Connect with us

ព័ត៌មានអន្ដរជាតិ

លោកម៉ាឌូរ៉ូនិងភរិយាឃុំខ្លួននៅ អាមេរិក តើប្រធានាធិបតីស្ដីទី វ៉េណេស៊ុយអេឡា កំពុងធ្វើអ្វី?

បានផុស

នៅ

ខណៈពេលដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាកំពុងឃុំខ្លួននៅលើទឹកដីអាមេរិក លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គេស បច្ចុប្បន្នកំពុងធ្វើជាប្រធានាធិបតីស្តីទីក្នុងប្រទេស ដោយដឹកនាំកិច្ចប្រជុំមួយពិភាក្សាអំពីផែនការជួយសង្គ្រោះគូស្វាមីមេដឹកនាំវ៉េណេស៊ុយអេឡាឲ្យមានសេរីភាព ព្រមទាំងថ្កោលទោសម្តងហើយម្តងទៀតចំពោះសកម្មភាពយោធាអាមេរិក និងចាត់ទុកវាជាការរំលោភលើអធិបតេយ្យភាព។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឡើងកាន់តំណែង ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡារូបនេះ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់នៃសម្ព័ន្ធភាពនយោបាយដែលមានការចូលរួមពីប្រធានរដ្ឋសភា លោកចច រ៉ូឌ្រីហ្គេស (Jorge Rodriguez) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឌីអូស្ដាដូ កាបេឡូ (Diosdado Cabello) និងអភិបាលរដ្ឋ សមាជិកសភា អភិបាលក្រុង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

ទូរទស្សន៍រដ្ឋវ៉េណេស៊ុយអេឡាបានចេញផ្សាយថា មន្ត្រីទាំងអស់បានពិភាក្សាអំពីផែនការមួយដើម្បីជួយសង្គ្រោះប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងលោកស្រី Cilia Flores។ ប៉ុន្តែព័ត៌មានលម្អិតនៃផែនការមួយនេះ ក៏មិនច្បាស់លាស់នូវឡើយទេ។

ជាងនេះទៅទៀតនោះ លោកស្រី រ៉ូទ្រីហ្គេស ធ្លាប់បានថ្លែងជាសាធារណៈដោយធ្វើការទាមទារឲ្យមានការដោះលែងលោកម៉ាឌូរ៉ូ និងភរិយាពីការឃុំឃាំង ដោយហៅលោកម៉ាឌូរ៉ូ ថា ជាប្រធានាធិបតីស្របច្បាប់ក្នុងប្រទេស។ រដ្ឋាភិបាលនឹងបន្តស្វែងរកសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងធ្វើការដើម្បីឈ្នះសេរីភាពលោកម៉ាឌូរ៉ូ និងភរិយាគាត់។ លោកស្រីក៏បានអំពាវនាវឲ្យអាមេរិកបញ្ឈប់ការយាយី ដោយអះអាងថា ប្រទេសនេះនៅតែមានរដ្ឋាភិបាលរដ្ឋធម្មនុញ្ញ និង អំណាចនយោបាយកណ្តាល ដែលបង្កើតឡើងដោយផ្អែកលើអំណាចរបស់ប្រជាជន។

អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ ក្រោមការដឹកនាំរបស់លោកស្រី រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចាប់ផ្តើមដោះលែងអ្នកទោសនយោបាយមួយចំនួន រួមទាំងអ្នកជាប់ឃុំបរទេសមួយចំនួនផងដែរ ដែលមន្ត្រីពិពណ៌នាថា ជាកាយវិការឆ្ពោះទៅរកការផ្សះផ្សាជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

សូមជម្រាបជូនថា លោកម៉ាឌូរ៉ូ និងភរិយា បានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់ដោយសហរដ្ឋអាមេរិកនៅទីក្រុង Caracas កាលពីព្រឹកព្រលឹមថ្ងៃទី ៣ ខែមករា បន្ទាប់មកត្រូវនាំខ្លួនទៅកាន់ទីក្រុងញូវយ៉ក។ ប្រតិបត្តិការនេះត្រូវបានជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ក្រោមសម្ពាធអាមេរិក, វ៉េណេស៊ុយអេឡា ដោះលែងអ្នកទោសជាច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម