Connect with us

ព័ត៌មានជាតិ

១៦ ក្រសួង​-ស្ថាប័នជាតិ​ គ្រោង​កាត់​បន្ថយ​ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ​ដើម្បី​បង្កើន​ប្រសិទ្ធភាពការងារ

បានផុស

នៅ

ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ​ក្រោយ​ក្រសួង​ស្ថាប័ន​ចំនួន ១៦ បាន​បញ្ចប់​ការ​វិភាគ​មុខងារ​រួចរាល់ ដើម្បី​បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល​ការងារ។

ថ្លែង​ចូលរួម​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​ថ្លែង​ថា ក្នុងអាណត្តិនេះវិធានគន្លឹះមួយសំខាន់គឺ ការកំណែទម្រង់រដ្ឋបាល​សាធារណៈដោយធ្វើការវិភាគមុខងារនិងកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។

សម្តេច​បាន​បញ្ជាក់ថា តាំងពីដើមអាណត្តិមក រាជរដ្ឋាភិបាលបានកែទម្រង់ ១៦ ក្រសួង ស្ថាប័ន ហើយគ្រោងកាត់ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន នៅតាមបណ្ដាក្រសួងផ្សេងៗ និងនៅបន្តធ្វើបន្តទៀត

ទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះចាំបាច់ត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ និងមានយន្ដការច្បាស់លាស់ក្នុងការកែសម្រួល ដោយយើងមានយន្ដការវាយតម្លៃច្បាស់លាស់ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះ មានភាពសុក្រឹត្យ។

សម្តេច​បាន​បញ្ជាក់ថា មានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តនេះ គឺរដ្ឋាភិបាល​មិនកាត់ជើងតម្រូវស្បែកជើងទេ គឺកាត់ស្បែកជើងតម្រូវជើង ពោលគឺមិនយកមនុស្សជាគោលទេ គឺ​កែសម្រួលរចនាសម្ព័ន្ធ កែសម្រួលស្ថាប័ន តួនាទីភារកិច្ចផ្អែកលើលទ្ធផលជាគោល ដើម្បីយកមករៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ ទើបយើងរៀបចំដាក់មនុស្សតាមក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតីបានលើកឡើងអំពីការកែទម្រង់ស្ថាប័ន តាម​ពាក្យស្លោកសម្ដេចតេជោដែលធ្លាប់បានលើកឡើងថា “កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់” ដែលពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈ​ទេសៈ​ទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។

សម្តេច​ធិបតី​បាន​បញ្ជាក់​ថា ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែ​ទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាព នៃការប្រែប្រួលពិភពលោក បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។

ទន្ទឹមនឹងការបណ្ដុះបណ្ដាលឡើងវិញ (retrain) និងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល សម្តេច​ធិបតី​ក៏​បាន​លើកឡើងពី​ការ​ដាក់ឱ្យអនុវត្តជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ (មន្ត្រីកុងត្រាបច្ចេកទេស) ដើម្បីយកធន​ធាន​ពីក្រៅរាជរដ្ឋាភិបាល ឱ្យចូលទៅបំពេញការងារក្នុងក្រសួង-ស្ថាប័ន ក្នុងតួនាទីដែលចាំបាច់ ដើម្បី​ធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ពាក់ព័ន្ធ​សមិទ្ធផលអគារការិយាល័យកណ្តាល​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលបាន​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​​ សម្តេច​បានបញ្ជាក់​ថា នេះ​ស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះ​រាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល​សាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និងមានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។

បន្ថែមពីនេះ​សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង​​ពីការបង្កើតអង្គភាពសវនកម្មពិសេស ដែលជាកម្មវិធីសាកល្បងមួយ​ចំណុះ​ឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនទំនុកទុកចិត្តរវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ដោយប្រែក្លាយផ្នត់គំនិតអ្នកជាប់ពន្ធកុំឱ្យគិតថា “អ្នកបង់ពន្ធគឺជាអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយអ្នកប្រមូលពន្ធគឺជាអ្នកចាប់កំហុស”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម