កាល​ទី២ ចំនួន ២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន/ឆ្នាំ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម