Connect with us

ព័ត៌មានអន្ដរជាតិ

អាវុធទំនើបបំផុតទាំង៥ប្រភេទ ដែលពិភពលោកកំពុងតាមមើល ក្នុងឆ្នាំ២០២៦

បានផុស

នៅ

បច្ចេកវិទ្យាចេះតែដើរទៅមុខ ចំណែកប្រទេសមហាអំណាចចេះតែប្រជែងគ្នាផលិតសព្វាវុធទំនើបសម្រាប់វិស័យយោធារបស់ខ្លួននិងសម្រាប់លក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជាច្រើនបានបង្អួតពីភាពអស្ចារ្យរបស់ខ្លួនក្នុងការផលិតនិងអភិវឌ្ឍន៍សព្វាវុធទំនើបៗថ្មីៗ ចំពេលដែលកម្តៅនៃស្ថានការណ៍ពិភពលោកក៏កាន់តែក្តៅ ហើយហានិភ័យផ្ទុះសង្គ្រាមលោកលើកទី៣ ក៏ចេះតែកើនឡើងផងដែរ។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូននូវអាវុធទំនើបចំនួន៥ប្រភេទដែលពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងឆ្នាំ២០២៦។

១. អាវុធឡាស៊ែរ

LOCUST Laser System (រូបភាព៖ Defense Post)

២០២៦ គឺជាឆ្នាំរបកគំហើញនៃអាវុធឡាស៊ែរ ដែលវាលែងត្រឹមតែជាការសាកល្បងទៀតហើយ។

តាមការផ្សាយរបស់គេហទំព័រ Blue Halo, អាវុធ LOCUST របស់អាមេរិក គឺជាប្រព័ន្ធឡាស៊ែរកម្លាំង ២០ ០០០ វ៉ាត់ បំពាក់លើរថយន្តយោធា Oshkosh ដែលអាចបាញ់កម្ទេចដ្រូន និងមីស៊ីលក្នុងតម្លៃត្រឹមតែប៉ុន្មានដុល្លារក្នុងមួយគ្រាប់។

ចំណែក Iron Beam របស់អ៊ីស្រាអែល គឺជាប្រព័ន្ធឡាស៊ែរខ្នាត ១០០ គីឡូវ៉ាត់ ដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីស្ទាក់ចាប់គ្រាប់រ៉ុកកែតនិងដ្រូនក្នុងតម្លៃទាបបំផុត។

២. អាវុធល្បឿនលឿនជាងសំឡេងខ្លាំង

មីស៊ីល Zircon (រូបភាព៖ Military Watch Magazine)

មហាអំណាចកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើល្បឿនដែលលើសពី ៥ ដងនៃល្បឿនសំឡេង។ ក្នុងនោះ បើយោងតាមគេហទំព័រ Missile Defense Advocacy, មីស៊ីល Zircon របស់រុស្ស៊ី ត្រូវបានបំពាក់លើយន្តហោះចម្បាំង Su-57 ដែលមានសមត្ថភាពហោះក្នុងល្បឿនដល់ទៅ Mach 9 (៩ ដងនៃល្បឿនសំឡេង) និងអាចគេចផុតពីប្រព័ន្ធការពារអាកាសទំនើបៗបំផុតបាន។

ចំណែល Dark Eagle របស់​អាមេរិក គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ អាចបាញ់បានល្បឿនលឿនបំផុត ដែលអាមេរិកកំពុងសម្រុកដាក់ពង្រាយដើម្បីប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី។

៣. នាវាផ្ទុកយន្តហោះក្នុងលម្ហអាកាសនិងយន្តហោះជំនាន់ទី៦

នាវាផ្ទុកយន្តហោះអវកាស Luan Niao (រូបភាព៖ CCTV)

គម្រោងទ្វារមេឃខាងត្បូង Nantian Gate Plan របស់ចិន កំពុងត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់។ គម្រោងនេះគឺជាការសង់ នាវាផ្ទុកយន្តហោះអវកាស Luan Niao ទម្ងន់ ១២០,០០០ តោន ដែលអាចដឹកយន្តហោះចម្បាំងគ្មានមនុស្សបើកបាន ៨៨ គ្រឿង។ ទោះបីជាបច្ចុប្បន្នវាស្ថិតក្នុងដំណាក់កាលរៀបចំ ប៉ុន្តែបច្ចេកវិទ្យាខ្លះក្នុងគម្រោងនេះកំពុងត្រូវបានអនុវត្តមែនទែន។

សព្វាវុធខ្លាំងផ្សេងទៀត មានដូចជា យន្តហោះចម្បាំងជំនាន់ទី៦របស់ចិន White Emperor ដែលអាចហោះហើរបានទាំងក្នុងបរិយាកាស និងលម្ហអាកាស និងយន្តហោះចម្បាំងអាថ៌កំបាំងជំនាន់ថ្មីរបស់អាមេរិក F-47 ដែលស្ថិតក្នុងកញ្ចប់ថវិកាយោធា ៩០០ ពាន់លានដុល្លាររបស់អាមេរិកសម្រាប់ឆ្នាំ ២០២៦។

៤. កងទ័ពដ្រូនឆ្លាតវៃ

MUM-T (រូបថត៖ JAPCC)

ដ្រូនក្នុងឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាឧបករណ៍បញ្ជាពីចម្ងាយទៀតនោះទេ ប៉ុន្តែវាប្រើ AI ក្នុងការប្រយុទ្ធជាក្រុម។ MUM-T គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យយន្តហោះចម្បាំងមានមនុស្សបើក (ដូចជា F-35) ដឹកនាំដ្រូនចម្បាំងរាប់សិបគ្រឿងឲ្យទៅវាយប្រហារគោលដៅដោយស្វ័យប្រវត្តិ។

៥. ប្រព័ន្ធ Golden Dome

Golden Dome (រូបថត៖ Reuters)

ក្នុងកញ្ចប់ថវិកាយោធាថ្មីរបស់អាមេរិក មានលេចចេញនូវឈ្មោះ «Golden Dome» ដែលជាខែលការពារដោយប្រើប្រព័ន្ធផ្កាយរណប ដើម្បីស្ទាក់ចាប់មីស៊ីលឆ្លងទ្វីបពីលើអាកាស ដែលផ្តល់សុវត្ថិភាពខ្ពស់ជាងប្រព័ន្ធការពារលើដីធម្មតា៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម