ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ ការវាយប្រហារលើកទី២សំដៅលើនាវាសង្ស័យដឹកគ្រឿងញៀន ក្រោយមានអ្នកនៅរស់
សេតវិមាន បានការពារមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងទឹកអាមេរិកម្នាក់ ដែលបានបញ្ជាឲ្យវាយប្រហារជាលើកទីពីរលើទូកដែលត្រូវបានសង្ស័យដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីមានរបាយការណ៍ថា មានអ្នករួចជីវិតពីការវាយប្រហារដំបូង ដោយពួកគេព្យាយាមតោងទូកដែលឆេះ។

យោងតាម BBC អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់កាលពីថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥ថា ឧត្តមនាវីឯក Frank Bradley បានធ្វើសកម្មភាព«ក្នុងដែនសមត្ថកិច្ចនៃអំណាចស្របច្បាប់របស់គាត់» ដោយបន្ថែមថា រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានអនុម័តប្រតិបត្តិការនេះ ប៉ុន្តែមិនបានចេញបញ្ជា«ឲ្យសម្លាប់មនុស្សទាំងអស់» ដូចដែលកាសែត The Washington Post បានរាយការណ៍នោះទេ។
លោកស្រី Leavitt មិនបានបញ្ជាក់ថាតើមានមនុស្សពីរនាក់បានរួចជីវិតពីការផ្ទុះលើកទីមួយ ឬថាតើការវាយប្រហារលើកទីពីរនោះមានបំណងសម្លាប់ពួកគេដែរឬក៏យ៉ាងណា។ លោកស្រីបាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីប្រទេសវ៉េណេស៊ុយអេឡា ខណៈដែលអាមេរិកពង្រីកយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួននៅតំបន់ការីប៊ីន។
មនុស្សជាង៨០នាក់បានស្លាប់តាំងពីខែកញ្ញាមក នៅក្នុងការវាយប្រហាររបស់អាមេរិកទៅលើទូកដែលសង្ស័យថាជួញដូរគ្រឿងញៀននៅឯនាយសមុទ្រនៃប្រទេសវ៉េណេស៊ុយអេឡា និងកូឡុំប៊ី។ រដ្ឋបាលលោកត្រាំ បានអះអាងថា ប្រតិបត្តិការនេះគឺជាការការពារខ្លួនប្រឆាំងនឹង«ពួកភេរវករគ្រឿងញៀន» ដែលជួញដូរគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក។
ការត្រួតពិនិត្យរបស់សភាបានកើនឡើងកាលពីចុងសប្តាហ៍ ដោយគណៈកម្មាធិការទីភ្នាក់ងារយោធានៃព្រឹទ្ធសភា និងសភាតំណាងរាស្ត្របានចាប់ផ្តើមការត្រួតពិនិត្យលើភាពស្របច្បាប់នៃការវាយប្រហារទាំងនេះ។ សមាជិកសភាបានស្វែងរកសំឡេង វីដេអូ និងសក្ខីកម្មពីមន្ត្រីដែលពាក់ព័ន្ធ។ អគ្គសេនាធិការចម្រុះបាននិយាយថា ប្រធានរបស់ខ្លួនបានជូនដំណឹងដល់សមាជិកនៃគណៈកម្មាធិការទាំងពីរអំពីចេតនានៅពីក្រោយបេសកកម្មនេះ។

លោក Hegseth ដែលបានបដិសេធការបញ្ជាទ័ពឲ្យសម្លាប់អ្នករួចជីវិតទាំងអស់ បានហៅរបាយការណ៍មុនៗថាជា «ការប្រឌិត» ហើយបានលើកឡើងថា កងទ័ពកំពុងប្រតិបត្តិការក្រោមច្បាប់សង្រ្គាមប្រឆាំងនឹងក្រុមដែលត្រូវបានកំណត់ថាជាភេរវករគ្រឿងញៀន។ លោកត្រាំ ចេញមុខគាំទ្រជាសាធារណៈដល់រដ្ឋមន្ត្រីការពារជាតិរបស់លោក«១០០%»។
សភាជាតិវ៉េណេស៊ុយអេឡាបានថ្កោលទោសការវាយប្រហាររបស់អាមេរិក ហើយបានប្រាប់ថា ខ្លួននឹងស៊ើបអង្កេតការវាយប្រហារលើកទីពីរដែលត្រូវបានចោទប្រកាន់។ វ៉េណេស៊ុយអេឡា បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទបង្កើនភាពតានតឹង ដើម្បីធ្វើឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolás Maduro មានភាពវឹកវរ ហើយបានថ្កោលទោសយុទ្ធនាការដាក់សម្ពាធរបស់អាមេរិកថាជា «ការឈ្លានពានបែបអាណានិគម» និងគ្រាន់តែចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ធំរបស់វ៉េណេស៊ុយអេឡាប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


