Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ៖ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល​បាលិស្ទិក​អ៊ីរ៉ង់ ត្រូវបានកម្ទេចខ្ទេចអស់ហើយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២៦​ បានប្រកាសជាសាធារណៈថា ប្រទេសអ៊ីរ៉ង់លែងមានសមត្ថភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬផលិតមីស៊ីលបាលិស្ទិកទៀតហើយ បន្ទាប់ពីមានប្រតិបត្តិការយោធារួមគ្នារវាងអ៊ីស្រាអែល និងអាមេរិក រយៈពេល២០ថ្ងៃកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)

យោង​តាម The Telegraph នៅក្នុងសន្និសីទសារព័ត៌មាន លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា ទោះបីជា​អតីត​មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី២៨កុម្ភៈ បានបញ្ជាឲ្យ​ផ្លាស់ប្តូរទីតាំងផលិតកម្មទាំងនេះទៅក្រោមដីក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែអាចវាយកម្ទេចឧស្សាហកម្មទាំងនោះបានដោយជោគជ័យ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះអ៊ីរ៉ង់ទន់ខ្សោយជាងពេលណាៗទាំងអស់ ហើយលោកបានលើកឡើង​ថា អ៊ីស្រាអែលបានក្លាយជាមហាអំណាចក្នុងតំបន់ និងអាចឈានទៅដល់ «មហាអំណាចពិភពលោក» ទៀតផង ដោយលោកសន្យាថានឹងបន្តប្រតិបត្តិការនេះរហូតដល់ចាំបាច់។

អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍នោះ គឺលោកណេតាន់យ៉ាហ៊ូ បានថ្លែងជាភាសាអង់គ្លេសទៅកាន់សហគមន៍អន្តរជាតិ ដើម្បីច្រានចោលពាក្យចចាមអារ៉ាមជុំវិញមរណភាពរបស់លោក ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនៅរស់ទេ ហើយអ្នកទាំងអស់គ្នាគឺជាសាក្សីស្រាប់»។ លោកបានពន្យល់ថា យុទ្ធនាការយោធានេះ គឺធ្វើឡើងដើម្បីកម្ចាត់ «ការគំរាមកំហែងដល់អាយុជីវិត» ដែលបង្កឡើងដោយរបបដឹកនាំអ៊ីរ៉ង់ ដែលលោកអះអាងថាបានប្រកាសសង្រ្គាមប្រឆាំងនឹងអាមេរិក អ៊ីស្រាអែល និងសូម្បីតែប្រជាជនខ្លួនឯង។

បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថា អ៊ីស្រាអែលបានដាក់សម្ពាធ​ឲ្យ​សហរដ្ឋអាមេរិកចូលរួមក្នុងជម្លោះនេះ។ លោកបានការពារប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា លោកត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យ ដោយផ្អែកលើអ្វីដែលល្អបំផុតសម្រាប់ប្រទេសអាមេរិក និងសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម