កូវីដ-១៩
ព្រះសង្ឃ និងអ្នកស្នាក់នៅ ១៥០វត្តទូទាំងរាជធានី រកឃើញវិជ្ជមានកូវីដ-១៩ ១៤១អង្គ/នាក់
ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តអារាមចំនួន ១៥០វត្តនៅទូទាំងរាជធានីភ្នំពេញ ក្រោយពីសម្រុកធ្វើតេស្តយកសំណាក បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤១អង្គ/នាក់ ក្នុងចំណោមអ្នកយកសំណាកចំនួន ៨៩៧៥អង្គ/នាក់។

ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ លោក ទេព គង្គា បានឱ្យអ្នកព័ត៌មានដឹងថា ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្តក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ-១៩ រួចរាល់អស់ហើយ គឺមានចំនួន ៨៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តចំនួន១៥០វត្ត។
ក្រុមការងារសុខាភិបាល បានពិនិត្យរកមេរោគកូវីដ-១៩ ឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ អាចារ្យចំនួន៩នាក់ ដូនជីតាជីចំនួន១៥នាក់ និងសិស្សនិស្សិតចំនួន២០នាក់។

លោកប្រធានមន្ទីរបានបន្តថា បើតាមតួលេខពិតប្រាកដ ព្រះសង្ឃនៅរាជធានីភ្នំពេញ មានជិត ៨ពាន់អង្គ ប៉ុន្ដែមានព្រះសង្ឃប្រមាណ ៥០០អង្គបាននិមន្តទៅក្រៅប្រទេស ដោយជាប់ការបិទ ឬធ្វើចត្តាឡីស័កនៅទីនោះ និងមានព្រះសង្ឃមួយចំនួនបាននិមន្តទៅតាមខេត្តរួចចូលព្រះវស្សានៅទីនោះតែម្ដង។ ជាក់ស្ដែងព្រះសង្ឃនៅពេលនេះ មានចំនួន ៧៦១៧អង្គ។
លោក ទេព គង្គា បានបញ្ជាក់ថា វត្តនៅរាជធានីភ្នំពេញមានចំនួន ១៥៤វត្ត តែពេលនេះវត្តដែលយកសំណាករកមេរោគកូវីដ-១៩ មានចំនួន១៥០វត្ត ចំណែក៤វត្តទៀត មានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកខ្លួនឯង។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកនៅវត្តអារាមនៅរាជធានីភ្នំពេញ និងបានរកឃើញថា ស្ទើរតែពាក់កណ្តាល នៃវត្តសរុប នៅក្នុងទីក្រុងភ្នំពេញនេះ គឺមានឆ្លងនៃជំងឺកូវីដ-១៩។ នៅក្នុងសារសម្លេងពិសេសមានរយៈពេលជិត ៣០នាទី សម្តេចតេជោ ហ៊ុន សែន បានគោរពក្រាបថ្វាយបង្គុំ ដល់សម្តេចព្រះសង្ឃរាជទាំងពីគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ក៏ដូចជាបងប្អូនជនរួមជាតិជាពុទ្ធបរិសទ្ធខ្មែរថា នេះជារឿងពិតគួរឱ្យសោកស្តាយ ដែលថ្ងៃនេះ គឺជាថ្ងៃបិណ្ឌទី ៤ ដែលបងប្អូនមិនបានប្រារព្ធនូវពិធីកាន់បិណ្ឌ ឆ្ពោះទៅរកបុណ្យភ្ជុំ ដោយសារតែរាជរដ្ឋាភិបាលបានសម្រេចផ្អាក ដើម្បីទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ-១៩។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ការចាប់ផ្តើមរបស់យើង គឺទាក់ទិនជាមួយនឹងការឆ្លងរីករាលដាល នៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ខាងក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្តាលនៃវត្ត នៅក្នុងទីក្រុងភ្នំពេញគឺមានឆ្លងនៃជំងឺកូវីដ-១៩ រួចទៅហើយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


