ព័ត៌មានអន្ដរជាតិ
ថៃ ពង្រឹងសន្តិសុខនៅភាគខាងត្បូងកាន់តែខ្លាំង ដោយរឹតបន្តឹងការចេញចូលរបស់មនុស្សមានសញ្ជាតិ២
ក្រោយមានការវាយប្រហារឥតដកដៃពីសំណាក់ក្រុមផ្តាច់ខ្លួនភាគខាងត្បូងនិងការចុះពិនិត្យរបស់រដ្ឋមន្ត្រីការពារជាតិ ពេលនេះប្រទេសថៃ រឹតតែក្តៅចិត្ត ឈានដល់ការចាត់វិធានការតឹងរ៉ឹងតាមរយៈការរឹតបន្តឹងការចេញចូលរបស់មនុស្សមានសញ្ជាតិ២នៅខេត្តភាគខាងត្បូង និងបង្កើនការឃ្លាំមើលថែមទាំងពង្រឹងសន្តិសុខកម្រិតខ្ពស់។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) បានរួមកម្លាំងជាមួយយុទ្ធភូមិភាគ៤ បង្កើនសន្តិសុខនៅតាមបណ្តាខេត្តភាគខាងត្បូងដែលកំពុងវឹកវរខ្លាំង ជាពិសេសពិនិត្យយ៉ាងហ្មត់ចត់និងដាក់កំហិតខ្លាំងបំផុតលើការចេញចូលរបស់នរណាដែលមានសញ្ជាតិពីរ។
ISOC ក៏អំពាវនាវឲ្យគ្រប់អង្គភាពសន្តិសុខក្នុងស្រុក ធ្វើប្រតិបត្តិការចារកម្មផងដែរ ដើម្បីធានាសុវត្ថិភាពជាសាធារណៈ។
ទន្ទឹមនឹងការពង្រឹងសន្តិសុខនេះ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ប្រកាសថា លោកក៏នឹងចុះទៅពិនិត្យភាគខាងត្បូងដែរនៅថ្ងៃសៅរ៍ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងប្រយុទ្ធនៅទីនោះ។

Anutin បញ្ជាក់ថា ក្នុងដំណើរនេះ លោកនឹងពិនិត្យស្ថានការណ៍និងកោះប្រជុំជាមួយកងទ័ពភាគខាងត្បូង មជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនខាងត្បូង និងអភិបាលខេត្ត ដើម្បីប្រមូលព័ត៌មានឲ្យបានច្រើនតាមតែអាចធ្វើទៅបានអំពីស្ថានភាពទីនោះ។
សូមជម្រាបជាថ្មី ការវាយប្រហាររាល់ថ្ងៃ ធ្វើឲ្យតំបន់ភាគខាងត្បូងប្រទេសថៃធ្លាក់ចូលភាពវឹកវរខ្លាំងទៅៗ ចំណែកប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាចគ្មានក្តីសុខ ព្រោះថា ត្រឹមរយៈពេល៤ថ្ងៃចុងក្រោយ កើតមានការវាយប្រហារធំៗចំនួន៤លើក នៅក្នុង៣ខេត្តផ្សេងគ្នា។
ក្នុងរយៈពេល៤ថ្ងៃមកនេះ ហេតុការណ៍ធំបំផុតគឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥ ដែលជាករណីក្រុមចោរចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat ដោយប្លន់គ្រឿងអលង្ការអស់ជាង ១លានដុល្លារអាមេរិក។

ក្រោយមក នៅរំលងអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ, ក្រុមបះបោរបានបន្តបំផ្ទុះគ្រាប់បែកដល់ខេត្ត Pattani។ ប៉ូលិសបញ្ជាក់ថា ជនបះបោរមួយក្រុមមានគ្នា៥ទៅ៦នាក់ បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ ប៉ុន្តែមិនអាចលួចយកលុយបានទេ។
ចូលដល់រាត្រីថ្ងៃអង្គារ នាវេលាម៉ោង៩:២៤នាទីយប់ ក្រុមផ្តាច់ខ្លួនបានបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់នៅមុខមជ្ឈមណ្ឌលយុវជនក្រុង Yala ក្នុងស្រុក Muang នៃខេត្ត Yala វិញម្តង ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេ។
នៅខេត្ត Yala ដដែលនេះ កាលពីរាត្រីថ្ងៃពុធ មានការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន៨គ្រាប់ទៀត ចន្លោះម៉ោង ៨យប់ដល់ម៉ោង១១យប់ យ៉ាងណាក៏គ្មានរបាយការណ៍អំពីមនុស្សស្លាប់ដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ផ្លាស់ប្តូរមេទ័ពនៅភាគខាងត្បូង ព្រោះវឹកវរខ្លាំង ខណៈ៤ថ្ងៃ ផ្ទុះការវាយប្រហារនៅ៣ខេត្តផ្សេងគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


