Connect with us

ព័ត៌មានអន្ដរជាតិ

សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស៖ តើភាគីណាជាអ្នក​ខាត​បង់ ហើយភាគីណាជាអ្នកចំណេញ?

បានផុស

នៅ

សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានចាប់ផ្តើមហើយតាំងពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣។ សង្រ្គាមនេះ គឺបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានបាញ់ស្រោចរ៉ុក្កែតប្រមាណ ៥ពាន់គ្រាប់ទៅក្នុងទឹកដីអ៉ីស្រាអែល។ ភ្លាមៗ រដ្ឋាភិបាលអ៉ីស្រាអែល បានដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម ហើយបាញ់ស្រោចរ៉ុក្កែតទៅក្នុងតំបន់ Gaza ដើម្បីជាការសងសឹក និងបានបញ្ជូនកងទ័ពទាំងជើងគោក និងអាកាស ទៅកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស។ កងទ័ពអ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកនៅតាមគោលដៅកំណត់ពាសពេញតំបន់កាហ្គា និងឡោមព័ន្ធតំបន់នោះ ដើម្បីកម្ទេចឱ្យសាបសូន្យនូវហេដ្ឋារចនាសម្ព័ន្ធក្រុមសកម្មប្រយុទ្ធងហាម៉ាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ហេតុអ្វីបានជាក្រុមហាម៉ាសហ៊ានវាយលុកលើអ៊ីស្រាអែល?

មានការលើកឡើង និងចោទជាចម្ងល់ច្រើនណាស់អំពីបញ្ហានេះ។ តើហេតុអ្វីបានជាក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមិនមែនជាកងកម្លាំងផ្លូវការរបស់រដ្ឋប៉ាឡេស្ទីនផង វាយឆ្មក់ទៅលើអ៉ីស្រាអែល? តើនេះ ពិតជាក្រុមហាម៉ាសចង់សងសឹកនឹងអ៉ីស្រាអែលដែលធ្វើទុក្ខបុកម្នេញលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់Gaza Strip និងនៅទីក្រុងJerusalem? ឬក៏នេះ គឺជាសេណារីយ៉ូដែលរៀបចំឡើងដោយអ៉ីស្រាអែល ឬអាចហៅជាសាមញ្ញថា ជាសង្រ្គាមខ្ចីដៃរបស់អ៉ីស្រាអែល ដើម្បីវាយលុកលុយ និងកាប់កាន់តំបន់ Gaza Strip? មុនឈានទៅបកស្រាយ ក៏ដូចជាស្រាយបំភ្លឺចម្ងល់ទាំងនេះ យើងតោងយល់ដឹងជាមុនសិន ថា តើក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) ជានរណា? ហើយក្រុមនេះកើតចេញពីប្រភពណា?

  • ក្រុមហាម៉ាស(Hamas)

ហាម៉ាស (Hamas) គឺអង្គការនយោបាយ និងយោធាដែលកំពុងកាន់កាប់ និងគ្រប់គ្រងតំបន់កាហ្សា (Gaza Strip) ដែលជាដែនដីរបស់រដ្ឋប៉ាឡេស្ទីន។ ហាម៉ាស (Hamas) មកពីពាក្យកាត់ចេញពីភាសាអារ៉ាប់ថា «ចលនាតស៊ូអ៊ីស្លាម» ឬ “Islamic Resistance Movement”។ ក្រុមសកម្មប្រយុទ្ធនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៧ ក្នុងពេលដែលមានចលនាប៉ះប៉ោរបស់ប៉ាឡេស្ទីនដំបូង ឬហៅថា ចលនា Intifada ប្រឆាំងនឹងអ៉ីស្រាអែល។ ក្រុមនេះ គឺជាសាខានៃក្រុមភារតភាពមូស្លីម ដែលជាក្រុមអ៉ីស្លាមនិយមនិកាយ ស៊ុននី (Sunni Islamist group) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមសកម្មប្រយុទ្ធហាម៉ាស គឺជាក្រុមប្រដាប់អាវុធដែលមិនទទួលស្គាល់សោះឡើយនូវរដ្ឋអ៉ីស្រាអែល ឬប្រទេសអ៉ីស្រាអែល នៅមស្ចឹមបូព៌ា ហើយក្រុមនេះ ក៏បានបដិសេធផងដែរនូវកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយនឹងអ៉ីស្រាអែល។

      ដ្បិតថា ក្រុមសកម្មប្រយុទ្ធហាម៉ាសធ្វើសកម្មភាព ដើម្បីរំដោះប្រជាពលរដ្ឋ និងទឹកប៉ាឡេស្ទីន ប៉ុន្តែ ក្រុមនេះ ត្រូវបានអ៉ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត បានចាត់ទុកថា គឺជា ក្រុមភេរវជន។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានគូសបញ្ជាក់ថា ក្រុមហាម៉ាស មានគោលដៅតែមួយគត់ គឺកម្ទេចប្រទេសអ៉ីស្រាអែល និងសម្លាប់ជនជាតិជ្វីហ្វ(Jews)ឱ្យអស់។

បច្ចុប្បន្ន ក្រុមហាម៉ាស មានមេដឹកនាំកំពូល គឺលោក Ismail Abdel Salam Ahmed Haniyeh និងមានមូលដ្ឋាននៅក្នុងតំបន់កាហ្គា (Gaza Strip)។ ក្រុមនេះ ប្រកាន់មនោគមវិជ្ជានយោបាយប៉ាឡេស្ទីននិយម នយោបាយអ៉ីស្លាមនិយម និងសាសនាអ៉ីស្លាមនិយម។ ប៉ុន្តែ ក្រុមនេះ ក៏បានប្រឆាំងមនោគមវិជ្ជានយោបាយហ្សីយ៉ូននិយម (Anti-Zionism) ដែលជាមនោគមវិជ្ជានយោបាយជាតិនិយមគាំទ្រឱ្យមានការបង្កើតទឹកដីជនជាតិជ្វីហ្វនៅក្នុងរដ្ឋប៉ាឡេស្ទីន ហើយក្រុមនេះ ក៏ប្រឆាំងដែរនូវមនោគមវិជ្ជានយោបាយកុម្មុយនីស្តនិយម។ មកដល់ពេលនេះ មិនទាន់មានប្រភពច្បាស់លាស់ណាមួយចេញមកបញ្ជាក់ថា ក្រុមហាម៉ាស មានកងកម្លាំងប្រដាប់ និងសព្វាវុធចំនួនប៉ុន្មាន និងអ្វីខ្លះនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក បានអះអាងឱ្យដឹងថា ក្រុមហាម៉ាស គឺត្រូវបានផ្តត់ផ្គង់កញ្ចប់ថវិកា និងសព្វាវុធគ្រប់បែបយ៉ាងដោយប្រទេសអ៉ីរង់។

  • ភាពខុសគ្នានៃក្រុមហាម៉ាស និងក្រុមFatah តំណាងឱ្យរដ្ឋប៉ាឡេស្ទីន

នៅប៉ាឡេស្ទីន គឺមានក្រុម២ ដែលប្រកួតប្រជែងគ្នា និងតាំងខ្លួនថា ជាតំណាងប្រជាជន និងប្រជាជាតិប៉ាឡេស្ទីន នោះ គឺក្រុមហាម៉ាស និងក្រុមFatah។ ប៉ុន្តែ ក្រុមFatah ត្រូវបានទទួលស្គាល់ថា ជាកងកម្លាំងផ្លូវការរបស់រដ្ឋប៉ាឡេស្ទីនដែលដឹកនាំដោយប្រធានាធិបតី Mahmoud Abbas។ តាមពិតក្រុមហាម៉ាស និងក្រុមFatah បើទោះបីតែងតែមិនត្រូវគ្នា និងធ្លាប់ប៉ះទង្វិះគ្នាក៏ដោយ ក៏ក្រុមនេះ មានគោលដៅតែមួយ គឺរំដោះប៉ាឡេស្ទីនចេញពីការកាន់កាប់ និងគ្រប់គ្រងដោយអ៉ីស្រាអែល។ ក្រុមFatah គឺចេញពីចលនារំដោះប៉ាឡេស្ទីន ហើយក្រោយពីរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ ក្រុមនេះ បានគ្រប់គ្រង និងដឹកនាំរដ្ឋប៉ាឡេស្ទីន។ ក្រុមFatah បានដឹកនាំរដ្ឋប៉ាឡេស្ទីន ដោយកាន់កាប់នៅក្នុងតំបន់West Bank តំបន់ភាគខាងលិចនៃទន្លេហ្សកដានី។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតមួយក្នុងឆ្នាំ២០០៦ ក្រុមFatah បានចាញ់ការបោះឆ្នោតនៅក្នុងកាហ្សា(Gaza Strip) ធ្វើឱ្យតំបន់នេះ ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយក្រុមហាម៉ាស។ យ៉ាងណាក៏ដោយ នៅលើឆាកអន្តរជាតិ ប្រទេសភាគច្រើន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករ។ ប៉ុន្តែ ក៏មានដែរប្រទេសនៅមស្ចឹមបូព៌ាខ្លះ បានទទួលស្គាល់ក្រុមហាម៉ាសនេះ ជាក្រុមរំដោះទឹកដី និងប្រជាជនប៉ាឡេស្ទីន។

  • ប្រវត្តិប៉ះទង្គិះគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

បើនិយាយពីប្រវត្តិនៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គឺស្មុគស្មាញបន្តិច ពោល គឺគេគួរតែចាប់និយាយតាំងពីការ​កកើតនៃជនជាតិជ្វីហ្វនៅលើទឹកដីអារ៉ាប់។ ការកកើតនៃជនជាតិជ្វីហ្វនេះ គឺជាកកើត និងកើនឡើងនៃភាពវឹកវរ និងសង្រ្គាមនៅក្នុងតំបន់មស្ចឹមបូព៌ា។ អង្គការសហប្រជាជាតិ បានបែងចែកទឹកដីនៅប៉ាឡេស្ទីនជា២ នៅក្នុងឆ្នាំ១៩៤៧ គឺមួយផ្នែកសម្រាប់ជនជាតិជីហ្វរស់នៅ ហើយបង្កើតជាប្រទេសអ៉ីស្រាអែលសព្វថ្ងៃនេះ និងមួយផ្នែកទៀតសម្រាប់ជនជាតិអារ៉ាប់ ដែលបច្ចុប្បន្ន ជារដ្ឋប៉ាឡេស្ទីន។ មួយឆ្នាំបន្ទាប់ គឺនៅឆ្នាំ១៩៤៨ អ៉ីស្រាអែល ក៏បានប្រកាសជារដ្ឋឯករាជ្យ ប៉ុន្តែ បាន១ថ្ងៃប៉ុណ្ណោះ ប្រទេសនៅជុំវិញ រួមមាន ស៊ីរី អ៉ីរ៉ាក់ អេហ្ស៊ីប លីបង់ ហ្សកដានី និងកងកម្លាំងប៉ាឡេស្ទីន បានរួមគ្នាវាយប្រហារលើអ៉ីស្រាអែល ដោយសារពួកគេមិនទទួលស្គាល់ការបង្កើតរដ្ឋទំនើបអ៉ីស្រាអែលនៅលើទឹកអារ៉ាប់ឡើយ។

ប៉ុន្តែ សង្រ្គាមនេះ មានរយៈពេល៩ខែ ក៏បានបញ្ចប់ទៅវិញដោយបណ្តាប្រទេសទាំងនោះ បានចុះចាញ់សង្រ្គាម ហើយអ៉ីស្រាអែល ក៏បានដណ្តើមកាន់កាប់បានទឹកដីមួយចំនួនទៀតនៅក្នុងសង្គ្រាមនេះ និងបានកំណត់ព្រំដែនបណ្តោះអាសន្ននៅក្នុងឆ្នាំ១៩៤៩។ ៩ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៦ សង្រ្គាមរវាងអ៉ីស្រាអែល និងរដ្ឋអារ៉ាប់ បានកើតឡើងម្តងទៀត ពេលនោះ គឺសង្រ្គាមរវាងអ៉ីស្រាអែល ដែលមានអង់គ្លេស និងបារាំងចូលដៃផង បានប្រយុទ្ធគ្នាជាមួយអេហ្ស៊ីប ដោយសារវិបត្តិព្រែកស៊ុយអេរ។ សង្រ្គាមនេះ គឺច្បាស់ណាស់ថា ក្រុមខាងអ៉ីសា្រអែល ជាអ្នកទទួលបានជ័យជម្នះ។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៥៧ សង្រ្គាមរវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់ បានកើតឡើងម្តងទៀត។ សង្រ្គាមនេះ គឺរវាងអ៉ីស្រាអែល និងប្រទេសអេហ្ស៊ីប ស៊ីរី និង​ហ្សកដានី។ មូលហេតុនៃសង្គ្រាម គឺដោយសារតែប្រទេសទាំង៣ មានការភាន់ច្រឡំពាក់ព័ន្ធនឹងការកែនទ័ពអ៉ីស្រាអែល នៅក្បែរព្រំដែនស៊ីរី ហើយក៏បានរួមគ្នាលើកទ័ពចូលព្រំដែនអ៉ីស្រាអែលបង្កើតជាសង្រ្គាមតែម្តងទៅ។ សង្រ្គាមនេះ មានរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ ដែលតែងតែហៅថា សង្រ្គាម៦ថ្ងៃ។ លទ្ធផលចុងក្រោយ គឺកងទ័ពអ៉ីស្រាអែល បានឈ្នះសង្រ្គាមម្តងទៀត ហើយម្តងនេះ អ៉ីស្រាអែល បានចូលកាន់កាប់ទឹកដីបន្ថែមទៀត ដូចជា Gaza Strip និង West Bank របស់​​​ប៉ាឡេស្ទីន តំបន់​ស៊ីណៃ​របស់​អេហ្ស៊ីប និង​តំបន់​ខ្ពង់រាប​ Golan របស់​ស៊ីរី។ ប៉ុន្តែ អង្គការសហប្រជាជាតិ មិនព្រមទទួលស្គាល់ឱ្យអ៉ីស្រាអែលកាន់កាប់ទឹកដីដែលដណ្តើមបានទាំងនោះទេ ដោយតម្រូវឱ្យប្រគល់ទៅប្រទេសទាំង៣វិញ ដោយប្តូរមកវិញនូវកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងតំបន់។ ការចរចានេះ គឺចម្រូងចម្រាសណាស់ ព្រោះអ៉ីស្រាអែលទាមទារឱ្យប្រទេសទាំង៣ទទួលស្គាល់រដ្ឋអ៉ីសា្រអែល និងចុះព្រមព្រៀងសន្តិភាពជាមុនសិន ទើបដកកងទ័ពចេញពីតំបន់ទាំង៣។ ប៉ុន្តែ ប្រទេសទាំងនោះ មិនព្រម និងថាទាល់តែអ៊ីស្រាអែលដកទ័ពចេញពីទឹកដីពួកគេសិន ទើបគេយល់ព្រមលើកិច្ចព្រមព្រៀងនេះ។

ភាពចម្រូងចម្រាស និងការជាប់គាំងនេះ ធ្វើឱ្យប្រទេសស៊ីរី និងអេហ្ស៊ីប ទ្រាំមិនបាន ក៏បានលើកកងទ័ពវាយប្រហារជាថ្មីម្តងទៀត ដើម្បីដណ្តើមកាន់កាប់តំបន់​ស៊ីណៃ និង​ខ្ពង់រាប Golan ពី​អ៊ីស្រាអែល​វិញ។ នេះ គឺជាសង្រ្គាមជាថ្មី និងជាសង្រ្គាមធំចុងក្រោយ និងជាការចាញ់សង្រ្គាមជាថ្មី និងជាចុងក្រោយរបស់ប្រទេសអារ៉ាប់ ទៅអ៉ីស្រាអែលផងដែរ។ សង្រ្គាមនេះ គឺធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៣ គឺចំថ្ងៃបុណ្យសាសនាដ៏ធំរបស់ជនជាតិជ្វីហ្វ គឺ«យ៉ុមគីពួរ»(Yom Kippour)។ ដោយសារតែចំថ្ងៃនៃពិធីបុណ្យនេះ គេក៏ប្រសូត្រឈ្មោះសង្រ្គាមនេះថា ជា«សង្រ្គាមយ៉ុមគីពួរ»។

  • ប្រវត្តិប៉ះទង្គិះគ្នារវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល

មែនទែនទៅ ការធ្វើសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងកងទ័ពអ៉ីស្រាអែល បានកើតឡើងគួរឱ្យកត់សម្គាល់ គឺចាប់តាំងពីឆ្នាំ២០០៧ ពោល គឺតាំងពីក្រុមហាម៉ាស បានឈ្នះឆ្នោតគ្រប់គ្រងតំបន់ Gaza Strip ហើយរុញច្រានក្រុមFatah នៃរដ្ឋប៉ាឡេស្ទីន ទៅកាន់តំបន់ West Bank។ តាំងពីឆ្នាំ២០០៧ មក គឺក្រុមហាម៉ាស និងកងទ័ពអ៉ីស្រាអែល ទើបបានប្រយុទ្ធគ្នាចំនួន៤លើករួចមកហើយ។ បើទោះបីធ្លាប់វាយប្រហារលើអ៉ីស្រាអែលដល់ទៅ៤លើកក៏ពិតមែន ប៉ុន្តែ ភាគច្រើន ឬសឹងតែទាំងអស់ ក្រុមហាម៉ាស ច្រើនតែបាញ់គ្រាប់រ៉ុក្កែតចូលក្នុងទឹកដីអ៉ីស្រាអែល បណ្តាលឱ្យស្លាប់ទាហាន ជាពិសេស ជនស្លូតត្រង់អ៉ីស្រាអែល ដែលនៅជិតតំបន់ Gaza Strip។ ចំណែក អ៉ីស្រាអែល ក៏បានតបតមកវិញដោយគ្រាប់រ៉ុក្តែតមកដាក់ក្នុងតំបន់Gaza Strip ដែលអ្នករងគ្រោះធំបំផុត និងពិត​ប្រាកដនោះ គឺប្រជាពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់នោះ។

  • ហេតុអ្វីក្រុមហាម៉ាសរើសយកថ្ងៃ០៧ ខែតុលា ឆ្នាំ២០២៣ វាយប្រហារអ៊ីស្រាអែល?

នៅវេលាម៉ោង ៦៖៣០នាទី ព្រឹកព្រហាមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធហាម៉ាសនៃប៉ាឡេស្ទីន បានបាញ់ស្រោចគ្រាប់រ៉ុក្កែតចំនួនប្រមាណ៥ ០០០គ្រាប់ចូលទៅទឹកដីអ៉ីស្រាអែល សំដៅទីក្រុង Tel Aviv និង Jerusalem ប៉ុន្តែ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានអះអាងថា គ្រាប់រ៉ុក្កែតដែលបានបាញ់ទៅនោះ មានប្រមាណ២ ២០០គ្រាប់ប៉ុណ្ណោះនៅក្នុងទឹកដីរបស់អ៉ីស្រាអែល។ ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតទាំងនេះ ក្រុមហាម៉ាស ក៏បានបញ្ជូនក្រុមប្រដាប់អាវុធរបស់ខ្លួនហែកព្រំដែនចូលទៅក្នុងទឹកដីអ៉ីស្រាអែលថែមទៀត។ ការវាយប្រហារនេះ គឺក្រុមហាម៉ាស ក៏បានសម្លាប់ទាហាន និងជនស៊ីវិលអ៉ីស្រាអែលប្រមាណ ១ ៤០០ នាក់ និងបានជំរិតប្រមាណជិត២០០នាក់ទៀត។ នេះ គឺជាការវាយប្រហារដ៏ធំមិនធ្លាប់មានឡើយរបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៉ីស្រាអែល។

ការវាយឆ្មក់មិនឱ្យអ៉ីស្រាអែលដឹងនេះ គឺចំថ្ងៃខួប៥០ឆ្នាំនៃ«សង្រ្គាមយ៉ុមគីពួរ»ដែលជាសង្រ្គាមធំចុងក្រោយរវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់ និយាយឱ្យចំ គឺរវាងអ៉ីស្រាអែល និងប្រទេសអេហ្ស៊ី និងស៊ីរី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៣ គឺចំថ្ងៃបុណ្យសាសនាដ៏ធំរបស់ជនជាតិជ្វីហ្វ គឺ«យ៉ុមគីពួរ» (Yom Kippour)។ ការវាយប្រហារនេះ ត្រូវបានគេមើលឃើញថា ជាការដាស់ព្រលឹងរបស់ប្រទេសអារ៉ាប់ឱ្យងើបឡើងវិញ ដើម្បីប្រឆាំងនឹងរដ្ឋអ៉ីស្រាអែលដូចកាលពី៥០ឆ្នាំមុន។ ប៉ុន្តែ ស្របពេលពេលនេះ ក៏មានការយល់ឃើញថា វាយប្រហារនេះ គឺក្រុមហាម៉ាស ចង់បង្ហាញប្រាប់ទៅអ៉ីស្រាអែល ថា ក្រុមខ្លួនមិនតូចដូចមុនទេ ហើយរឹតតែខ្លាំង និងធំជាងមុខទៅទៀត។ ម្យ៉ាងទៀត ក៏ជាការបង្ហាញប្រាប់ក្រុមប្រទេសអារ៉ាបផងដែរថា ក្រុមហាម៉ាស នឹងមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីរំដោះប្រជាជន និងទឹកដីប៉ាឡេស្ទីនពីកណ្តាប់ដៃអ៉ីស្រាអែល។

ប៉ុន្តែ ក្រោយការវាយប្រហារភ្លាមៗ លោក Ali Barakeh មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានផ្តល់ដល់សារព័ត៌មានNPR ដោយបានគូសបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា គឺការឆ្លើយតបទៅនឹង ឧក្រិដ្ឋកម្មរបស់អ៉ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងទីក្រុង Jerusalem និងតំបន់ West Bank និងដើម្បីបំបែកការបិទខ្ទប់របស់អ៉ីស្រាអែលនៅក្នុងតំបន់ Gaza។ លោក​បាន​និយាយទៀត​ថា វា​ក៏​មាន​ន័យ ​សំដៅឱ្យមានការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​នៅ​ក្នុង​ពន្ធនាគាររបស់អ៉ីស្រាអែលផងដែរ។

យ៉ាងណាក៏ដោយ លោក C. Ross Anthony សេដ្ឋវិទូជាន់ខ្ពស់នៃវិទ្យាសា្ថនស្រាវជ្រាវអាមេរិក Rand Corp និងជាសហអ្នកនិពន្ធសៀវភៅ Alternatives in the Israeli-Palestinian Conflict បានអះអាងថា ការវាយប្រហាររបស់ក្រុមហាម៉ាសនេះ គឺបង្កើតជាជំហានគំរូមួយដល់អ្នកដទៃទៀតដែលចង់ប្រយុទ្ធប្រឆាំងនឹងអ៉ីស្រាអែល។ លោកបានសង្កត់ធ្ងន់ថា ពួកហាម៉ាស បានចាប់ជំរិត និងសម្លាប់ប្រជាពលរដ្ឋអ៉ីស្រាអែលនៅក្នុងទម្រង់មួយដែលពួកគេមិនដែលធ្វើទាល់តែសោះពីមុនមក។ ដូច្នេះហើយ គឺច្បាស់ណាស់ថា វានឹងជាការជំរុញចិត្តដល់អ្នកដទៃនៅក្នុងតំបន់មស្ចឹមបូព៌ា ជាពិសេស និងប្រហែលជាទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់West Bank មួយចំនួនផងក៏មិនដឹង។

ក៏ប៉ុន្តែ លោក Bilal Saab អតីតមន្រ្តីមួយរូបនៃមន្ទីរបញ្ចកោណអាមេរិក និងបច្ចុប្បន្ន ជាមន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានមស្ចឹមបូព៌ា បានលើកឡើងថា លោកមិនជឿថា ក្រុមហាម៉ាសបានគិតថា ការវាយប្រហារនេះ នឹងនាំឱ្យអ៉ីស្រាអែលដកខ្លួនចេញពីតំបន់ West Bank ឬតំបន់កាន់កាប់ដទៃទៀតនោះឡើយ។ ជំនួសមកវិញ ចំណាប់ខ្មាំង ដែលក្រុមហាម៉ាសចាប់យកទៅនោះ គឺជាមធ្យោបាយចុងក្រោយដែលក្រុមនេះអាចធ្វើបាន ដើម្បីជាការតថ្លៃ ឬដោះដូរជាមួយនឹងអ៉ីស្រាអែលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីនខ្លះ ឬទាំងអស់ចេញពីពន្ធនាគារអ៉ីស្រាអែល។

ចំណែក លោក Dennis Jett ឯកអគ្គរដ្ឋទូតអាមេរិកចូលនិវត្ត និងជាសាស្ត្រាចារ្យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យរដ្ឋ Pennsylvania បានលើកឡើងអ៉ីចេះវិញថា ក្រុមហាម៉ាស បានរៀនសូត្រនូវមេរៀនដ៏សំខាន់មួយពីការចាប់ពង្រាត់កងកម្លាំងការពារជាតិអ៉ីស្រាអែលម្នាក់ឈ្មោះថា Gilad Shalit នៅក្នុងឆ្នាំ២០០៦។ ៥ឆ្នាំក្រោយមក ទាហាន Gilad Shalit ត្រូវបានដោះដូរជាមួយនឹងអ្នកទោសជនជាតិប៉ាឡេស្ទីន និងជនជាតិអារ៉ាប់កាត់អ៉ីស្រាអែលជាង១ពាន់នាក់ដែលអ៉ីស្រាអែលចាប់ឃុំខ្លួន។

  • តើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគំរាមកំហែងយ៉ាងណាក្នុងតំបន់មជ្ឈឹមបូព៌ា?

ប្រាកដណាស់ សង្រ្គាមរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស ពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមាននូវប្រទេសអារ៉ាប់ចំនួនដែលធ្លាប់មានសង្រ្គាមជាមួយអ៉ីស្រាអែលកាលពីអតីតកាល។ ដោយសារតែបញ្ហាគំរាមកំហែងដល់តំបន់មជ្ឈឹមបូព៌ានេះហើយ ទើបរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសចំនួន៦នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ដើម្បីបំពាក់បំប៉នបន្ថែមនូវចំណងការទូតនៅក្នុងតំបន់ក្នុងពេលដែលអ៉ីស្រាអែលកំពុងវាយបកយ៉ាងពេញទំហឹងនៅក្នុងតំបន់កាហ្សា។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានទៅកាន់ប្រទេសអ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ហ្សកដានី អេហ្ស៊ីប និងប្រទេសបារ៉ែន។ លោកថា នេះ គឺជាដំណើរទៅពិនិត្យមើលនៅទូទាំងតំបន់មជ្ឈឹមបូព៌ា ដើម្បីការពារការវាយប្រហាររបស់ក្រុមហាម៉ាសបង្កទៅជាសង្រ្គាមធំនៅក្នុងតំបន់។

ការភ័យខ្លាចនៃរាលដាលសង្រ្គាមចេញពីជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសទៅជាសង្រ្គាមធំនៅក្នុងតំបន់ គឺព្រោះតែរូបភាពនៃការវាយប្រហារមិនឈប់ឈរ និងយ៉ាងសាហាវរបស់អ៉ីស្រាអែលក្នុងតំបន់កាហ្សា។ អ្នកជំនាញ បានសម្តែងការបារម្ភងថា រូបភាពហិង្សា សោកនាដកម្មនៃប្រជាជនប៉ាឡេស៊ី អាចនឹងជះផ្កាភ្លើងហិង្សាឱ្យឆាបឆេះផងដែរនៅក្នុងតំបន់West Bank ពោល គឺអាចឱ្យប្រជាពលរដ្ឋប៉ាឡេស្ទីនបង្កជាអំពើហិង្សាតបតទៅកាន់អ៉ីស្រាអែល។ លើសពីនេះទៅទៀត ស្ថានភាពអាក្រក់នៃសង្រ្គាមនេះ ក៏អាចនឹងជំរុញដល់ក្រុមប្រដាប់អាវុធ Hezbollah របស់លីបង់ដែលក្រុមសកម្មប្រយុទ្ធអ៉ីស្លាមជ្រុលនិយមដូចក្រុមហាម៉ាសដែរ នៅមិនស្ងៀម ហើយអាចនឹងបើកការបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់សំដៅទៅទីក្រុងនានារបស់អីស្រាអែល ដែលជាការវាយប្រហារមុខទី២ នៃសង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល។ មុខទី១នៃសង្រ្គាម គឺការវាយប្រហាររបស់ហាម៉ាស ហើយបើកមុខទី២ អាចជាវាយប្រហាររបស់ក្រុម Hezbollah។

គួរដឹងថា ក្រុម Hezbollah នេះ គឺខ្លាំង និងមានអំណាចជាងក្រុមហាម៉ាសទៅទៀត។ ប៉ុន្តែ អ៉ីស្រាអែល បានព្រមានហើយថា បើសិនក្រុមនេះហ៊ានវាយប្រហារខ្លួន នោះអ៉ីស្រាអែល នឹងវាយលុកធំចូលក្នុងប្រទេសលីបង់មិនខានឡើយ។ ប្រសិនបើអ៉ីស្រាអែល អាចនឹងត្រូវក្រុម Hezbollah និងក្រុមហាម៉ាសដែលសុទ្ធតែគាំទ្រដោយអ៉ីរ៉ង់វាយប្រហារព្រមគ្នាៗ នោះ នឹងនាំឱ្យអ៉ីស្រាអែលវាយប្រហារតបតប្រឆាំងនឹងរដ្ឋអ៉ីស្លាម។ ការណ៍នេះ ចង់ ឬមិនចង់ សហរដ្ឋអាមេរិក នឹងលូកដៃចូល ដើម្បីជួយការពារសម្ព័ន្ធមិត្តខ្លួន គឺអ៉ីស្រាអែល។ ស្ថានបេសកកម្មរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថា ប្រសិនបើការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់កាហ្សាមិនបញ្ឈប់ទេនោះ គឺស្ថានការណ៍ អាចនឹងវិលចេញពីការគ្រប់គ្រងលែងបាន និងធ្វើឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរថែមទៀត។ សារនេះ អាចបញ្ជាក់បានថា ទោះបីអ៉ីរ៉ង់មិនបញ្ចេញសកម្មភាពដោយផ្ទាល់ តែអ៉ីរ៉ង់អាចឱ្យក្រុមដែលខ្លួនគាំទ្រដោយថវិកា និងសព្វាវុធ វាយប្រហារអ៉ីស្រាអែលបានគ្រប់ពេលបានដែរ។

ការវាយប្រហាររបស់អ៉ីស្រាអែលនេះ កំពុងធ្វើឱ្យស្ថានភាពនៃការចរចាលើផ្នែកការទូតរបស់ប្រទេសសំខាន់ៗនៅក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែចង្អៀតទៅៗ ហើយប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប កំពុងព្យាយាមបន្ថយនូវស្ថានការណ៍ដែលកំពុងកើនឡើងនេះ។ ប្រទេសអារ៉ាប៊ីសាអូឌីត ក៏មិនពេញចិត្តដែរដែលអ៉ីស្រាអែលវាយលុកឥតឈប់ឈរនៅក្នុងតំបន់កាហ្សា។ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ទ្រង់ Mohammed bin Salman បានអំពាវនាវឱ្យមានការដកចេញការឡោមព័ន្ធតំបន់កាហ្សាជាបន្ទាន់។ ព្រះអង្គម្ចាស់ បានអំពាវនាវដូច្នេះ គឺនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken។

ចំពោះបញ្ហានេះ លោក ចូ បាយដិន ប្រធានាធិបតីអាមេរិកដែលប្រកាសគាំទ្រអ៉ីស្រាអែលយ៉ាងពេញទំហឹងតាំងដំបូងទី បែរជាមកប​ន្ថយជំហរ និងនិយាយបែបផ្លូវកណ្តាលវិញ។ នៅក្នុងកម្មវិធីសម្ភាស “60 Minutes.”របស់ទូរទស្សន៍CBS លោក ចូ បាយដិន បាននិយាយថា បើអ៉ីស្រាអែលចូលទៅកាន់កាប់តំបន់កាហ្សាជាថ្មី នោះ វា គឺជាកំហុសដ៏ធំមួយ។ ទោះយ៉ាងណា លោកក៏បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស គួរត្រូវតែលុបបំបាត់ឱ្យអស់ ប៉ុន្តែ វាត្រូវតែមានច្រកតែមួយបានហើយសម្រាប់រដ្ឋប៉ាឡេស្ទីន៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ម៉ាស៊ីន​​បូម​ទឹក​របស់​កង​អង្គរក្ស​សម្តេច​តេជោ ​ចំនួន​៤​គ្រឿង​ ត្រូវ​បាន​​ដាក់​បូម​នៅ​ផ្សារ​បឹង​ព្រលឹត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​អប់រំ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម​មក​សាខា​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ​វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋវិលចូលភ្នំពេញវិញ ក្រោយសម្រាកពីបុណ្យភ្ជុំ

បច្ចេកវិទ្យា៨ ម៉ោង មុន

រដ្ឋ ព្រមានជាថ្មីដល់ក្រុមហ៊ុនប្រតិបត្តិទូរស័ព្ទចល័តដែលភ្ជាប់គម្រោងអ្នកប្រើប្រាស់ស្វ័យប្រវត្តិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស​ជាង​៥​លាននាក់​ក្នុង​១៦​ប្រទេស រង​ផល​ប៉ះពាល់​ព្រោះ​ទឹក​ជំនន់​នៅ​អាហ្វ្រិក

Sokha Hotels

ព័ត៌មានពេញនិយម