Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា បន្ទន់​ជំហរ ក្រោយ​លោកត្រាំ​គំរាម​វាយ​ជា​លើក​ទីពីរ

បានផុស

នៅ

នៅ​ក្នុងបម្រែបម្រួលវោហាសាស្ត្រដ៏គួរ​ឲ្យ​កត់សម្គាល់មួយ ប្រធានាធិបតីស្ដីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានស្នើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើរបៀបវារៈ «ការអភិវឌ្ឍរួមគ្នា»។ ការបង្ហាញជំហរសម្រុះសម្រួលនេះ គឺជាការបន្ទន់ឥរិយាបថការទូតជាលើកដំបូងពីរដ្ឋធានីការ៉ាកាស ចាប់តាំងពីកងកម្លាំងពិសេសអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores ក្នុងប្រតិបត្តិការយោធាដ៏ធំកាលពីថ្ងៃសៅរ៍ និង​ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​ព្រមាន​ខ្លាំងៗ​ពី​មេដឹកនាំ​អាមេរិក​ ដូណាល់ ត្រាំ អំពី​ការ​វាយ​ប្រហារ​ជា​លើក​ទី​ពីរ បើ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​វ៉េណេស៊ុយអេឡា មិន​ព្រម​សហការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Delcy Rodriguez (រូបថត៖ Reuters)

យោង​តាម​ការ​ចុះ​ផ្សាយ​​នា​ថ្ងៃ​ចន្ទ​ទី​៥​ខែ​មករា​ឆ្នាំ​២០២៦​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាមរយៈការថ្លែងនៅលើបណ្ដាញសង្គម លោកស្រី Rodriguez ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រេងផងនោះ បានសង្កត់ធ្ងន់លើបំណងចង់មាន «ទំនាក់ទំនងប្រកបដោយការគោរព» និង «ការរស់នៅជាមួយគ្នាដោយសន្តិភាពយូរអង្វែង» ក្រោមក្របខណ្ឌច្បាប់អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើជូន​លោកត្រាំ​ដោយផ្ទាល់ លោកស្រីបានបញ្ជាក់ថា ប្រជាជនក្នុងតំបន់សមនឹងទទួលបាន «សន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមនោះទេ»។ ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រីធ្លាប់បានថ្កោលទោសការឆ្មក់ចូលរបស់អាមេរិកថា ជាការរឹបអូសយកធនធានធម្មជាតិរបស់ជាតិដោយខុសច្បាប់។

ការផ្លាស់ប្តូរជំហរនេះ កើតឡើងចំពេលដែលលោក​ម៉ាឌូរ៉ូ ត្រូវចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមសហព័ន្ធក្នុងទីក្រុងញូវយ៉ក នៅថ្ងៃចន្ទនេះ។ ក្រសួងយុត្តិធម៌​អាមេរិក បានចោទប្រកាន់មេដឹកនាំវ័យ​៦៣ឆ្នាំរូបនេះ ពីបទសមគំនិតធ្វើភេរវកម្មគ្រឿងញៀន និងការជួញដូរថ្នាំញៀន កូកាអ៊ីន ដែលជាការចោទប្រកាន់តាំងពីឆ្នាំ​២០២០។ លោកប្រធានាធិបតីត្រាំ បានចាត់ទុកការចាប់ខ្លួននេះថា ជាវិធានការអនុវត្តច្បាប់ដ៏ចាំបាច់ ខណៈដែលលោកក៏បានផ្សារភ្ជាប់សកម្មភាពនេះ ទៅនឹងសម្ពាធនៃលំហូរជនអន្តោប្រវេសន៍ និងការស្ដារឡើងវិញនូវផលប្រយោជន៍ប្រេងកាតរបស់អាមេរិកក្នុងតំបន់។

លោក​ត្រាំ និង​លោក​ម៉ាឌូរ៉ូ ដែល​ត្រូវ​អាមេរិក​ចាប់​ខ្លួន (រូបថត៖ គណនី​បណ្ដាញ​សង្គម​របស់​លោក​ត្រាំ)

កាលពីថ្ងៃអាទិត្យ លោកត្រាំ បានព្រមានថា វិធានការយោធាបន្ថែមទៀតនៅតែជាជម្រើស បើសិនជារដ្ឋាភិបាលបណ្ដោះអាសន្នមិនសហការជាមួយអាមេរិក ក្នុងការបើកចំហឧស្សាហកម្មប្រេង និងការបញ្ឈប់ការជួញដូរគ្រឿងញៀន។

នៅលើឆាកអន្តរជាតិ អន្តរាគមន៍យោធានេះបានរងការរិះគន់យ៉ាងខ្លាំង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់​អាមេរិកលើ​ទឹក​ដី​វ៉េណេស៊ុយអេឡា ដែលអគ្គលេខាធិការ លោក Antonio Guterres បានពិពណ៌នាថាជា «គំរូដ៏គ្រោះថ្នាក់»។ ទោះបីជា​អាមេរិកចាត់ទុកលោក​ម៉ាឌូរ៉ូ ជាមេដឹកនាំផ្តាច់ការខុសច្បាប់ជាយូរមកហើយក៏ដោយ ក៏មហាអំណាចពិភពលោក រួមទាំងប្រទេសចិន បានថ្កោលទោសការចាប់ខ្លួននេះថា ជាការរំលោភលើច្បាប់អន្តរជាតិ។

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាផ្ទាល់ វិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បានបណ្ដាល​ឲ្យមានការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ ហើយក្រុមអ្នកវិភាគបានព្រមានថា ការដកតំណែងលោក​ម៉ាឌូរ៉ូ អាចនឹងធ្វើ​ឲ្យ​ប្រទេសដែលមានប្រជាជន ២៨​លាននាក់នេះ កាន់តែមានអស្ថិរភាពបន្ថែមទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម