ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងញូវយ៉ក ហៅ លោក ណេតាន់យ៉ាហ៊ូ ថាជាឧក្រិដ្ឋជនសង្គ្រាម ប្រកាសមិនស្វាគមន៍មេដឹកនាំរូបនេះ
អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani ដែលជាអ្នកគោរពសាសនាឥស្លាម បានហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជាឧក្រិដ្ឋជនសង្គ្រាមជាថ្មីម្តងទៀត ថែមទាំងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកអនុវត្តដីកាចាប់ខ្លួនមេដឹកនាំរូបនេះ ស្របតាមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើចូលទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu និងសារព័ត៌មានអន្តរជាតិផ្សេងទៀត ផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។

លោក Mamdani បានចេញសារតាមរយៈវីដេអូមួយកាលពីថ្ងៃអង្គារ លើបណ្តាញសង្គម X ថា៖ « លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គឺជាឧក្រិដ្ឋជនសង្គ្រាម ជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។
អភិបាលក្រុងញ៉ូវយករូបនេះ បានលើកឡើងថា លោក ណេតាន់យ៉ាហ៊ូ ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់មនុស្សជាង ៧៣ ០០០នាក់ ដោយបានកំណត់គោលដៅដោយចេតនាលើមន្ទីរពេទ្យ ថែមទាំងរារាំងការផ្តល់ស្បៀងអាហារ និងជំនួយមនុស្សធម៌ទៅដល់ប្រជាជនខ្វះខាតនៅក្នុងតំបន់ហ្គាហ្សាទៀតផង។
លោក Mamdani និយាយថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវលើរឿងនេះ ពីព្រោះជនជាតិអាមេរិក បង់ប្រាក់សម្រាប់គ្រាប់បែកសម្លាប់មនុស្ស។
លោកបន្ថែមថា៖ « មានហេតុផលដែលតុលាការ ICC បានចេញដីកាចាប់ខ្លួនគាត់[ណេតាន់យ៉ាហ៊ូ]។ អ្នកមានភ្នែក បេះដូង សតិសម្បជញ្ញៈ គួរតែទទួលស្គាល់ការបំផ្លិចបំផ្លាញដែលគាត់បានបង្កឡើង ហើយយល់ថាគាត់ជាកម្មសិទ្ធិរបស់តុលាការ»។
លោក Mamdani បន្តថា រដ្ឋបាលរបស់លោកមិនមានសិទ្ធិអំណាចផ្នែកច្បាប់ឯករាជ្យ ដើម្បីអនុវត្តដីកាទេ។ លោកសង្កត់ធ្ងន់ថា៖ « ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធមានអំណាច ហើយខ្ញុំសូមអំពាវនាវឱ្យពួកគេចូលរួមជាមួយ ICC និងអនុវត្តដីកានេះ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ដូចគ្នាថា លោក ណេតាន់យ៉ាហ៊ូ មិនស្វាគមន៍ឱ្យមកទីក្រុងញូវយ៉កទេ ហើយឧក្រិដ្ឋជនសង្គ្រាមផ្សេងទៀតក៏ដូចគ្នា»។
លោកបន្ថែមថា៖ « ខណៈទីក្រុងញូវយ៉កមិនអាចបញ្ចប់ការប្រល័យពូជសាសន៍ដោយខ្លួនឯងបាន តែយើងអាចសម្រេចចិត្តថា តើភាពស្ងៀមស្ងាត់របស់យើងនឹងក្លាយជាអាវុធមួយផ្សេងទៀតឬអត់។ យើងអាចពិនិត្យមើលគ្រប់ផ្លូវទាំងអស់ដែលយើងមាន ដើម្បីការពារមនុស្សជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សទាំងអស់»។
គួរបញ្ជាក់ថា តុលាការ ICC បានចេញដីកាចាប់ខ្លួន លោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតំបន់ហ្គាហ្សា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


