Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​នឹង​បន្ត​ស្វែងរកជើងហោះហើរ MH370 នៅ​ថ្ងៃ​ទី​៣០​ធ្នូ

បានផុស

នៅ

ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិការ​​ស្វែងរក​ជើងហោះហើរ​ម៉ាឡេស៊ី​អ៊ែរឡាញ MH370 នៅ​​ថ្ងៃទី​៣០ខែធ្នូ​ខាង​មុខ ​បន្ទាប់ពី​វា​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​៣​ធ្នូ​​របស់ទីភ្នាក់ងារ​ព័ត៍មានរ៉យទ័រ​ ​ជើងហោះហើរ MH370 ដែល​ជា​ប្រភេទ​យន្តហោះ Boeing 777 បាន​​ដឹក​អ្នកដំណើរ​២២៧​នាក់ និង​​បុគ្គលិក​​១២​នាក់ ហើយ​​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៨ខែ​មីនាឆ្នាំ​២០១៤ មិនយូរប៉ុន្មាន​បន្ទាប់ពី​ហោះ​ចេញពី​ទីក្រុង​គូឡាឡាំពួរ។ ទោះបីជា​មាន​ការ​ចូលរួម​​​ស្វែងរក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​​​អស់​​ពេល​ច្រើន​ឆ្នាំ​នៅ​ទូទាំង​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ក៏ដោយ ក៏​មិន​ដែល​រកឃើញ​បំណែក​យន្តហោះ​ពេញលេញ​​ឡើយ។

ក្រសួង​​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​​ឲ្យ​ដឹង​​ថា ក្រុមហ៊ុន​រុករក​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Ocean Infinity នឹង​បន្ត​ប្រតិបត្តិការ​នៅ​បាតសមុទ្រ​រយៈពេល៥៥​ថ្ងៃ​ បន្ទាប់ពី​ការ​ស្វែងរក​មុន​ត្រូវ​បាន​ផ្អាក​កាលពី​ខែ​មេសា ដោយសារ​សមុទ្រ​មាន​រលក​ខ្លាំង។

ក្រសួង​បាន​​រៀបរាប់​​ថា «ការ​ស្វែងរក​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​តំបន់​គោលដៅ​ដែល​ត្រូវ​បាន​វាយតម្លៃ​ថា​មាន​ប្រូបាប៊ីលីតេ​ខ្ពស់​បំផុត​ក្នុង​ការ​កំណត់​ទីតាំង​យន្តហោះ» ដោយ​មិនបាន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​នោះ​ទេ។

ម៉ាឡេស៊ី​នឹង​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Ocean Infinity រហូត​ដល់៧០​លាន​ដុល្លារ ​បើ«បំណែក​យន្តហោះ​សំខាន់»ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​តំបន់​ទំហំ១៥០០០គីឡូម៉ែត្រ​ការ៉េ​នៃ​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង ក្រោម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន។ ក្រុមហ៊ុន Ocean Infinity ធ្លាប់បាន​ស្វែងរក​យន្តហោះ​នេះ​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​បាន​រកឃើញ​កម្ទេចកម្ទី​ដែល​អាច​សន្និដ្ឋាន​បាន​នោះ​​ឡើយ។

ចាប់តាំងពី​ឆ្នាំ​២០១៤ បំណែក​ដែល​ត្រូវ​បាន​បញ្ជាក់ ឬ​ជឿ​ថា​មកពី MH370 ត្រូវ​បាន​រកឃើញ​នៅ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ទ្វីប​អាហ្វ្រិក និង​នៅ​លើ​កោះ​នានា​ក្នុង​មហាសមុទ្រ​ឥណ្ឌា ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​និយាយ​ថា ការ​កំណត់​ទីតាំង​បំណែក​ធំ​នៅតែ​ជា​រឿង​ចាំបាច់​ក្នុង​ការ​កំណត់​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅ​លើយន្តហោះ។

របាយការណ៍​ផ្លូវការ​ឆ្នាំ​២០១៨ បាន​​លើក​ឡើង​​ថា ការ​បញ្ជា​របស់​យន្តហោះ​ទំនងជា «ត្រូវ​បាន​គេ​បង្វែរ​ដោយ​ចេតនា» ពី​ផ្លូវ​ដែល​បាន​គ្រោងទុក ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​មិន​អាច​កំណត់​បាន​ថា ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ហើយ​បាន​បញ្ឈប់​ការ​សន្និដ្ឋាន​របស់​ពួក​គេ​តាំង​ពី​ពេល​នោះ​មក​។ ពួកគេ​មិនបាន​រកឃើញ​ភស្តុតាង​នៃ​អាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យ ឬ​បញ្ហា​ហិរញ្ញវត្ថុ ឬ​ផ្លូវចិត្ត​ពាក់ព័ន្ធ​នឹង​ប្រធាន​ក្រុម​យន្តហោះ ឬ​សហ​អ្នកបើកបរ​ឡើយ។

អ្នកដំណើរ​ជាង១៥០​នាក់​នៅ​លើយន្តហោះ​គឺជា​ជនជាតិ​ចិន។ អ្នក​ផ្សេងទៀត​មកពី​ប្រទេស​ម៉ាឡេស៊ី បារាំង អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អ៊ុយក្រែន និង​កាណាដា។ ក្រុម​គ្រួសារ​អ្នក​នៅ​លើយន្តហោះ​បាន​ស្វែងរក​តម្លាភាព​​ជាយូរ​មកហើយ ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន Malaysia Airlines, Boeing, ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន Rolls-Royce និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​រួម​ទាំង Allianz ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម