ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ទម្លាយថា អាមេរិក សុំឲ្យអ៊ុយក្រែន ជួយចែករំលែកបទពិសោធប្រយុទ្ធជាមួយដ្រូនអ៊ីរ៉ង់
ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំឲ្យអ៊ុយក្រែនជួយចែករំលែកបទពិសោធក្នុងការប្រយុទ្ធជាមួយដ្រូនរបស់អ៊ីរ៉ង់ប្រភេទ Shahed ដែលកំពុងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។ នេះបើតាមការទម្លាយរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមីនាឆ្នាំ២០២៦។

ក្នុងសេចក្តីរាយការណ៍របស់ BBC, ជាការពិតលោកហ្សេលេនស្គី បង្ហោះថា ដៃគូរបស់អ៊ុយក្រែន រួមទាំងភាគីអាមេរិកផងដែរនោះ បានទាក់ទងមកដើម្បីស្នើសុំឲ្យទីក្រុងកៀវ ជួយបណ្តាប្រទេសឈូងសមុទ្រ ទប់ទល់និងការពារខ្លួនពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។
មូលហេតុដែលអាមេរិកសុំជំនួយបែបនេះ គឺដោយសារអ៊ុយក្រែនមានបទពិសោធន៍ជាក់ស្តែងជាង ៤ ឆ្នាំមកហើយ ក្នុងការតទល់ជាមួយដ្រូនអ៊ីរ៉ង់ដែលរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាម។ ដូចនេះអ្នកជំនាញអ៊ុយក្រែនមានទាំងបច្ចេកទេសនិងយុទ្ធសាស្ត្រច្បាស់ដូចថ្ងៃអ៊ីចឹង ក្នុងការស្ទាក់ចាប់និងបាញ់កម្ទេចដ្រូនទាំងនេះ។
ទន្ទឹមនោះ នៅពេលត្រូវបានសួរអំពីសំណើរបស់អ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ឆ្លើយដែរថា៖ «ខ្ញុំនឹងទទួលយកជំនួយ ឲ្យតែប្រទេសណាចង់ជួយ»។

មុននេះមួយថ្ងៃ លោកហ្សេលេនស្គី ក៏អះអាងរួចហើយដែរថា អ៊ុយក្រែនកំពុងបញ្ជូនក្រុមជំនាញការផ្នែកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្តល់ប្រឹក្សានិងរៀបចំផែនការ ទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់ ព្រោះដ្រូនរបស់អ៊ីរ៉ង់ គឺជាប្រភេទ «Shaheds» ដូចគ្នាទៅនឹងដ្រូនដែលរុស្ស៊ី យកមកវាយប្រហារអ៊ុយក្រែន។
តាមរយៈសារបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី៤ខែមីនា, លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ និងផ្តល់ជំនួយតាមវិធីដែលមិនធ្វើឲ្យការការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ។

លោកបន្តថា៖ «ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលគ្រប់ប្រភេទជាង៨០០គ្រាប់ និងដ្រូនវាយប្រហារជាង ១ ៤០០គ្រឿង។ គឺដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់នេះហើយ ដែលជាការគំរាមកំហែងចម្បងដល់ការធ្វើនាវាចរណ៍ដោយសេរី បណ្តាលឲ្យតម្លៃប្រេង ផលិតផលប្រេង និងហ្គាសនៅលើពិភពលោកបាត់បង់ស្ថិរភាព។
យោងតាមស្ថិតិនៃការវាយប្រហាររបស់អ៊ីរ៉ង់គិតចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់៥ មីនា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីលគ្រប់ប្រភេទជាង ៨០០គ្រាប់ក្នុងសង្គ្រាមជាមួយអាមេរិក-អ៊ីស្រាអែល។
ក្នុងនោះរួមមានមីស៊ីលបាលីស្ទីក និងមីស៊ីលគ្រូស ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់ផ្ទាល់ និងពីមូលដ្ឋានកងទ័ពស្រមោលរបស់ពួកគេ។ ដោយឡែក បើនិយាយពីដ្រូនវិញ អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូនជាង ១ ៤០០ គ្រឿង ភាគច្រើនជាប្រភេទដ្រូនអត្តឃាត Shahed-131 និង Shahed-136 ដែលត្រូវគេស្គាល់ថាជា «ដ្រូនកាមីកាសេ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


