Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ព្រោះខឹង ដែលមិនឲ្យប្រើមូលដ្ឋានទ័ព ដើម្បីវាយអ៊ីរ៉ង់

បានផុស

នៅ

ដោយបង្ហាញការមិនពេញចិត្តចំពោះអេស្ប៉ាញ ដែលអត់ព្រមឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបើកប្រតិបត្តិការវាយអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ។ នេះបើតាមការផ្សាយរបស់ BBC

(រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃអង្គារទី៣ខែមីនា ប្រធានាធិបតីអាមេរិកនិយាយថា៖ «អេស្ប៉ាញធ្វើខ្លួនអាក្រក់ណាស់! យើងនឹងកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ពាក់ព័ន្ធគ្រប់យ៉ាងជាមួយអេស្ប៉ាញ។ ខ្ញុំអាចបញ្ឈប់អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ រាល់អាជីវកម្ម ដែលទាក់ទងនឹងអេស្ប៉ាញ នៅថ្ងៃស្អែក ឬថ្ងៃនេះតែម្តងរឹតតែល្អ»។

សម្តីរបស់លោកត្រាំ ត្រូវបានគេយល់ឃើញថា ជាការជះកំហឹងកាន់តែខ្លាំងចំពោះអេស្ប៉ាញ ទាំងដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងស្រាប់ទៅហើយ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ជំទាស់ទៅនឹងលោក ត្រាំ ដែលទាមទារឲ្យសម្ព័ន្ធមិត្តណាតូ បង្កើនថ្លៃចំណាយលើវិស័យការពារជាតិ។

សូមជម្រាបថា ក្នុងប្រតិបត្តិការ Epic Fury, សហរដ្ឋអាមេរិកបានប្រើប្រាស់បណ្តាញមូលដ្ឋានទ័ព និងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងក្នុងមជ្ឈិមបូព៌ានិងតំបន់ជិតខាង ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់។

(រូប៖ Reuters)

បើនិយាយតែអឺរ៉ុប សហរដ្ឋអាមេរិកបានទទួលភ្លើងខៀវពីចក្រភពអង់គ្លេស ដោយនាយករដ្ឋមន្ត្រី Keir Starmer អនុញ្ញាតលោក ត្រាំ ប្រើប្រាស់មូលដ្ឋានទ័ព RAF Fairford និង Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា សម្រាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ដូចជា B-2 Spirit និង B-52 ដើម្បីវាយកម្ទេច «ទីក្រុងមីស៊ីល» នៅក្រោមដីរបស់អ៊ីរ៉ង់។

មួយទៀតគឺ មូលដ្ឋានទ័ពអាកាស Akrotiri របស់អង់គ្លេសនៅប្រទេសស៊ីប ក៏ត្រូវបានអាមេរិកប្រើប្រាស់ក្នុងកិច្ចការការពារ និងភស្តុភារផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម