Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អះអាងថា អ៊ីរ៉ង់ សុំចរចា តែលោកប្រាប់ទៅវិញ «ហួសពេលហើយ!»

បានផុស

នៅ

មីស៊ីលនៅតែហោះពេញមេឃមជ្ឈិមបូព៌ាចំពេលអណ្តាតភ្លើងសង្គ្រាម បន្តឆាបឆេះរោលរាលមិនទាន់ឃើញសញ្ញារលត់។ យ៉ាងណា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ បានសុំចរចាប៉ុន្តែលោកប្រាប់ទៅវិញថា ហួសពេលហើយ។

លោក ត្រាំ ពេលជួបជាមួយកីឡាករបាល់ទាត់ក្លឹប Inter Miami នៅសេតវិមាន (រូប៖ Reuters)

ក្នុងជំនួបជាមួយក្រុមកីឡាករបាល់ទាត់ក្លឹប Inter Miami ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌអាមេរិក Major League Soccer (MLS) រដូវកាលចាស់ នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមីនា លោកត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានទាក់ទងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាថា អ៊ីរ៉ង់ចង់ចរចា ប៉ុន្តែលោកព្រមានទៅវិញវា «ហួសពេលហើយ» ព្រោះការវាយប្រហារដឹកនាំដោយសហរដ្ឋអាមេរិក កាន់តែខ្លាំងក្លានិងមានឥទ្ធិពល។

លោក ត្រាំ និយាយថា៖ «ពួកគេទូរស័ព្ទមកហើយសួរថា តើយើងអាចធ្វើកិច្ចព្រមព្រៀងដោយរបៀបណាទៅ? ខ្ញុំក៏ឆ្លើយទៅវិញ! អ្នកប្រហែលត្រូវរង់ចាំយូរបន្តិចហើយ ព្រោះឥឡូវ យើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៅទៀត»។

លោក ត្រាំ ពេលជួបជាមួយកីឡាករបាល់ទាត់ក្លឹប Inter Miami នៅសេតវិមាន (រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ មុននេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបញ្ជាក់រួចហើយថា ទីក្រុងតេហេរ៉ង់មិនចង់ឈប់បាញ់ឡើយ ហើយក៏គ្មានហេតុផលអ្វីដែលត្រូវចរចានោះដែរ។

លោក Araghchi ថែមទាំងចោទប្រកាន់ចំៗទៅអាមេរិកទៀតផងថា បានប្រព្រឹត្ត «អំពើឃោរឃៅ» តាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រស្រីលង្កា ហើយព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹង «ស្តាយក្រោយបំផុត» ចំពោះការបង្កើតឲ្យមានទម្លាប់វាយប្រហារបែបនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូប៖ Reuters)

លោកសរសេរថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅនៅលើលំហសមុទ្រ ដែលមានចម្ងាយរហូតដល់ទៅ ២ ០០០ ម៉ាយល៍ ពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់។ នាវាចម្បាំង Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា និងមានផ្ទុកនាវិកជិត ១៣០ នាក់ ត្រូវរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុន។ ចាំសម្ដីខ្ញុំទុកចុះ! សហរដ្ឋអាមេរិកនឹងស្តាយក្រោយ ចំពោះរឿងដែលខ្លួនធ្វើនេះ»។

យោងតាមព័ត៌មានថ្មីបំផុតពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM), អាមេរិក បានបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង៣០គ្រឿងហើយ ហើយក្នុងរយៈពេល៧២ម៉ោងចុងក្រោយ យន្តហោះទម្លាក់គ្រាប់បែក បានកម្ទេចគោលដៅជិត ២០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម