Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! អង់គ្លេស ទទួលស្គាល់ថា ទាហានខ្លួន បាត់បង់ជីវិតនៅ អ៊ុយក្រែន

បានផុស

នៅ

ទីបំផុត ចក្រភពអង់គ្លេសប្រកាសថា ទាហានរបស់ខ្លួនម្នាក់ បានបាត់បង់ជីវិតក្នុងប្រទេសអ៊ុយក្រែន ដែលនេះគឺជាការទទួលស្គាល់លើកដំបូងអំពីវត្តមានទាហានខ្លួននៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទាហានអង់គ្លេសឈ្មោះ George Hooley (រូបថត៖ PA Wire)

តាមការផ្សាយរបស់ BBC, ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ពីការស្លាប់ទាហានឆ័ត្រយោងឈ្មោះ George Hooley អាយុ២៨ឆ្នាំ ដោយសារតែឧបទ្ទវហេតុ អំឡុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលប្រភេទថ្មី។

យ៉ាងណា បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer, ទាហានរូបនេះ មិនមែនពលីនៅសមរភូមិឡើយ ពោលគឺនៅឆ្ងាយពីជួរមុខ។

លោក Starmer ថ្លែងក្នុងសភាថា៖ «ពលទាហាន Hooley បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មមួយ ឆ្ងាយពីជួរមុខ ខណៈពេលមើលកងកម្លាំងអ៊ុយក្រែនសាកល្បងប្រព័ន្ធការពារថ្មី។ ជីវិតរបស់គាត់ពោរពេញទៅដោយភាពក្លាហាន និងការប្តេជ្ញាចិត្ត។ គាត់បានបម្រើប្រទេសរបស់យើងដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរនៅជុំវិញពិភពលោក ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ រួមទាំងជាផ្នែកមួយនៃកងកម្លាំងតូចរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ»។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer (រូបថត៖ Reuters)

ជុំវិញវត្តមានកងទ័ពអង់គ្លេសនៅអ៊ុយក្រែននេះ មិនមានប្រតិកម្មពីខាងរុស្ស៊ីឡើយ ដ្បិតទីក្រុងមូស្គូ ធ្លាប់ព្រមានម្តងហើយម្តងទៀត ថា វត្តមានកងទ័ពបរទេសនៅអ៊ុយក្រែន គឺជាការចូលដៃក្នុងសង្គ្រាមដោយផ្ទាល់ក៏ដោយ។

កាលពីឆ្នាំមុន ចក្រភពអង់គ្លេស ទទួលស្គាល់ថា «យោធាមួយចំនួនតូច» កំពុងបម្រើការងារក្នុងតួនាទីគាំទ្រនៅក្នុងប្រទេសអ៊ុយក្រែន។

ទីក្រុងឡុងដ៍បានក្លាយជា អ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ មួយរបស់ទីក្រុងកៀវ ហើយទាហានអ៊ុយក្រែនជាង ៥៦ ០០០ នាក់ ត្រូវបានបណ្តុះបណ្តាលក្រោមប្រតិបត្តិការរបស់អង់គ្លេសដែលគេស្គាល់ថាជា ប្រតិបត្តិការ Interflex៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម