កូវីដ-១៩
ខេត្តកោះកុង កំពុងសម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ១៩
រដ្ឋបាលខេត្តកោះកុង បានសហការសម្របសម្រួលជាមួយគ្រូពេទ្យមន្ទីរសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដើម្បីធ្វើឱ្យយ៉ាងណាពលរដ្ឋ និងកម្មករ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ខណៈអត្រាឆ្លងកើនឡើង។
រយៈពេល៣ថ្ងៃមកហើយដែលក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ទទួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩ សម្រាប់មូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ខេត្តកោះកុង។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងថ្ងៃទី២២ មិថុនា ថាតួលេខដែលពលរដ្ឋបានចាក់វ៉ាក់សាំងក្នុងក្រុងនិងស្រុកស្រែអំបិល មានសរុបជិត ២ ម៉ឺននាក់ ដោយយុទ្ធនាការ នៅក្រុងខេមរភូមិន្ទបានបិទបញ្ចប់តាមផែនការកាលពីល្ងាចថ្ងៃទី២១ មិថុនា មិ្សលមិញ រីឯស្រុកស្រែអំបិល នៅបន្តចាក់ជូនពលរដ្ឋបន្ថែម។
លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ មិថុនានេះដែរ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ កំពុងសម្រុកចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និងបុគ្គលិកប្រមាណ ១៥.០០០នាក់ រោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ព្រមទាំងនៅក្រុមហ៊ុន កាស៊ីណូ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

លោក ទូ សាវុធ បញ្ជាក់ដែរថា តាមផែការដំណើរការចាក់វ៉ាក់សាំងដូសទី១នៅពេលនេះ ត្រូវចាក់ស្រោចឱ្យអស់ជូនកម្មករ បុគ្គលិក និយោជិត សម្រាប់ថ្ងៃនេះតែម្តង ព្រោះជាតម្រូវការចាំបាច់ កាត់ផ្ដាច់ប្រភពចម្លងថ្មីបន្តទៀត។ ដោយឡែកការចាក់ដូសទី២ អាជ្ញាធរនឹងផ្តល់ដំណឹងជាក្រោយបន្ថែម បន្ទាប់បិទដំណើរការចាក់វ៉ាក់សាំងជូនកម្មករ និយោជិតបុគ្គលរួចរាល់។
ក្រុមការងារជំនាញ នឹងបន្តចាក់ជូនពលរដ្ឋរស់នៅស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៅថ្ងៃទី២៣ មិថុនា ស្អែក។

មិនចំពោះតែទីតាំងចាក់វ៉ាក់សាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត និងក្រុមហ៊ុនកាស៊ីណូទេ រដ្ឋបាលខេត្តពាក់ព័ន្ធ បានសម្របសម្រួលរៀបចំទីតាំងចំនួន២ផ្សេងទៀត សម្រាប់ទទួលពលរដ្ឋមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ទី១នៅវត្តចាំយាម និងក្នុងបរិវេណវត្តប៉ាក់ខ្លង។
ស្របពេលដំណើរការចាក់វ៉ាក់សាំង គេសង្កេតឃើញថា ក្រុមអាជ្ញាធរ និងគ្រូពេទ្យ នៅតែបន្តដុតដៃដុតជើងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺដែលបានរកឃើញថាមានវិជ្ជមានកូវីដ ដើម្បីបញ្ចូនមកពិនិត្យ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។
សូមរំឭកថា ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានគ្រូពេទ្យ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងបុគ្គលិកវិស័យឯកជនមួយចំនួននៅក្នុងខេត្តកោះកុងមានបានចាក់វ៉ាក់សាំងរួចរាល់សរុបចំនួន១១,៧៩៩ នាក់/ស្រី៤,២៦២នាក់។
បញ្ហាប្រឈមនេះដែរ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក៏បង្ហាញផងដែរពីបច្ចុប្បន្នភាពតួលេខអ្នកកើតជំងឺកូវីឌនៅទូទាំងខេត្តកោះកុងមានសរុបប្រមាណ១.២០០នាក់ និងអ្នកជាសះស្បើយជិត១៥០នាក់។ រីឯអ្នកដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះខ្ទង់ពាន់នាក់ដែរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ស្នើសុំយ៉ាងទទូចដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង មេត្តាចូលរួមអនុវត្តវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនបំផុត តាមរយៈការពាក់ម៉ាស់ លាងដៃនឹងអាល់កុល មិនត្រូវកន្លែងមានមនុស្សច្រើន ឬបិទជិតជាដើម។ ការអនុវត្តបែបនេះ ទើបធានាសុវត្ថិភាពមិនឆ្លងជំងឺកូវីឌបន្តទៀត៕ អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


