Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​​និង​ស៊ុយអែត​​ ​រួម​គ្នា​ផលិត​​​​​សម្ភា​រ​បម្រើ​​វិស័យការពារជាតិ​

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ថា ប្រទេស ស៊ុយអែត និងអ៊ុយក្រែន បានចុះហត្ថលេខាលើលិខិត​​​​​​​​​​​​បង្ហាញចេតនា​​ (letter of intent) លើការច្នៃប្រឌិតផ្នែក​​​​យុទ្ធ​បករណ៍​ការពារជាតិ ដែលរួមមានការបង្កើតមជ្ឈមណ្ឌលរួមគ្នានៅអ៊ុយក្រែន​ទៀត​ផង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋម​ន្ត្រី​កា​រពារជាតិ​អ៊ុយក្រែន​ លោក Denys Shmyhal និង​រដ្ឋមន្ត្រី​ការពារជាតិ​​ស៊ុយអែត លោ Pal Jonson ចុះ​ហត្ថលេខា​​លើ​​​លិខិត​​។ ​Reuters

​តាមការ​ដកស្រង់របស់​រ៉យទ័រ រដ្ឋមន្ត្រី​ការពារជាតិស៊ុយអែត លោក Jonson បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងស្តុកខុម (Stockholm) ជាមួយសមភាគីអ៊ុយក្រែនលោក Denys Shmyhal ថា «យើងនឹងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅអ៊ុយក្រែន ដែលបុគ្គលិកស៊ុយអែតនឹងធ្វើការលើការច្នៃប្រឌិតផ្នែក​ឧបករណ៍ការពារជាតិ»។

នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រី​ការពារជាតិ​​អ៊ុយក្រែន លោក Shmyhal បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យស៊ុយអែត ចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះចម្បាំងស៊ុយអែត Gripen ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក​បាន​និយាយ​ថា អ៊ុយក្រែន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​បុគ្គលិក​ទៅ​ប្រទេស​ស៊ុយអែត​ភ្លាមៗ។

ប្រទេសស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងមួយកាលពីខែតុលាជាមួយអ៊ុយក្រែន​សម្រាប់វិស័យការពារដែនអាកាស ដែលរួមបញ្ចូលទាំងលទ្ធភាពនៃការនាំចេញយន្តហោះចម្បាំងជំនាន់ទី៤​ ដែលនឹង​ក្លាយជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតរបស់ប្រទេសស៊ុយអែត​ដែល​មិនទាន់​មានការ​បញ្ជា​​​ទិញ​នៅឡើយ។

​ប្រទេសស៊ុយអែត​ជា​ប្រទេសដែល​​មាន​ការ​អភិវឌ្ឍន៍​គួរឲ្យកត់សម្គាល់​​លើ​វិស័យ​កា​រពារជាតិ ដូចជា ការ​​ផលិត​យន្តហោះ​ចម្បាំងប្រភេទ​ Gripen ​ដែល​បាន​លក់​ឲ្យ​ប្រទេសថៃ​​​ដំបូង​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​កាលឆ្នាំ​២០១១ ហើយ ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​វាយប្រហារ​​ប៉ុនប៉ង​ឈ្លានពាន​កម្ពុជា​​ចន្លោះថ្ងៃទី​២៤​ដល់ថ្ងៃទី​២៨​ខែ កក្កកដា​ឆ្នាំ​២០២៥​។

​ការ​ប្រើប្រាស់យន្តហោះ​ចម្បាំង​​ទិញ​ពីស៊ុយអែត​ ដោយ​ប្រើប្រាស់​សម្រាប់​គោលបំណង​ឈ្លានពាន​នេះ​ កំពុង​ក្លាយ​ជា​វត្ថុបំណង​នៃ​ការ​ប្តឹង​​​ពីកា​រប្រើប្រាស់​ខុស​គោលការណ៍​នៃការ​នាំ​ចេញ​របស់​ប្រទេស​ផលិត ព្រោះថា​ថៃ​ បានប្រើប្រាស់សម្រាប់​ការ​វាយប្រហារ​លើ​ប្រាសាទ​បុរាណ​ដែល​ជាសម្បត្តិ​​​បេតិកភ័ណ្ឌ​ពិភពលោក ​លើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ​វត្តអារាម លំនៅដ្ឋាន​របស់​ប្រជាជន​​ជាដើម៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម