Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់ផ្អើល! លោក អូបាម៉ា ទម្លាយថា ពិតជាមាន មនុស្សភពផ្កាយ (Alien) មែន

បានផុស

នៅ

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទម្លាយថា ពិតជាមានមនុស្សភពផ្កាយ (Alien) មែន ប៉ុន្តែក្នុងជំនាន់លោកកាន់អំណាច លោកមិនដែលឃើញព័ស្តុតាងណាមួយដែលថា មនុស្សភពផ្កាយបានមកទាក់ទង ឬចុះចតលើផែនដីឡើយ។

លោក បារ៉ាក់ អូបាម៉ា (រូប៖ Reuters)

លោកអូបាម៉ា អះអាងបែបនេះក្នុងកិច្ចសម្ភាសន៍តាម Podcast ជាមួយលោក Brian Tyler Cohen កាលពីចុងសប្តាហ៍ និងត្រូវបានយកមកផ្សាយបន្តដោយសារព័ត៌មា​ន RT នៅថ្ងៃអាទិត្យទី១៥ខែកុម្ភៈ។

ក្នុងកិច្ចសម្ភាសន៍នោះ លោក Cohen បានសួរចំៗទៅអតីតប្រធានាធិបតីអាមេរិកថា៖ «តើមនុស្សភពផ្កាយពិតជាមានមែនឬទេ?» ស្រាប់តែលោក អូបាម៉ា ឆ្លើយយ៉ាងខ្លីដោយមិនសម្រាយលម្អិតថា៖ «មានមែន ប៉ុន្តែខ្ញុំមិនដែលឃើញពួកគេផ្ទាល់ភ្នែកនោះទេ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គ្មានការបង្ខាំងមនុស្សភពផ្កាយ ឬរក្សាទុកបច្ចេកវិទ្យា UFO នៅក្នុងតំបន់៥១ (Area 51) ឡើយ ហើយប្រសិនបើមានបន្ទប់សម្ងាត់ក្រោមដីមែន ច្បាស់ណាស់វានឹងត្រូវគេលាក់បាំងជិតឈឹងហើយ សូម្បីប្រធានាធិបតីអាមេរិកក៏មិនដឹងដែរ។

Alien (រូប៖ Shutterstock)

Area 51 គឺជាមូលដ្ឋានទ័ពអាកាសសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក ដែលមានទីតាំងនៅបឹង Groom ភាគខាងត្បូងរដ្ឋ Nevada។ ទីភ្នាក់ងារ CIA បានទទួលស្គាល់ជាផ្លូវការនូវអត្ថិភាពនៃទីតាំងនេះក្នុងឆ្នាំ ២០១៣ នៅពេលឯកសារសម្ងាត់ត្រូវបានលាតត្រដាងថា វាត្រូវបានគេប្រើប្រាស់តាំងពីឆ្នាំ ១៩៥៥មក ដើម្បីសាកល្បងយន្តហោះចារកម្ម U-2 និងយន្តហោះពិសោធន៍ផ្សេងៗទៀត។

ភាពសម្ងាត់នៃមូលដ្ឋានមួយនេះ ធ្វើឲ្យគេចង់ដឹងចង់ឮអំពីការស្រាវជ្រាវលើជីវិតក្រៅភព រួមទាំងទ្រឹស្តីដែលថា យានអវកាសរបស់ Alien ដែលធ្លាក់ គឺត្រូវបានរក្សាទុកនៅទីនោះ ហើយវាគឺជាទីកន្លែងសម្រាប់ជួបពិភាក្សាជាមួយមនុស្សភពផ្កាយទៀតផង។

មិនត្រឹមប៉ុណ្ណឹង មានការអះអាងថា គេធ្លាប់មើលឃើញ UFO មួយចំនួននៅក្នុងតំបន់នោះ ប៉ុន្តែ CIA បញ្ជាក់ហើយបញ្ជាក់ទៀតថា អ្វីដែលមើលឃើញនោះគឺគ្រាន់តែជាការហោះហើរសាកល្បងនៃយន្តហោះចារកម្ម U-2 តែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម