Connect with us

ព័ត៌មានអន្ដរជាតិ

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ថៃរំលោភកិច្ចព្រមព្រៀងសន្តិភាព ក្នុងបទសម្ភាសជាមួយ Fox News

បានផុស

នៅ

បន្ទាប់ពីទម្លាយការពិតគ្រប់យ៉ាងប្រាប់ទៅ Reuters រួចហើយអំពីល្បិចនិងទង្វើឈ្លានពានរបស់ថៃនោះ ឥឡូវសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បន្តផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Fox News ថែមទៀត ដើម្បីពង្រីកសំឡេងប្រាប់ទៅពិភពលោកឲ្យលឺកាន់តែច្បាស់អំពីភាពរងគ្រោះរបស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ Fox News ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ សម្តេចធិបតីប្រាប់ថា កងកម្លាំងថៃបានរុលចូលមកក្នុងទឹកដីដែលកម្ពុជាកាន់កាប់ជាយូរមកហើយ ពោលគឺលើសពីខ្សែបន្ទាត់នៃតំបន់វិវាទទៅទៀត។ មិនត្រឹមប៉ុណ្ណឹង ទាហានថៃបានបិទខ្ទប់ភូមិឋាននានា ដោយប្រើរបងលួ​សបន្លានិងទូកុងតឺន័រ ធ្វើឲ្យពលរដ្ឋកម្ពុជា ៨០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ​វាគឺផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឲ្យជនស៊ីវិលទាំងសងខាង វិលត្រឡប់ទៅផ្ទះពួកគេវិញ ហើយទាហាននៅទីតាំងណាត្រូវឈរជើងនៅទីតាំងនោះ មិនអនុញ្ញាតឲ្យចល័តចេញឡើយ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ជំហររបស់យើងគឺប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយដោយសន្តិវិធី។ យើងមិនជឿថាការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ឈប់សង្រ្គាម គឺជាមធ្យោបាយដែលមាននិរន្តរភាព ឬអាចយកមកអនុវត្តបាននោះទេ។ នេះជាមូលហេតុដែលយើងស្នើឲ្យភាគីថៃវិលត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលមានលោកប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីផងដែរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

កិច្ចសម្ភាសនេះកើតឡើងបន្ទាប់ពីសម្តេចធិបតី បញ្ចេញសំឡេងយ៉ាងខ្ទរខ្ទារពេញពិភពលោក តាមរយៈការសម្ភាសជាមួយ Reuters ដែលបកស្បែកមុខថៃ បង្ហាញពីចេតនាដ៏អាក្រក់របស់ទាហានថៃ។

​នៅ​ក្នុង​បទសម្ពាស​ផ្តាច់មុខកាលពីថ្ងៃទី១៧ខែកុម្ភៈ ​សម្តេច​​​ធិបតី លើក​ឡើង​ថា កងកម្លាំង​ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ​បើ​ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកត្រាំ និង នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ប្រធាន​អាស៊ាន​​ឆ្នាំ២០២៥ ក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

សម្តេចប្រាប់ថា៖ «យើងនៅ​តែ​ឃើញមាន​កងកម្លាំង​ថៃកាន់កាប់​ចូល​ជ្រៅក្នុងទឹកដីកម្ពុជានៅតំបន់ជាច្រើន។ ការ​កាន់​កាប់របស់​ថៃ​គឺហួសពី​ផែន​ទី​សូម្បី​​​កំណត់​ដោយ​ឯកតោភាគីរបស់ភាគី​ថៃ​​។ កងទ័ពថៃបានដាក់កុងតឺន័រ និងរាយ​លួសបន្លានៅខាងក្នុងអ្វីដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ»​។

​នៅ​ក្នុង​បទ​សម្ភាសនោះដែរ សម្តេចបានអំពាវនាវឲ្យថៃ អនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ពេលនេះកម្ពុជាកំពុងមានប្រៀបលើថៃផ្នែកការទូត ហើយក៏ជាការបកអាក្រាតទង្វើអាក្រក់របស់ថៃឲ្យពិភពលោកបានឃើញផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម