Connect with us

កូវីដ-១៩

អ្នក​ជំងឺ​កូ​វីដ​១៩ ចំនួន​១២​នាក់ ត្រូវ​អនុ​ញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះ នៅ​សង្កាត់​បឹងទំពន់​ទី​១

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​សង្កាត់​បឹងទំពន់​ទី​១ បាន​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១២​នាក់​ទៀតហើយ នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹងទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ នៅវេលា​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ប៉ុន្តែ​អ្នក​ទាំងនោះ ពុំ​ត្រូវ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ទីតាំង​សម្រាប់​សម្រាក​ព្យាបាល​ឡើយ គឺ​ក្រុមគ្រូពេទ្យ​អនុ​ញ្ញាត​ឲ្យមា​ន​ការព្យាបាល​ដោយ​ខ្លួនឯង​នៅក្នុង​ផ្ទះ រៀងៗ​ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិជ្ជមាន​ទាំង​១២​នាក់ គឺ​រស់នៅ​ក្នុងភូមិ​ចំនួន​៣ នៃ​សង្កាត់​បឹងទំពន់​ទី​១ មាន​ភូមិ​សន្សំ​កុសល​២ , ភូមិ​ចំរើន​ផល​១ និង​ភូមិ​ចំរើន​ផល​៤ ។​

​លោក​កុយ សា​មឺ​ឌី ស្មៀន​សង្កាត់​បឹងទំពន់​ទី​១ បាន​ប្រាប់​អោយដឹងថា អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង​១២​នាក់ ដែល​ត្រូវ​ក្រុមគ្រូពេទ្យ អនុ​ញ្ញា​ត្តិ​អោយ​ព្យាបាល​ដោយ​ខ្លួនឯង​នៅក្នុង​ផ្ទះ គឺ​ក្រុមគ្រូពេទ្យ​បានធ្វើការ​ពិនិត្យ​លើ​អាការៈ​សុខភាព ឃើញថា​មាន​សុខភាព​មាំទាំ​ល្អ ហើយ​ទី​សំណាក់​របស់​ពួកគេ​គឺមាន​លក្ខ​ណៈធំ​ទូលាយ មាន​ខ្យល់​គ្រប់គ្រាន់​ចេញចូល ទើប​ក្រុមគ្រូពេទ្យ​សម្រេច​អនុ​ញ្ញាត​អោយ​សម្រាក​នៅផ្ទះ​ព្យាបាល ដោយ​គោរព​តាម​គោល​ការណែនាំ​មួយចំនួន ពិសេស​វិធាន​សុខាភិបាល ។​

​ស្មៀន​សង្កាត់​ដដែល​បន្តថា អ្នក​វិជ្ជមាន​ទាំង​១២​នាក់ ត្រូវបាន​ណែនាំ​អោយ​ដាក់ខ្លួន​អោយនៅ​ដាច់ដោយឡែក ពី​សមាជិក​ក្នុង​គ្រួសារ ហើយ​ត្រូវ​ពាក់​ម៉ាស់ បាញ់​អាល់កុល​អោយ​ទៀងទាត់ ត្រូវ​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ សម្រាក និង​ញាំ​ម្ហូបអាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ក៏ដូចជា​ញាំ​ទឹក​ឲ្យ​បាន​ច្រើន ហើយ​ពិសេស​នោះ បើ​ក្នុងករណី​អាការៈ​សុខភាព​មានការ​ធ្វើទុក្ខ​ណាមួយ​នោះ គឺ​ត្រូវ​ទំនាក់ទំនង​ទៅកាន់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ក្នុង​មូលដ្ឋាន​សង្កាត់ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​អាកា​រៈ​សុខភាព​បន្ត​ទៀត។

​លោក​បាន​បន្តថា ចំពោះ​កុមារ​តូចៗ ឬ​មនុស្ស​ចាស់ជរា​នោះ គឺ​ពុំ​ត្រូវ​អនុ​ញ្ញាត​អោយ​មានការ​សម្រាក​ព្យាបាល​នៅផ្ទះ​ឡើយ គឺ​ត្រូវ​ដឹក​យកទៅ​ព្យាបាល លើកលែងតែ​ជាម​នុស្ស​ជំទង់ មាន​សុខភាព​មាំ​ទាំង​ពេញកម្លាំង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុ​ញ្ញា​ត្តិ ។ ទន្ទឹមនឹង​ការ​អនុ​ញ្ញាតអោយ​សម្រាក​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំមាន​ការផ្តល់​ថ្នាំ​សម្រាប់​លេប​ឡើយ ដោយសារ​មិនទាន់មាន​គោលការណ៍​ក្នុងការ​ផ្តល់ជូន​សម្រាប់​លេប ។ ក្នុងនោះ​ក្រុមគ្រូពេទ្យ​បាន​ណែនាំ​អោយ អ្នក​ជំងឺ​អាច​ពឹងពាក់​បងប្អូន​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា ជួយ​ទិញ​ថ្នាំ​តាម​ឱសថស្ថាន មក​លេប​ដោយ​ខ្លួនឯង ឧទាហរណ៍​ថា បើ​មាន​អាកា​រៈ​ឈឺ​ក សូម​ទិញ​ថ្នាំ​ឈឺ​ក មាន​ឈឺក្បាល​សូម​ទិញ​ថ្នាំ​ព្យាបាល ជាដើម។

សូម​បញ្ជាក់​ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ហើយ​នោះ ក្រុម​អាជ្ញាធរ បានសម្រេច​ធ្វើការ​ឃ្លុំ​ប៉េ​ទីតាំង​ជា​បណ្តោះអាសន្ន។ ក្នុងនោះដែរ សមាជិក​ដែល​នៅក្នុង​ទីតាំង ក្រោយ​តេស្ត​សំណាក​ឃើញថា អវិជ្ជមាន​ហើយ​នោះ គឺ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក​១៤​ថ្ងៃ​ទាំងអស់គ្នា។

គួរ​បញ្ជាក់​ថា ចំពោះ​ការ​អនុ​ញ្ញាត​ឲ្យ​អ្នក​ជំងឺ​សម្រាក​ព្យា​បាល​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំមែន​ជាការ​អនុ​ញ្ញាត​អោយ​ឯកឯង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ឡើយ គឺ​ដោយមាន​ការស្នើ​សុំ​ពី​អ្នក​ជំងឺ ហើយ​បន្ទាប់ពី​មានការ​ស្នើ​សុំ​រួច ក្រុម​គ​ណៈ​ក​ម្មា​ការ មាន​គ្រូពេទ្យ និង​អាជ្ញាធរ​តំបន់ នឹង​ពិនិត្យ ធ្វើការ​វាយតម្លៃ លើ​អាកា​រៈ​អ្នក​ជំងឺ ទីតាំង​សំណាក់​ដែល​កំពុង​រស់នៅ បូករួម​ជាមួយ​ចំនួន​សមាជិក​ក្នុង​គ្រួសារ​ជាដើម មុន​ឈានដល់​ការ​អនុ​ញ្ញាត​អោយ​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ។ ហើយ​វិធាន នៃ​ការព្យាបាល និង​ការពារ គឺ​ដូច​បាន​រៀប​រ៉ាប់​នៅ​ខាងលើ ៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម