Connect with us

កូវីដ-១៩

នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់​៖ ជម្រុញ​ទីតាំង​ចាក់​វ៉ាក់សាំងឱ្យ​កៀកប្រជាពលរដ្ឋតំបន់ក្រហម

បានផុស

នៅ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ​បាន​អះអាងថា ក្រុមការងារ​​ចាក់វ៉ាក់សាំងនៅតំបន់ក្រហម របស់កងយោធពល​ខេម​រ​ភូមិន្ទ នឹងរុញ​ទីតាំង​ចាក់វ៉ាក់សាំង ទៅ​ឱ្យ​កៀក​ប្រជាពលរដ្ឋ​បំផុត ដើម្បីកុំឱ្យពួកគាត់​ធ្វើដំណើរ​ចេញ​រហេតរហូត ខុសពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសាជាសម្លេងនៅក្នុង​បណ្តាញតេឡេក្រាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ ​លើក​ឡើងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងខណ្ឌទាំង៤ នៅក្នុងរាជធានីភ្នំពេញនេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ និងភូមិផងដែរ។ ក្នុងនោះនាយឧត្តមសេនីយ៍​បានស្នើឱ្យអាជ្ញាធរផ្ដល់ទូរលេខជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាក្នុងសង្កាត់នីមួយៗ ដើម្បីធ្វើការធ្វើផែនការចាក់វ៉ាក់សាំង ហើយបានស្នើឱ្យអាជ្ញាធរជម្រាបទៅប្រជាពលរដ្ឋ ដើម្បីចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលបានកំណត់។

ទាក់​ទងនឹងបញ្ហានេះ នាយឧត្តម​សេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើសុំសហការពីក្រសួងការងារផងដែរ ដោយ​សារតែតំបន់ក្រហម ដែលត្រូវចាក់វ៉ាក់សាំងនេះ មានកម្មករប្រមាណជាង៤៥ ម៉ឺននាក់​ ដើម្បីឱ្យក្រសួងការងារចូលរួមសហការជាមួយកងយោធពលខេមរភូមិន្ទ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់  មកដល់ពេលនេះ ក្រុមការងាររបស់កងយោធពលខេមរៈភូមិន្ទ បានធ្វើមួយជំហានធំហើយ ដូចជាបញ្ហាតួលេខ បញ្ហាទីតាំង និងការអំពាវនាវ ឱ្យប្រ​ជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការី ចូលរួម​ក្នុងការចាក់វ៉ាក់សាំងនេះ ហើយ​ក៏បានចុះពិនិត្យមើលទីតាំង ដែលត្រូវរៀបចំចាក់វ៉ាក់សាំងនេះផងដែរ ដូចជាទីតាំងសម្រាប់ចាក់ កន្លែងរង់ចាំ និងកន្លែងសង្រ្គោះ ជាដើម។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ​បាន​ចេញបញ្ជា​​ឱ្យគណៈកម្មការ​ចំពោះកិច្ច ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ សម្រាប់​​ប្រ​ជា​ពលរដ្ឋ​នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយផ្តើមចេញពីតំបន់ក្រហម​ ហើយយុទ្ធនាការនេះ សម្តេចបានប្រគល់ភារកិច្ចទៅ​​កង​ទ័ពជាអ្នកធ្វើ​៕

អត្ថបទ៖ កោះកែវ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម