Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តី​ថាម​ពល​អាមេរិក នឹង​ទៅ​វ៉េណេស៊ុយអេឡា ដើម្បី​ធ្វើ​កំណែទម្រង់​​លើវិស័យ​​ប្រេង​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ថាមពលសហរដ្ឋ​អាមេរិក​ លោក Chris Wright ​គ្រោង​​ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេសវ៉េណេស៊ុយ​អេឡា ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិ​បាល​ និង​ពិភាក្សា​ពី​អនាគត​របស់​ក្រុមហ៊ុនប្រេង​ ​គ្រប់​គ្រង​ដោយ​រដ្ឋក្នុង​ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Chris Wright ក្នុងសេតវិមាន។ Reuters

យោងតាម​ការចុះផ្សាយ Latin Times នៅថ្ងៃទី៩ ខែកុម្ភៈ, លោក Wright ​លើក​​ហេតុផល​ថា ធនធាន​​ប្រេង​​មិន​មែន​​ជា​​កត្តា​​សំខាន់​ ​​​នៅ​​ពី​ក្រោយ​​ចំណាត់​ការ​​របស់​​រដ្ឋបាល លោក ដូណាល់ ត្រាំ​​ ប្រឆាំង​​​នឹង​​មេដឹក​នាំ​​​​ត្រូវ​​គេ​​ទម្លាក់​​ពី​​តំណែង​​គឺ លោក នីកូឡាស ម៉ាឌូរ៉ូ​ នោះទេ។

នៅ​ក្នុងបទសម្ភាសន៍ជា​មួយ​កម្មវិធី​ Energy របស់​សារព័ត៌មាន​ POLITICO លោក Wright បាននិយាយថា៖ «ការដក​អតីត​មេដឹកនាំ លោក ម៉ាឌូរ៉ូ មិន​មែន​ជា​ការផ្លាស់​ប្តូរ​ ដែល​អាច​ផ្គត់ផ្គង់ប្រេង​បន្ថែម​បាន​នោះ​ទេ។ ចំណែក​ទុន​បម្រុង​ប្រេង​ឆៅរបស់​វ៉េណេស៊ុយ​អេឡាក៏​មិន​មែន​ជាការ​សម្រេច​ចិត្តរបស់​នរណា​ម្នាក់​​នោះ​ដែរ»។

លោក​បាន​ពណ៌នា​ពី​ស្ថានភាព​បច្ចុប្បន្ន​ជំនួស​ឱ្យ​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ ដោយ​បាន​ហៅ​ប្រទេសវ៉េណេស៊ុយ​អេឡា​ ក្រោម​ការ​ដឹកនាំរបស់​លោកម៉ាឌូរ៉ូថា ជា​ការគំរាមកំហែង​ដល់អ្នកជិតខាង​ទាំងអស់ ពិសេស​ដល់​អឌ្ឍគោល​លោក​ខាង​លិចផងដែរ​។

លោក បាន​បន្ត​ថា៖ « វា​​អាច​ជា​រឿង​ចៃដន្យ​មួយ ប៉ុន្តែ​​វា​ជា​រឿង​​ចៃដន្យ​​ដែល​​ផលិតផល​​សំខាន់​ និង​ធនធាន​​យក្សរបស់​វ៉េណេ​ស៊ុយ​​អេ​ឡា ​​គឺ​​ប្រេង​»។

លោក Wright បានបន្ត​ទៀត​ថា ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​នឹង​បញ្ចូល​ទាំង​​កិច្ច​ប្រជុំជាមួយមេដឹក​នាំ​បណ្តោះអាសន្ន លោកស្រី​ Delcy Rodríguez និង​មន្ត្រីផ្នែកថាមពល ផ្តោត​លើកំណែទម្រង់​ការគ្រប់គ្រង​របស់​ក្រុម​ហ៊ុន​ប្រេង​ជាតិ Petróleos de Venezuela របស់​ប្រទេស​នេះ​។

ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​មាន​គោលបំណង​ជួយ​ស្តារ​ឡើងវិញ​ នូវ​វិស័យប្រេង​របស់ប្រទេសវ៉េណេ​ស៊ុយ​អេឡា និង​អាច​រួម​ចំណែក​ដល់​តម្លៃ​ថាមពល​ទាប​។

យ៉ាងណា លោក Wright បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​មករា​ថា សហ​រដ្ឋ​អាមេរិក​នឹង​មិនផ្តល់ការធានាសុវត្ថិភាព​ ដល់​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​នេះទេ។

លោកប្រាប់​កាសែត​ Bloomberg ថា​៖ « យើង​​មិន​ចូល​រួម​ ធានា​​​ផ្នែក​​សន្តិ​សុខ​មូលដ្ឋាន​ សម្រាប់​ប្រជាជននៅ​វ៉េណេស៊ុយអេឡា​ទេ ពិសេស​ក្រុម​ហ៊ុន​ប្រេង និង​ឧស្ម័ន​មាន​ទម្លាប់​ធ្វើ​ការ​ក្នុង​បរិយាកាស​ស្មុគ​ស្មាញ»​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម