Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​អាស៊ាន​ជំរុញ​​​​ថៃនិង​កម្ពុជា​​អនុវត្ត​ពេញលេញនូវ​កិច្ច​ព្រមព្រៀង​​​សន្តិភាព​ ​ប៉ុន្តែ​​ថៃ​ប្រើ​​​​លេស​​​នយោបាយ​ផ្ទៃក្នុង​​របស់ខ្លួន​

បានផុស

នៅ

​​​​អាស៊ាន​​បាន​ជំរុញ​ជាថ្មី​ទៀត​​​​​ឲ្យ​ភាគី​​ជម្លោះ​​ថៃ​និង​កម្ពុជា​ដោះស្រាយ​បញ្ចប់​​អរិភាព​​របស់​ពួកគេ​​ដោយ​​សន្តិវិធី ដោយ​​អនុវត្ត​ស្រប​តាម​ច្បាប់​​អនុ្តរជាតិ​ ខណៈដែលភាគី​ថៃ​មិនអើពើ​ដក​​កង​ទ័ពចេញពីទឹកដី​កម្ពុជា​​ និង​អនុញ្ញាតឲ្យ​ជន​ភៀស​សឹក​ត្រឡប់​ទៅ​លំនៅឋាន​របស់ខ្លួន​វិញ​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីថ្លែងការណ៍៍​របស់​​​​​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន បាន​​ចង្អុល​បង្ហាញ​ជាថ្មី​​​ម្តង​​ទៀត​ ឲ្យ​​​​ប្រទេស​ថៃ​​និង​កម្ពុជា​ដោះស្រាយ​​បញ្ចប់ជម្លោះ​ដោយ​សន្តិវិធី និង​អនុវត្ត​​តាមខ្លឹមសារ​​នៃ​កិច្ច​ព្រមពៀង​​ដែល​ភាគី​ទាំងពីរ​ បាន​ចុះ​ហត្ថលេខា​ចុងក្រោយ​ក្នុង​កិច្ច​ប្រជុំពិសេស​នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣កាលថ្ងៃទី​​២៧ខែ​ធ្នូ​ឆ្នាំ​២០២៥។​

ដោយ​ធ្វើជាប្រធាន​ប្តូរ​វេន​អាស៊ាន ​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន ​លោកជំទាវ MA. THERESA P. LAZARO​ ​​​បាន​ថ្លែង​តាមសេចក្តីថ្លែង​ការ​ណ៍​ដែលបាន​ព្រៀងទុក ​បន្ទាប់​ពី​​ការ​បញ្ចប់កិច្ច​ប្រជុំ​​​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​​កាលថ្ងៃទី​​២៩ខែ​​មករា​​នេះ​នៅទីក្រុង​សេប៊ូ ប្រទេសហ្វីលីន ថា អាស៊ាន​ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេសលើកទី 3 (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥​។ ​​

​បន្ថែមលើ​នោះ ​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការទាំងអស់ដោយផ្អែកលើអាណត្តិរបស់ខ្លួន។ ​អាស៊ាន​​ក៏​​ស្វាគមន៍បន្ថែមទៀតចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហាននានាដែលប្រទេស​ម៉ាឡេស៊ីបានអនុវត្ត ដើម្បីធានាបាននូវការផ្លាស់ប្តូរដ៏រលូននៃតួនាទីសម្របសម្រួលទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន។

​​លោកជំទាវ MA. THERESA បាន​ថ្លែង​ថា​៖«​យើង​អំពាវនាវឱ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពរបស់ខ្លួន ដោយមានគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយហេតុនេះរួមចំណែកដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទូលំទូលាយ»​​។

​​​ជម្លោះ​​​​​​​​​នៅតាមបណ្តោយ​ព្រំដែន​​​រវាង​កម្ពុជា​​និង​ប្រទេសថៃ បាន​​បណ្តាល​​ឲ្យ​​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន ដោយ​ភាគី​ថៃ​​​ប្រើប្រាស់​​​អាវុធ​​ធន់​ធ្ងន់​​គ្រប់ប្រភេទ​​​ និង​មធ្យោបាយ​ប្រយុទ្ធ​ទំនើប ដូច​ជា​ ការ​​​​ប្រើប្រាស់យន្តហោះ​ចម្បាំង​​​ F-16 Gripen យន្តហោះ​គ្មាន​បើក ​ដោយ​​ទម្លាក់​​​គ្រាប់​ចូលជ្រៅ​ក្នុងទឹកដី​កម្ពុជា បំផ្លាញ​​ប្រាសាទ​បុរាណ​ ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង​បណ្តាល​​ឲ្យ​មានជនភៀសសឹក​​ប្រមាណ​​១លាននាក់​ក្នុងការ​ផ្ទុះ​អាវុធ​ទាំងពីរលើក។

​​​ទោះបី​​ជា​​​សហគមន៍​អន្តរជាតិ រួម​ទាំង​មហាអំណាច​សហរដ្ឋអាមេរិក និង​ចិន​ ​បាន​អំពាវនាវ​ម្តងហើយម្តងទៀតឲ្យ​ភាគី​ជម្លោះ​ដោះស្រាយ​​​បញ្ចប់​អរិភាព​​​​ដោយសន្តិវិធី ប៉ុន្តែ​បញ្ហា​ជម្លោះ​​​នយោបាយ​ផ្ទៃក្នុងរបស់​ថៃ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ថៃ​​បាន​ប្រើ​ជាលេស​មិន​​ព្រម​អនុវត្ត​ពេញលេញ​នូវ​កិច្ច​ព្រម​ព្រៀង​ដែលខ្លួន​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។

ជាក់ស្តែង​​ភាគី​កម្ពុជា​​កិច្ច​ប្រជុំ​​គណៈកម្មការ​កំណត់​ព្រំដែន​ខណ្ឌសីមា​​​ព្រំដែន​គោក​ (JBC)​នៅ​ដើមខែ​មករាឆ្នាំ​២០២៦នេះ ភ្លាមៗ​បន្ទា​ប់​​​មានបទ​ឈប់បាញ់កាលថ្ងៃទី​២៧ខែ​ធ្នូ​២០២៥ ប៉ុន្តែ​ភាគី​ថៃ​បាន​ស្នើ​ពន្យារពេល​​​​រហូត​ដល់​ភាគី​ថៃ​បោះឆ្នោត​​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច ប៉ុន្តែ​ក្រុមយោធា​ថៃ​បាន​ធ្វើសកម្មភាព​​កាន់កាប់​​ដោយខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​​ដ៏​គឃ្លើន​​​និង​សាហាវ​បំផុត​​ចាប់តាំងពីថ្ងៃទី​៧ដល់​ថ្ងៃទី​​២៧​ខែ​ធ្នូ​ឆ្នាំ​២០២៥​នោះមក៕ ​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម