កូវីដ-១៩
វិធានការទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី “ដែលតា” ចូលសហគមន៍កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩ ប្រភេទ “ដែលតា” (Delta) ដែលបានរកឃើញនៅកម្ពុជា គឺជាការនាំចូល ដោយមិនទាន់មានការឆ្លងក្នុងសហគមន៍ទេ ដូចនេះត្រូវមានវិធានការតឹងរឹងដើម្បីគ្រប់គ្រងមិនឱ្យប្រភេទវីរុសចម្លងលឿននេះសាយភាយក្នុងសហគមន៍កម្ពុជា ដូចប្រទេសដទៃដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងបែបនេះ នៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលបានបញ្ជាទិញពីចិន ចំនួន ១លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “នេះជាអ្វីដែលជាវិធានការចាំបាច់ដែលយើងត្រូវគ្រប់គ្រងបន្តទៀត។ ដូចនេះការពាក់ម៉ាសឱ្យបានត្រឹមត្រូវ គឺមិនមែនពាក់តែលើចង្កាទេ លាងដៃឱ្យមានញឹកញាប់ ត្រូវរក្សាគម្លាតនេះសំខាន់ណាស់។ ព្រោះវីរុសគឺដូចៗគ្នា តែ “ដែលតា” មានភាគរយចម្លងលឿន”។
ទាក់ទងទៅនឹងវិធានការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ប្រភេទ “ដែលតា” ចូលកម្ពុជា ទន្ទឹមពេលប្រទេសជិតខាង កំពុងផ្ទុះរីករាលដាលខ្លាំងនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍ថា កម្ពុជាមានអនុគណៈកម្មការគ្រប់គ្រងការធ្វើចត្តាឡីស័កទប់ស្កាត់ការនាំចូលតាមព្រំដែន ហើយអនុវត្តការធ្វើតេស្តរហ័ស គឺឱ្យតែអ្នកចូលប្រទេសកម្ពុជានឹងធ្វើតេស្តរហ័ស ហើយញឹកញាប់ទៀត ៤ ទៅ ៥ថ្ងៃ ឬមួយសប្ដាហ៍ ធ្វើតេស្តម្ដង។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ទៀតថា៖ “ធ្វើតេស្តរហ័សពួកគាត់ម្ដង កំឡុងពេលធ្វើចត្តាឡីស័កតាមព្រំដែន ហើយរក្សាការតាមដានជាប្រចាំចំពោះអ្នកធ្វើដំណើរចូលមកកម្ពុជា។ នៅពេលគាត់បញ្ចប់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅព្រំដែន និងមុនពេលពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩បន្តទៀត ដើម្បីប្រាកដប្រជាថា ពួកគាត់អត់មានមេរោគដែលអាចចម្លងចូលសហគមន៍នោះទេ”។
គួរបញ្ជាក់ថា កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា «Delta» ចំនួន៧៥ករណី ដែលសុទ្ធសឹង តែជាករណីនាំចូលពីប្រទេសថៃតាមរយៈពលករខ្មែរវិលមកកម្ពុជាតាំងពីចុងខែមីនាមក។ ក្នុងនោះរកឃើញអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ និងថ្ងៃទី១៦កក្កដារកឃើញចំនួន៣៧នាក់។

ប្រឈមនឹងកំណើននៃប្រភេទវីរុសកូវីដ-១៩ទាំងនេះ ជាពិសេស “ដែលតា” ដែលពិភពលោកទាំងមូលបានចាត់ទុកថា មានការឆ្លងលឿនខ្លាំង និងកាចសាហាវបំផុតនោះ ក្រសួងសុខាភិបាលកម្ពុជាបន្តទទូចឱ្យពលរដ្ឋត្រូវតែរួមគ្នាប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់បំផុត និងដោយទទួលខុសត្រូវ។
មិនត្រឹមតែកម្ពុជាទេ វីរុសបំប្លែងខ្លួននេះ បានបង្កឲ្យមានក្តីព្រួយបារម្ភជាសកល បន្ទាប់ពីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង១០០ហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


