ព័ត៌មានអន្ដរជាតិ
មីន អ៊ុងឡាំង ថា យោធានឹងស្ថិតក្នុងឆាកនយោបាយ ដរាបណាក្រុមប្រដាប់អាវុធបាត់ខ្លួន
ទោះបីជាការបោះឆ្នោតនាចុងខែធ្នូ ដែលក្រុមឧត្តមសេនីយ៍សង្ឃឹមថា នឹងផ្តល់ឲ្យរបបយោធានូវភាពស្របច្បាប់ក៏ដោយ ប៉ុន្តែមេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង មានប្រសាសន៍ថា យោធាមីយ៉ាន់ម៉ានឹងបន្តដើរតួនាទីនាំមុខគេក្នុងឆាកនយោបាយ រហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) លែងមានវត្តមានទៀត។

ថ្លែងទៅកាន់មន្ត្រី ក្រុមគ្រួសារ និងសិស្សនិស្សិតនៅ Pyin Oo Lwin ដែលជាទីតាំងនៃសាលាយោធាជាន់ខ្ពស់របស់របបយោធាកាលពីថ្ងៃសៅរ៍ លោក មីន អ៊ុងឡាំង បាននិយាយថា យោធានឹងពិចារណាកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងសភារហូតដល់ថ្ងៃដែលក្រុម EAOs បាត់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេដឹកនាំរដ្ឋប្រហាររូបនេះរវល់ចូលរួមពិធីប្រគល់សញ្ញាបត្រយោធា និងជួបជាមួយមន្ត្រីរាជការ និងមន្ត្រីប៉ូលិស ដោយប្រើប្រាស់ឱកាសនេះដើម្បីជំរុញអ្នកបោះឆ្នោតឲ្យគាំទ្របេក្ខជនដែលមានទស្សនៈការពារជាតិ និងអ្នកដែលមានសម្ព័ន្ធភាពជាមួយយោធា ដែលលោកបានពិពណ៌នាថាជា «ស្ថាប័នដ៏រឹងមាំបំផុត» របស់ប្រទេស។
មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ក៏បាននិយាយឡើងវិញនូវពាក្យដដែលៗរបស់លោកថា៖ ក្រុម EAOs និងកងកម្លាំងការពារប្រជាជនគួរតែទម្លាក់អាវុធរបស់ពួកគេ ចាប់តាំងពីការតស៊ូប្រដាប់អាវុធអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយ ដោយវាមិនបានបង្កើតលទ្ធផលអ្វីជាដំកំភួនឡើយ។ យ៉ាងណាក៏ដោយ លោកក៏មិនភ្លេចសង្កត់ធ្ងន់ថា យោធានឹងមិនចាកចេញពីនយោបាយឡើយ។
ដោយឡែក វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈីន បានប្រាប់កាសែត The Irrawaddy ថា «សាររបស់លោកមីន អ៊ុងឡាំង សង្ខេបខ្លីៗទៅរឿងមួយគឺ ការរំសាយអាវុធ។ ដ្បិតថាលោកនិយាយអំពីសន្តិភាព ប៉ុន្តែវាតែងតែមានន័យថា ការប្រគល់អាវុធ ហើយប្រសិនបើយោធាកាត់បន្ថយតួនាទីរបស់ខ្លួននៅពេលដែលការតស៊ូបាត់ទៅវិញ នោះនយោបាយរបស់មីយ៉ាន់ម៉ានឹងមិនដែលមានប្រជាធិបតេយ្យឡើយ ពោលវាគ្រាន់តែជាមធ្យោបាយមួយដើម្បីពន្យាររបបផ្តាច់ការយោធាប៉ុណ្ណោះ»។
មិនតែប៉ុណ្ណោះ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងឡើងក្រោមរបបយោធាមុន បានគោរពដល់តួនាទីនាំមុខរបស់យោធាក្នុងនយោបាយជាតិ បញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារ «បុព្វហេតុជាតិសំខាន់ៗចំនួនបី» ហើយថែមទាំងផ្តល់សិទ្ធិដល់មេបញ្ជាការក្នុងការតែងតាំងសមាជិកសភាយោធា និងដណ្តើមអំណាចទៀតផង។
លោក មីន អ៊ុងឡាំង ផ្ទាល់បានលើកឡើងពីរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ក្នុងការធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចពីរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ ២០២១។ បុព្វហេតុជាតិសំខាន់ៗចំនួនបីគឺ៖ ការមិនរំលាយសហភាព, ការមិនរំលាយសាមគ្គីភាពជាតិ និងការរក្សាអធិបតេយ្យភាព៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សហភាពអឺរ៉ុប ព្រមានអាមេរិក កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងច្រើនពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


